COVID-19
ជាតិ
រដ្ឋមន្ត្រីទេសចរណ៍រំលឹកបណ្តាអភិបាលខេត្តឲ្យពង្រឹងវិធានសុវត្ថិភាពតាម KTV, ក្លិបកម្សាន្ត
10, Feb 2022 , 10:07 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញលិខិតណែនាំដល់បណ្តាអភិបាលរាជធានី-ខេត្ត បន្តចូលរួមទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាពិសេសអូមីក្រុង នៅតាមមូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ មានខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនជាដើម។



យោងតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល និងប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ លោក ថោង ខុន ណែនាំទៅដល់រដ្ឋបាលខេត្តបន្តរៀបចំយន្តការត្រួតពិនិត្យ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន រដ្ឋមន្ត្រីទេសចរណ៍ រំលឹកថា បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងគ្រប់ដូស ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ។ ការចេញចូលត្រូវមានការត្រួតពិនិត្យ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវវាស់កម្តៅ បាញ់អាល់កុល។

«ត្រូវរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនមិនឱ្យលើសចំនួនផ្ទុកជាអតិបរមានៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល»។ លោក ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះ។

ជាមួយគ្នានេះ ម្ចាស់អាជីវកម្ម ត្រូវបានតម្រូវឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity) តាមរយៈគេហទំព័រ www.camccms.org ៕



© រក្សាសិទ្ធិដោយ thmeythmey.com