កីឡាជាតិ
ជាតិ
កីឡាការិនី យី អ៊ីលីង ថាការរើសកីឡាករ-កីឡាការិនី ទៅប្រកួតស៊ីហ្គេម នៅវៀតណាម មានភាពលំអៀង តែសហព័ន្ធកីឡារាំកម្ពុជាបដិសេធ
10, Feb 2022 , 1:45 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា យី អ៊ីលីង ដែលជាអតីតកីឡាការិនីជម្រើសជាតិ ផ្នែកកីឡារាំកម្ពុជា បានសុំលាឈប់ពីសហព័ន្ធកីឡារាំកម្ពុជា ក្រោមហេតុផលមិនពេញចិត្តចំពោះការដឹកនាំរបស់សហព័ន្ធ។ បន្ថែមពីនេះ នាង លើកឡើងថា ការបញ្ជូនឈ្មោះ កីឡាករ-កីឡាការិនីរាំ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម(Sea Games) ឆ្នាំ២០២២ នៅប្រទេសវៀតណាម មានភាពអយុត្តិធម៌ចំពោះរូបនាង។ ទោះជាយ៉ាងណា អ្នកស្រី ហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា អះអាងថា សហព័ន្ធ ជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌។


ក្នុងលិខិតសុំលាឈប់ពីសហព័ន្ធកីឡារាំកម្ពុជា កញ្ញា យី អ៊ីលីង បានបញ្ជាក់ថា នាងមិនពេញចិត្ត ចំពោះការងារដឹកនាំរបស់សហព័ន្ធកីឡារាំកម្ពុជា និងការសម្រេចផ្លាស់ប្ដូរនាង ចេញពីកីឡាការិនីជម្រើសជាតិ ព្រមទាំងការធ្វើព្រងើយកន្ដើយរបស់សហព័ន្ធ ចំពោះការតវ៉ារបស់អាណាព្យាបាលរបស់នាង ស្ដីពីការបញ្ជូនឈ្មោះកីឡាករ-កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅប្រទេសវៀតណាម យ៉ាងអយុត្តិធម៌។ 
 
កញ្ញា យី អ៊ីលីង ដែលមានអាយុ១៧ឆ្នាំ បានប្រាប់សារព័ត៌មានថ្មីៗថា ដំបូងឡើយនាងខ្លួនឯង ជាអ្នកមិនពេញចិត្តចំពោះការជ្រើសរើសកីឡាករ-កីឡាការិនី ទៅប្រកួតស៊ីហ្គេមឆ្នាំ២០២២នៅប្រទេសវៀតណាម ហើយនាងបានតវ៉ារឿងនោះ ព្រោះមិនមានឈ្មោះរបស់នាងទៅប្រកួត។ អ៊ីលីង ដែលចាប់យកកីឡារាំផ្នែក Standard Dance ជាឯកទេសនោះ អះអាងថា នាងតវ៉ាដោយសារតែនាងជឿជាក់លើសមត្ថភាពរបស់ខ្លួន ព្រោះនាងបានប្រឹងប្រែងប្រកួតយកពានថ្នាក់ជាតិលេខ១ ផ្នែក Standard dance បានហើយ។


កញ្ញា យី អ៊ីលីង អតីតកីឡាការិនី​ជម្រើសជាតិ​ (រូបផ្ដល់ឱ្យ)

«ពីដើមការប្រកួតថ្នាក់ជាតិបែងចែកជា២ Standard និង Latin។ ខ្ញុំប្រកួតជាប់លេខ១ ផ្នែក Standard បានមេដាយមាស។ ខ្ញុំជាប់ទាំងឯកទត្តជន និងទាំងជាគូ។ គេត្រូវយកអ្នកលេខ១និងលេខ២ ទៅប្រកួតស៊ីហ្គេម ប៉ុន្តែគេមិនយកខ្ញុំ។ គេបែរជាយកគូផ្នែក Latin dance ដែលជាប់លេខ៣ ទៅប្រកួតជំនួសខ្ញុំទៅវិញ។ បើខ្ញុំអសមត្ថភាព ខ្ញុំមិនតវ៉ាទេ ប៉ុន្តែនេះគេយកអ្នកជំនាញរាំផ្សេង ទៅជំនួសជំនាញរាំរបស់ខ្ញុំ ហើយទាំងដែលគេជាប់លេខ៣»។ នេះជាការតវ៉ារបស់កញ្ញា យី អ៊ីលីង។
 
លោក ស៊ូវ តុង ជានាយកបច្ចេកទេសគណៈកម្មការបច្ចេកទេស នៃសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតនៅក្នុងប្រទេស មិនដូចគ្នានឹងការប្រកួតនៅក្រៅប្រទេសឡើយ។ ហើយចំពោះការជ្រើសរើសកីឡាករ-កីឡាការិនី ឱ្យទៅប្រកួតនៅក្រៅប្រទេស សហព័ន្ធបានពិភាក្សាក្រុមបច្ចេកទេសយ៉ាងហ្មត់ចត់ ដើម្បីរកអ្នកដែលមានសមត្ថភាពខ្ពស់។
 
លោក ស៊ីវ តុង បន្ថែមទៀតថា កន្លងទៅកញ្ញា យី អ៊ីលីង ចេញទៅប្រកួតនៅក្រៅប្រទេស បានតែមេដាយឯកទត្តជនប៉ុណ្ណោះ ដោយមេដាយជាគូនាងពុំធ្លាប់ឈ្នះឡើយ។ ម្យ៉ាងវិញទៀត ដៃគូរាំប្រុសរបស់ អ៊ីលីង ទើបតែចូលហាត់បានប៉ុន្មានខែ ក៏ផ្ទុះជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការហាត់តាមអនឡាញ។ លោក តុង ថា ការហាត់នោះមិនបានផលអ្វីឡើយ ហើយលោកថា មួយរយៈនេះកញ្ញា អ៊ីលីង ក៏មានបញ្ហាជើងផងដែរ។


លោក ស៊ូវ តុង ប្រធានគណៈកម្មការបច្ចេកទេស នៃសហព័ន្ធកីឡារាំកម្ពុជា (រូបផ្ដល់ឱ្យ)

«យើងវិភាគមើលចំណុចខ្សោយ ត្រង់ណាដែលត្រូវដកចេញ របស់គូនីមួយៗ ទើបសម្រេចចុងក្រោយ។ យើងគិតទាំងអស់តាំងពីសុខភាពរបស់គាត់។ ដៃគូគាត់ខ្សោយកម្លាំង អ៊ីលីង ក៏ឈឺជើង។ យើងមិនចង់យកគូខ្សោយទៅ ដែលមិនបានមេដាយទេ។ ដៃគូគាត់ថ្មី មិនមានបទពិសោធទៅប្រកួតក្រៅប្រទេស ដូច្នេះទើបយើងពន្យារ ឱ្យគាត់ហាត់មួយរយៈទៀត។ ដៃគូគាត់សុខភាពទ្រាំទ្រមិនបាន ហើយសុំលាឈប់ទៀត បើឱ្យគាត់ទៅក៏មិនបានដែរ។ ដូច្នេះយើងយកអ្នកធ្លាប់មានបទពិសោធ និងធ្លាប់បានមេដាយច្រើន។ ហើយការជ្រើសរើសទៅស៊ីហ្គេម មិនផ្ដោតតែលើការប្រកួតថ្នាក់ជាតិទេ គេត្រូវពិនិត្យច្រើនទៀត»។ នេះជាការបកស្រាយរបស់លោក ស៊ីវ តុង។
 
ឆ្លើយតបបញ្ហាខាងលើ កញ្ញា យី អ៊ីលីង បានទទួលស្គាល់ថា មុនពេលប្រកួតថ្នាក់ជាតិឆ្នាំ២០២១ នាងពិតជាឈឺជើងមែន ប៉ុន្តែនាងនៅតែអាចទៅប្រកួត ហើយដណ្ដើមបានមេដាយមាសថ្នាក់ជាតិ។ កីឡាការិនីរូបនេះ ថានាងបានដួលមុនពេលប្រកួត២ខែ។ នាងបានទៅមន្ទីរពេទ្យ ប៉ុន្តែពេទ្យថាមិនប៉ះពាល់ឆ្អឹងឡើយ។ ក្រោយប្រកួត នាងក៏ទៅពិនិត្យម្ដងទៀត ហើយពេទ្យក៏នៅតែរកមិនឃើញអ្វី។ ដោយសារជើងនៅតែឈឺ នាងបានទៅជួបពេទ្យសរសៃទៀត។ អ៊ីលីង ថាក្រោយលេបថ្នាំ ជើងរបស់នាងឈប់ឈឺ ហើយជាសះស្បើយតែម្ដង។ 
 
កញ្ញា យី អ៊ីលីង បន្ថែម៖«គេថាខ្ញុំមិនអាចទៅ SEA Game ព្រោះជើងខ្ញុំឈឺ ខ្លាចខ្ញុំហាត់មិនកើត។ ប៉ុន្តែគេមិនបានសួរខ្ញុំសូម្បីមួយម៉ាត់ ថាខ្ញុំអាចហាត់កើតឬអត់។ សំបុត្រពេទ្យ ក៏គេមិនសុំមើល។ ដៃគូរបស់ខ្ញុំឈឺ តើសហព័ន្ធមានទុកឱកាសឱ្យគាត់ទេ? គេថាដៃគូរបស់ខ្ញុំ ទើបចូលរាំ អត់មានបទពិសោធចេញទៅប្រកួតនៅក្រៅប្រទេស។ ប៉ុន្តែខ្ញុំគិតថា វាមិនសំខាន់ទេ តែអ្វីដែលសំខាន់ ពួកយើងទទួលបានមេដាយមាស។ ដូច្នេះ១០០ភាគរយ ត្រូវមានសិទ្ធិចេញទៅប្រកួត នេះគឺជាច្បាប់នៃការប្រកួត។ ខ្ញុំប្រឹងទាំងឈឺជើង ហើយពេលនោះប្រសិនបើខ្ញុំប្រឹងខ្លាំង ខ្ញុំអាចនឹងខូចជើង ប៉ុន្តែខ្ញុំនៅតែស៊ូ ព្រោះខ្ញុំចង់បានមេដាយមាសថ្នាក់ជាតិ ដើម្បីបានទៅប្រកួត SEA Game ព្រោះនេះជាគោលបំណងរបស់ខ្ញុំ។ ប្រសិនបើការប្រកួតថ្នាក់ជាតិ គ្រាន់តែជាផ្នែកតូចមួយ តើការប្រកួតមានន័យអ្វី?»។
 
អតីតកីឡាការិនីរាំជម្រើសជាតិរូបនេះ ត្អូញត្អែរបន្តទៀតថា តាំងពីនាងឈឺជើងរហូតដល់នាងជាសះស្បើយវិញ ខាងសហព័ន្ធពុំដែលទៅសួរនាំពីអាការ ឬក៏សួរសុខទុក្ខនាងឡើយ។ នៅពេលដែលមានការបញ្ជូនឈ្មោះទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ដែល កញ្ញា អ៊ីលីង ថាមានភាពអយុត្តិធម៌ ហើយនាងមិនសុខចិត្ត នាងបានស្នើសុំឪពុកម្ដាយនាង តវ៉ាដល់ថ្នាក់លើ និងទៅសហព័ន្ធ ប៉ុន្តែនៅតែមិនមានការផ្លាស់ប្ដូរ។
 
អ្នកស្រី ហង្ស ស៊ីមន ជាអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ថា ករណីកញ្ញា យី អ៊ីលីង ស្នើម្ដាយឪពុក ឱ្យជួយតវ៉ាក្នុងកិច្ចការបច្ចេកទេសរបស់សហព័ន្ធ គឺខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ។
 
សូមបញ្ជាក់ថា ប្រការ១៧ នៃបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡារាំកម្ពុជា បានចែងថា មាតាបិតា អាណាព្យាបាល ឬសាច់ញាតិ មិនមានសិទ្ធិលូកលាន់ ឬតវ៉ានៅក្នុងកិច្ចការរដ្ឋបាល បច្ចេកទេស និងការគ្រប់គ្រងរបស់សហព័ន្ធឡើយ។


អ្នកស្រី ហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា (រូបផ្ដល់ឱ្យ)

អ្នកស្រី ស៊ីមន ថាក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា ត្រូវអនុវត្តទៅតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុង។ អ្នកស្រីបន្ថែមថា ការសម្រេចបញ្ឈប់កញ្ញា យី អ៊ីលីង ពីក្រុមជម្រើសជាតិ គឺផ្អែកលើកិច្ចប្រជុំរបស់សហព័ន្ធ និងផ្អែកលើកំហុសរបស់ កញ្ញា អ៊ីលីង ដែលបានធ្វើ៤ដងរួចមកហើយ។
 
បើតាមឯកសារដែល អ្នកស្រី ហង្ស ស៊ីមន បានផ្ដល់ឱ្យ ThmeyThmey កំហុសទាំង៤លើករបស់កញ្ញា យី អ៊ីលីង រួមមាន លើកទី១ កាលពីឆ្នាំ២០១៨ កញ្ញា អ៊ីលីង បានបង្ហោះនៅលើបណ្ដាញសង្គម ដែលទាក់ទងនឹងសហព័ន្ធ ព្រមទាំងការឈ្លោះប្រកែក ប្រើពាក្យសម្ដីមិនសមរម្យ។ កំហុសទី២ គឺការបង្ហោះនៅលើបណ្ដាញសង្គម ដែលប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះខ្លួនឯង និងសហព័ន្ធ។ 
 
កំហុសទី៣  អាណាព្យាបាលរបស់កញ្ញា អ៊ីលីង បានលូកដៃចូលក្នុងកិច្ចការបច្ចេកទេសរបស់សហព័ន្ធដោយតវ៉ា មិនសុខចិត្តពីការជ្រើសរើសកីឡាការិនី ទៅចូលរួមប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ កំហុសទី៤ គឺអាណាព្យាបាលរបស់កញ្ញា អ៊ីលីង នៅតែលូកដៃចូលក្នុងកិច្ចការសហព័ន្ធ ដោយតវ៉ាពីការជ្រើសរើសកីឡាការិនី ទៅចូលរួមប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម។
 
«យើងមានគណៈកម្មការបច្ចេកទេស និងក្រុមប្រឹក្សាពិន័យរបស់សហព័ន្ធ ដូច្នេះការធ្វើអ្វីៗ មិនអត្តនោម័តតែម្នាក់ឡើយ។ យើងសម្រេចដោយសមូហភាព និងអង្គប្រជុំទាំងមូល។ ក្នុងការវាយតម្លៃ គឺមើលទៅលើចំណុចខ្លាំង ចំណុចខ្សោយរបស់កីឡាករគូ កាហ្វិកហាត់រាល់ថ្ងៃ ពីសុខភាព និងកម្លាំងរបស់ដៃគូ។ សម្រាប់ខ្ញុំដែលជាអគ្គលេខា បានត្រឹមតែមើលពីលើ ថាតើការជ្រើសរើសនោះ មានតម្លាភាព និងយុត្តិធម៌ឬអត់។ ហើយខ្ញុំក៏មិនមានសិទ្ធិលូកដៃចូលក្នុងកិច្ចការបច្ចេកទេសដែរ»។ នេះជាការបំភ្លឺរបស់ អ្នកស្រី ហង្ស ស៊ីមន។
 
លោក យី ឆេងអ៊ួ ដែលត្រូវជាឪពុករបស់កញ្ញា យី អ៊ីលីង បានប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលធ្វើឱ្យលោកមិនពេញចិត្តនោះគឺ កូនរបស់លោកបានប្រកួតជាប់ថ្នាក់ជាតិ ប៉ុន្តែបែរជាមិនឱ្យទៅប្រកួតនៅក្រៅប្រទេស។ អ្វីដែលធ្វើឱ្យលោកហួសចិត្តទៀតនោះ គឺគណៈកម្មការបែរទៅជ្រើសរើសកីឡាការិនី ដែលមានជំនាញរាំផ្សេងឱ្យទៅប្រកួតវិញ។ លោក ឆេង អ៊ួ បន្ថែមថា ដោយសារកូនរបស់លោក ស្ថិតក្នុងវ័យ១៧ឆ្នាំ ដែលត្រូវការការពារពីឪពុកម្ដាយ ដូច្នេះលោកមានសិទ្ធិស្វែងរកយុត្តិធម៌ឱ្យកូន។ 
 
លោក ឆេង អ៊ួ ពន្យល់៖«អ្នកជាប់លេខ១ ផ្នែក Standard Dance មិនឱ្យទៅ បែរជាយកអ្នកជាប់លេខ៣ ជំនាញ Latin Dane ឱ្យទៅប្រកួតផ្នែក Standard Dance ទៅវិញ។ ហើយកីឡាការិនីនោះ ជាកូនស្រីរបស់អគ្គលេខាធិការសហព័ន្ធទៀត។ តើនេះហៅថាជាបក្សពួក ឬជាអំពើពុករលួយ? ពេលសួរនាំច្រើន គេថាកូនខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់។ គេថាដៃគូគាត់មិនធ្លាប់មានបទពិសោធ»។ 


លោក យី ឆេងអ៊ួ និងកញ្ញា យី អ៊ីលីង ជាកូនស្រី (រូបផ្ដល់ឱ្យ)

ក្នុងច្បាប់កីឡា ទាល់តែបុគ្គលផ្ទាល់ខ្លួនធ្វើខុស ទើបគេដក។ តែកូនខ្ញុំគោរពវិន័យគ្រប់គ្រាន់។ គេថាកូនខ្ញុំមិនខុសទេ តែមកពីម៉ែឪលូកលាន់។ ស្ថានភាពមិនមានយុត្តិធម៌ តើម្ដាយឪពុកណាអាចនៅស្ងៀម? គេដាក់គំនាបច្រើនលើកូនខ្ញុំ តែគាត់មិនចុះចាញ់ ប៉ុន្តែពេលនេះគាត់ដើរចេញ។ ខ្ញុំគ្រាន់តែចង់ថ្លែងទុកទេ ព្រោះកូនខ្ញុំបានដើរចេញហើយ»។ 
 
អតីតជម្រើសជាតិកីឡារាំកម្ពុជា យី អ៊ីលីង ថានាងអស់ជំនឿចិត្តចំពោះសហព័ន្ធកីឡារាំកម្ពុជា ព្រោះសហព័ន្ធធ្លាប់បាននិយាយថានឹងដោះស្រាយបញ្ហារបស់នាង ប៉ុន្តែនៅទីបំផុតសហព័ន្ធបែរជាដកនាងចេញពីជម្រើសជាតិទៅវិញ។ 
 
«បើរាល់ថ្ងៃខ្ញុំមិនខំហាត់ តើខ្ញុំមានសមត្ថភាពប្រកួតឈ្នះ មេដាយមាសដោយរបៀបណាទៅ? ខ្ញុំមិនបកក្រោយទេ ព្រោះខ្ញុំអស់ជំនឿនឹងសហព័ន្ធ។ ខ្ញុំទ្រាំ៧ឆ្នាំហើយ ដូច្នេះប្រសិនបើខ្ញុំត្រឡប់ទៅវិញ ដូចជីករណ្ដៅឱ្យខ្លួនឯងអ៊ីចឹង។ សហព័ន្ធបានធ្វើរឿងអយុត្តិធម៌ ថែមទាំងដាក់សម្ភាធឱ្យខ្ញុំច្រើន។ គ្រាន់តែការតវ៉ារកយុត្តិធម៌ឱ្យខ្លួនឯងប៉ុណ្ណឹង វាខុសឆ្គងខ្លាំងមែន? គេយកលេសនេះ ដើម្បីទម្លាក់ខ្ញុំចេញពីជម្រើសជាតិ។ ការខិតខំប្រឹងប្រែងរបស់ខ្ញុំកន្លងមក គឺគ្មានតម្លៃសម្រាប់គាត់តែម្ដង។ ខ្ញុំគិតថាប្រសិនបើខ្ញុំទ្រាំតទៅទៀត ខ្ញុំមិនដឹងថា តើដល់ពេលណា ទើបខ្ញុំទទួលបានយុត្តិធម៌ទេ។ ខ្ញុំនឹងខំរកក្លិបផ្សេងៗដើម្បីហាត់ ហើយប្រសិនបើមានឱកាស ខ្ញុំនឹងបន្តការសិក្សានៅក្រៅប្រទេស»។ នេះជាការត្អូញត្អែរបស់កញ្ញា អ៊ីលីង។
 
អ្នកស្រី ហង្ស ស៊ីមន បានឆ្លើយតបថា ការតវ៉ារបស់កញ្ញា យី អ៊ីលីង ធ្វើឡើងដោយសារនាង មិនបានស្ដាប់ការវិនិច្ឆ័យរបស់គណកម្មការបច្ចេកទេស ចំពោះចំណុចខ្លាំងនិងខ្សោយរបស់នាង។ អ្នកស្រីបន្ថែមទៀតថា រាល់ជម្រើសជាតិទាំងអស់ មិនមែនសុទ្ធតែបានទៅប្រកួត SEA Game ទាំងអស់ឡើយ។ 
 
សូមបញ្ជាក់ថា វៀតណាមនឹងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Game) នៅតែឧសភា ឆ្នាំ២០២២ខាងមុខ។ កម្ពុជាបានត្រៀមប្រភេទកីឡាចំនួន៣៣ ដើម្បីចូលរួមប្រកួត Sea Game នេះ។ សម្រាប់វិញ្ញាសារ កីឡារាំ កម្ពុជានឹងបញ្ជូនកីឡាករ-ការិនី ចំនួន៤គូទៅប្រកួត Sea Game  នៅប្រទេសវៀតណាម ដោយ Standard Dance ២គូ និង Latin Dance ២គូ៕ 
 
 
 

Tag:
 រាំ
  កីឡា
  កីឡាករ
 សហព័ន្ធកីឡារាំ
  SEA GAME
© រក្សាសិទ្ធិដោយ thmeythmey.com