ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្កាវើលដ៍៣នាក់ ត្រូវបញ្ចូនទៅឃុំបណ្ដោះអាសន្ន
09, Feb 2022 , 6:43 pm        
រូបភាព
លោក សេង វណ្ណារិទ្ធ  លោក សៅ សម្បត្តិ  និងលោក  ជួប ចាន់ណាត ដែលត្រូវបញ្ជូនទៅឃុំ (រូបពី លីកាដូ)
លោក សេង វណ្ណារិទ្ធ លោក សៅ សម្បត្តិ និងលោក ជួប ចាន់ណាត ដែលត្រូវបញ្ជូនទៅឃុំ (រូបពី លីកាដូ)
ភ្នំពេញ៖ បុគ្គលិកណាហ្កាវើលដ៍៣រូប ត្រូវបានចោទប្រកាន់ពីបទរារាំងការអនុវត្តវិធានសុខាភិបាលរបស់អាជ្ញាធរ និងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាធានីភ្នំពេញ (PJ) បណ្ដោះអាសន្ន។



លោក សួស វិទ្យារ៉ាន់ឌី អនុប្រធាននាលេខាធិការដ្ឋានរដ្ឋបាលតុលាការភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថា បុគ្គលិកណាហ្កាវើលដ៍ទាំង៣នាក់ ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ PJ។ លោកបញ្ជាក់ថា៖ «ពួកគេទាំង៣ ត្រូវអនុវត្តវិធានការសុខាភិបាលដាក់នៅដោយឡែករហូតដល់ចប់ទើបមានការចូលសួរបាន»។

បុគ្គលិកណាហ្កាវើលដ៍ទាំង៣នាក់នោះ រួមមាន លោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និង លោក សៅ សម្បត្តិ។ ពួកគេ ត្រូវអាជ្ញាធរចាប់ខ្លួននៅយប់ម៉ោង៧កន្លះ កាលពីថ្ងៃទី៥កុម្ភៈ។ យោងតាមដីការបស់តុលាការ ការចាប់ខ្លួនពួកគេ គឺធ្វើឡើងដើម្បីសាកសួរពីការរារាំងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ តាមមាត្រា១១ នៃច្បាប់ប្រយុទ្ធប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ចំណែក បុគ្គលិកណាហ្កាវើលដ៍ជាស្រ្តី៤នាក់ទៀត រួមមាន ខេង ចិន្តា, អ៊ុក សុភ័ក្រម៉ូលីកា, ម៉េង កាន់នីកា, និង អេង ស្រីបូ កំពុងស្ថិតក្នុងការតាមចាប់របស់សមត្ថកិច្ច។

ការរារាំងឬបង្កឧបសគ្គដល់អាជ្ញាធរអនុវត្តវិធានការដោយចេតនាក្នុងការទប់ស្កាត់កូវីដ-១៩  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានទៅ ២០លានរៀល បើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ នេះបើតាមមាត្រា១១ ដែលចែកក្នុងច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

Tag:
 វិវាទការងារ
  កម្មករ
  សិទ្ធិមនុស្ស
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com