ជាតិ
វីដេអូ
សង្គមជាតិ
ជាអ្នក​រើសអេតចាយ អ្នកស្រី ស៊ុំ ធី ប្តេជ្ញាជំរុញ​កូន​ស្រីឱ្យរួចផុតពីអន្លង់អវិជ្ជា
11, Feb 2022 , 9:59 pm        
រូបភាព
 អ្នកស្រី ស៊ុំ ធី មានមុខរបរជាអ្នករើសអេតចាយ និង កូនស្រី ស្រ៊ន់ ស្រីនិច។ រូបភាពផ្ដល់ដោយអ្នកស្រី អ៊ុក ស្រីរត្ន័។
អ្នកស្រី ស៊ុំ ធី មានមុខរបរជាអ្នករើសអេតចាយ និង កូនស្រី ស្រ៊ន់ ស្រីនិច។ រូបភាពផ្ដល់ដោយអ្នកស្រី អ៊ុក ស្រីរត្ន័។
ភ្នំពេញ៖ អ្នកស្រី ស៊ុំ ធី ជាអ្នករើសអេតចាយមួយរូប រស់នៅសង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​ជាមេផ្ទះផង និងជាអ្នករ៉ាប់រងបន្ទុកគ្រួសារទាំងមូលផង ដោយសារប្ដីមានជំងឺប្រចាំកាយ​ ស្ត្រីរូបនេះសុខចិត្តលំបាកដើររើសអេតចាយ ដើម្បីរកប្រាក់ទ្រទ្រង់ការចំណាយប្រចាំថ្ងៃ និងផ្ចុងផ្តើមឱ្យកូនស្រី​ អាចបន្តការសិក្សាបានខ្ពង់ខ្ពស់ដូចគេ និងគេចផុតពី​ភាពអវិជ្ជា​។



អ្នកស្រី ស៊ុំ ធី មានរបរជាអ្នករើសអេតចាយ រយៈពេលប្រមាណ១៥ឆ្នាំមកហើយ។ សព្វថ្ងៃគ្រួសារអ្នកស្រី រស់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតមួយ ទំហំប្រមាណ ៣ គុណនឹង៤ម៉ែត្រការ៉េ ស្ថិតក្នុង​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយស្វាមីដែលមានជំងឺប្រ​ចាំ​កាយ និងកូនប្រុសស្រី២នាក់។ កូនប្រុសច្បងរបស់អ្នកស្រី ក៏ជាអ្នករើសអេតចាយដែរ ខណៈកូនស្រីវ័យ១៤ឆ្នាំ កំពុងសិក្សាថ្នាក់ទី៨ នៅ​សាលាឯកជនមួយ ក្នុងខណ្ឌច្បារអំពៅ។
  


ជារៀងរាល់ថ្ងៃ នៅប្រមាណ៧ព្រឹក អ្នកស្រី ធី តែងចាកចេញពីទីជម្រកដ៏តូចរបស់ខ្លួន ជាមួយនឹងម៉ូតូចាស់​ពណ៌ក្រហមក្រមៅមួយគ្រឿង ដែលមានសណ្ដោងរ៉ឺម៉កនៅពីក្រោយផង ចេញស្វែងរករើសអេតចាយ ​តាមផ្ទះល្វែងដែលនៅបរិវេណកន្លែងស្នាក់នៅរបស់ខ្លួន តាមមាត់បឹង និងនៅគំនរសំរាមនានា ដែលខ្លួនបានឆ្លងកាត់។ ជាទូទៅ ក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានពី ៣-៤ម៉ឺនរៀល ពីរបរនេះ ដើម្បីទ្រទ្រង់ការចំណាយក្នុងគ្រួសារ។ ជួនកាល ក៏បានកម្រៃតិចជាងនេះ ដែលសឹងតែមិនគ្រប់ចំណាយម្ហូបមួយថ្ងៃផង។
 
 ប៉ុន្តែ​ទោះបីជាត្រូវរស់នៅ ក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ប៉ុន្តែស្ត្រីវ័យ ៤៣ឆ្នាំរូបនេះឥតរួញរាឡើយ ក្នុងការផ្ចុងផ្តើមកូនស្រី​ខ្លួន ឱ្យរៀនសូត្របានខ្ពស់ខ្ពង់ដូចគេ។ ​អ្នកស្រី ស៊ុំ ធី បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលអ្នកស្រី សម្រេចចិត្ត​ឱ្យកូនស្រី រៀននៅសាលាឯកជន ព្រោះគាត់ចង់ឱ្យកូនទទួលបានចំណេះ​ល្អដូចគេ។ មូលហេតុម្យ៉ាងទៀត គឺអ្នកស្រី មិនចង់ឱ្យកូនស្រីជួបរឿងអសុវត្ថិភាព ដូច​ធ្លាប់ជួបកាលពីអំឡុងឆ្នាំ២០២១កន្លងទៅ ​ត្រូវ​ជនអនាមិកដាក់ថ្នាំ បំណងយកទ្រព្យសម្បត្តិ ​។ 


 
កំពុងអង្គុយលើកៅអីជ័រ ក្រោមដើមទ្រលឹងទឹង មុខផ្លូវចូលបន្ទប់ស្នាក់នៅ អ្នកស្រី ស៊ុំ ធី ​បញ្ជាក់ក្នុងសម្តីច្បាស់ៗដូច្នេះ៖«គេនិយាយថាអ៊ីចេះ ចុះបើក្រហើយតស៊ូឱ្យកូនរៀនធ្វើអី! ខ្ញុំថាខ្ញុំក្រ កុំឱ្យកូនខ្ញុំមកពិបាកដូចខ្ញុំ ព្រោះជីវិតខ្ញុំតាំងពីដើមមកពិបាកមកដល់ឥឡូវហើយ ខ្ញុំអាចស៊ូបាន ខ្ញុំអាចទ្រាំតស៊ូ ទៅមុខទៀតបាន»។ 
 
គួររំឭកបន្តិចថា ក្រោយហេតុការណ៍កូនស្រី ត្រូវគេដាក់ថ្នាំនោះមក អ្នកស្រីមិនឱ្យកូនស្រីខ្លួនទៅរៀនទៀតនោះទេ ព្រោះដោយបារម្ភពីសុវត្ថិភាពកូន។ ប៉ុន្តែដោយសារកូនចេះតែទទូច​អង្វរ​ចង់ទៅរៀនវិញ អ្នកស្រី ធី បានពិភាក្សាជាមួយអ្នកជិតខាង ដែលស្ម័គ្រចិត្តជួយចេញថ្លៃសិក្សានៅសាលាឯកជនឱ្យពាក់កណ្តាល។ «ខ្ញុំក៏ពិភាក្សាជាមួយអ្នកជិតខាង ដើម្បីឱ្យកូនខ្ញុំបានទៅរៀន ដោយសារគាត់សុំខ្ញុំរៀន តែខ្ញុំប្រាប់ថាខ្ញុំអត់មានលុយទេ ហើយបានតាបារាំងគាត់ឃើញ អាណិតអ៊ីចឹងទៅគាត់ជួយ សុំខ្ញុំសុំអី សុំឱ្យរៀននៅ BELTEIទៅ គាត់ជួយខ្លះ។ ឱ្យតែយើងមានទឹកចិត្ត ម្ដាយជួយ(ចេញ) គាត់ខ្លះទៅ»។ អ្នកស្រី ស៊ុំ ធី រៀបរាប់ដូច្នេះ។
 
ដ្បិតសម្រេចចិត្តបញ្ជូនកូនស្រី​ទៅរៀនវិញ ប៉ុន្តែអ្នកម្តាយរូបនេះ មិន​បណ្តោយឱ្យកូនធ្វើដំណើរ ទៅរៀនដោយខ្លួនឯងដូចមុនទេ។ អ្នកស្រី ធី សុខចិត្តឌុបជូនកូនទៅរៀន មុននឹងទៅរើសអេតចាយ និងទៅទទួលពេលកូនចេញពីរៀន​ ដើម្បីធានាពីសុវត្ថិភាពរបស់គេ​។
 
អ្នកស្រី អ៊ុក ស្រីរ័ត្ន​ ​ជាអ្នកជិតខាងដែលបានជួយចេញថ្លៃសិក្សាពាក់កណ្តាល ​ឱ្យ ស្រីនិច។ ​ អ្នកស្រី អ៊ុក ស្រីរ័ត្ន រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល២ឆ្នាំហើយ​ ដែលអ្នកស្រី និងស្វាមីជាជនជាតិបារាំង  បានស្គាល់ និងរាប់អានម្តាយរបស់ស្រីនិច ដែលតែងតែទៅយកសម្ភារៈអេតចាយពីផ្ទះខ្លួន​។ ស្ត្រីរូបនេះ ពន្យល់​ថាមូលហេតុដែលខ្លួន និងស្វាមី ជួយចេញថ្លៃសិក្សា៥០ភាគរយឱ្យស្រីនិច ព្រោះតែអ្នកស្រី ​មាន​ចិត្តអាណិតគ្រួសារ​ស្រីនិចដែលក្រលំបាក តែមានចិត្តចង់ឱ្យកូនបន្តការសិក្សា។ អ្នកស្រី និងស្វាមីផ្ទាល់ ក៏ចង់ឃើញស្រីនិច បានរៀន​ខ្ពស់ដូចបំណងនាងដែរ។
 



អ្នកស្រី អ៊ុក ស្រីរ័ត្ន​ ​ រៀបរាប់ដូច្នេះ៖«យើងមិនមែនជាអ្នកមានអីទេ ប៉ុន្តែគ្រាន់តែថា អ្វីដែលយើងអាចចែករំលែកបាន គឺយើងអាចចែករំលែកបាន បន្តិចក៏ដោយ ច្រើនក៏ដោយ ចេះតែចែកគ្នាអ៊ីចឹងទៅ។ ណាមួយខ្ញុំ ហើយនឹងប្ដីចូលចិត្តក្មេងដែលរៀន។ កូនគាត់ក៏ធ្លាប់ទៅរៀនអង់គ្លេសផ្ទះខ្ញុំដែរ ហើយយើងចាប់ផ្ដើមស្គាល់កូនគាត់ ពីហ្នឹងមកទៅ ហើយយើងស្គាល់ចរិត ហើយពេលមានបញ្ហាហ្នឹង កូនគាត់ចង់រៀន។ បើសិនយើងមិនជួយទេ អនាគតកូនគាត់គឺចប់»។ 
 
​ស្រ៊ន់ ស្រីនិច កូនស្រីអ្នករើសអេតចាយ ​ប្តេជ្ញាខំប្រឹងរៀន យកចំណេះជួយ​ឪពុកម្តាយវិញ
 
​យុវតី ស៊្រន់ ស្រីនិច ​ទើបបានចូលរៀនថ្នាក់ទី៨ នៅសាលាប៊ែលធី ក្នុងដើមឆ្នាំ២០២២នេះប៉ុណ្ណោះ។ កំពុង​កំពុងអង្គុយបន្ទប់ជួលផ្ទាល់​នឹងឥដ្ឋធ្វើកិច្ចការសាលា​ យុវសិស្សរូបនេះ រៀបរាប់ថា នាងរីករាយខ្លាំងណាស់ ដែលខ្លួនអាចត្រឡប់ទៅសិក្សាវិញ​។ ​សម្បុរស្រអែម ស្រីនិច មិនភ្លេចរំឭកគុណបំណាច់របស់ឪពុក ម្តាយ ដែលបានលះបង់ និងតស៊ូលំបាក ដើម្បីឱ្យខ្លួនបានសិក្សានោះឡើយ។ យុវសិស្សរូបនេះ ប្តេជ្ញាខំសិក្សារៀនសូត្រ មិនឱ្យគ្រួសារខកបំណងនោះទេ ហើយនាងបានប្តេជ្ញាយកចំណេះដឹងទាំងនោះ ជួយជ្រោមជ្រែង និងសម្រាលគ្រួសារវិញនៅថ្ងៃអនាគត។ «ខ្ញុំអត់ចង់ឱ្យដូចពួកគាត់ ចង់ឱ្យអនាគតខ្ញុំល្អជាងគាត់ ហើយនៅថ្ងៃ​មុខ​ ខ្ញុំនឹងជួយគាត់ អត់ឱ្យពិបាកអ៊ីចឹងទៀតទេ និងសម្រេចគោលដៅថ្ងៃ​មុខ​ ចង់ក្លាយជាអ្នកបកប្រែ​»។ នេះជាការតាំងចិត្តរបស់ យុវតី ស្រ៊ន់ ស្រីនិច។
  


លោក វ៉េង ស្រ៊ន់ វ័យ៤៧ឆ្នាំ ដែលជាឪពុកស្រីនិច ក៏ត្រេកអរមិនចាញ់កូនស្រីប៉ុន្មាននោះឡើយ។ ​លោក ស្រ៊ន់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗពីក្នុងបន្ទប់ជួលថា លោកសប្បាយ​ខ្លាំងណាស់ ដែល​ឃើញកូនស្រី​ បានចូលសាលារៀនល្អដូចគេឯង​។ លោកនិយាយទាំងទឹកភ្នែកដូច្នេះ៖«​ខ្ញុំសប្បាយចិត្តណាស់! ខ្ញុំអរ! កូនទ្រហោយំ! ខ្ញុំថាកូនអើយកូន កូនឯងប្រឹងរៀន​»។ 
 
សម្រាប់អ្នកស្រី ស៊ុំ ធី វិញ សង្ឃឹមថា ការសម្រេចចិត្តវិនិយោគលើការអប់រំកូននាពេលនេះរបស់ខ្លួន នឹងធ្វើឱ្យអនាគតកូន​ និងគ្រួសារ ​មានភាពប្រសើរ​។ ដ្បិតថាការរកប្រាក់ចំណូលរបស់អ្នកស្រីនៅពេលអនាគតមានភាពស្រពេចស្រពិល ប៉ុន្តែស្ត្រីរូបនេះ ប្តេជ្ញាចិត្តតស៊ូ ដើម្បី​កូនស្រីខ្លួនទទួលបានការអប់រំល្អប្រសើរ។ ​ អ្នកស្រីនិយាយដូច្នេះ៖ «អនាគតទៅមុខទៅ ខ្ញុំចង់ឃើញកូនខ្ញុំមានការងារល្អៗ ហើយឱ្យរៀនចប់ចុងចប់ដើមហ្មងទៅណា។ ចង់បានចឹង ខ្ញុំអត់ចង់បានអីទេ ខ្ញុំចង់ឱ្យបានកូនរៀនតទៅមុខ កុំឱ្យពិបាកដូចខ្ញុំ»៕
 
 

Tag:
 ThmeyThmey25
  ស៊ុំ ធី
  ស្រ៊ន់ ស្រីនិច
  អ្នករើសអេតចាយ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com