ជាតិ
រដ្ឋាករស្វយ័តដឹកជញ្ជូន អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុងដើម្បីសម្រួលចរាចរណ៍ និងទប់ស្កាត់ការបំពុល រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
× ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ពិសេសការបំពុលបរិស្ថាន ក្នុងរាជធានីភ្នំពេញ។ បើតាមលោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោយដំណើរការឡើងវិញក្នុងរយៈពេល២ខែនេះ ពលរដ្ឋធ្វើដំណើរដោយរថយន្តក្រុង ថយចុះខ្លាំង ប្រមាណ៣ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក ឃ្លី នរៈ បានអះអាងថា បច្ចុប្បន្នពលរដ្ឋដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈរថយន្តក្រុងនេះ បានថយចុះខ្លាំងសល់ត្រឹម៣ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ បើធៀបនឹងមុនមានការរាលដាលជំងឺកូវីដ-១៩ មានអ្នកដំណើរជាង៣ម៉ឺននាក់ឯណោះក្នុងមួយថ្ងៃ។ «យើងដំណើរឡើងវិញនេះតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គិតមកដល់ឥឡូវវាជាង២ខែ។ អ្នកជិះនៅតែមានរាល់ថ្ងៃអ៊ីចឹង គ្រាន់តែថយចុះ។ ថយចុះច្រើន»។ នេះបើតាមការលើកឡើងរបស់លោក ឃ្លី នរៈ។
ប្រធានការិយាល័យរដ្ឋបាលរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ដាក់ឱ្យប្រើប្រាស់រថយន្តសាធារណៈចំនួន៦០គ្រឿងប៉ុណ្ណោះ ធ្វើដំណើរលើផ្លូវចំនួន៤ខ្សែ ដែលជាតំបន់អាទិភាព មានមនុស្សជិះច្រើនជាងគេ។ «ខ្សែលេខ១ ចេញពីចំណតខណ្ឌព្រែកព្នៅ ទៅដល់ចំណតបឹងឈូក, ខ្សែលេខ២ ចេញពីរង្វង់មូលគួចកាណុង ទៅដល់ក្រុងតាខ្មៅ, ខ្សែលេខ៣ ចេញពីសួនឫស្សីកែវ ទៅដល់បុរីសន្តិភាព២ និងខ្សែលេខ៤ ចេញពីចំណតសហព័ន្ធរុស្សី ទៅដល់តំបន់សេដ្ឋកិច្ចពិសេសនៅអង្គស្នួល»។ នេះបើតាមការរៀបរាប់របស់លោក ឃ្លី នរៈ ដដែល៕
Tag:
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com