ជាតិ
ទូតបារាំងជួបតំណាងអង្គការ និងតំណាងស្ថាប័នបារាំងនានាដើម្បីពិភាក្សាពីគោលដៅជួយកម្ពុជា
11, Feb 2022 , 10:59 pm        
រូបភាព
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ កន្លងមក បានរៀបចំជំនួបជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងជាង៥០នាក់ ក៏ដូចជាតំណាងស្ថាប័នបារាំង និងអឺរ៉ុបជាច្រើននាក់ទៀត ដើម្បីពិភាក្សាគ្នាអំពីការបំពេញបេសសកម្មឆ្ពោះទៅសម្រេចគោលដៅរួម គឺការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ពិធីជួបជុំនេះ មានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបានចូលរួមចំណែកក្នុងការបង្កើតឱ្យមានភាពជាដៃគូថ្មីៗ ក៏ដូចជាពង្រឹងនូវប្រសិទ្ធភាពនៃជំនួយបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
 
ប្រតិបត្តិករនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបង្ហាញនូវសកម្មភាពរបស់ខ្លួននៅកម្ពុជា។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ដែលប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួននៅឆ្នាំនេះ បានផ្តល់ហិរញ្ញប្បទានជាង៨៨០លានអឺរ៉ូដល់កម្ពុជា ចាប់តាំងពីការបង្កើតការិយាល័យនៃស្ថាប័ននេះនៅកម្ពុជា។  មួយផ្នែកនៃហិរញ្ញប្បទាននេះត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល។ 


 
អង្គការបារាំង ហ្វ្រង់វ៉ូឡុងទែរ ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តអន្តរជាតិមួយ មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២។  អង្គការនេះជួយជ្រោមជ្រែង និងដឹកនាំបណ្តាញអ្នកស្ម័គ្រចិត្តនៅកម្ពុជាដើម្បីលើកកម្ពស់  និងអភិវឌ្ឍ   ការងារស្ម័គ្រចិត្តប្រកបដោយគុណភាព បើកទូលាយដល់មនុស្សគ្រប់រូប និងផ្លាស់ប្តូរទៅវិញទៅមក។  
 
ឯកអគ្គរដ្ឋទូតបារាំង បានកោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបារាំងជាច្រើនដែលបំពេញការងារនៅប្រទេសកម្ពុជា ដោយមួយចំនួនបានដំណើរការជាច្រើនឆ្នាំមកហើយ។ អង្គការបារាំងខ្លះបំពេញការងារពីប្រទេសបារាំងក្នុងភាពជាដៃគូជាមួយអង្គការក្នុងស្រុក រីឯមួយខ្លះទៀតមានការិយាល័យតំណាងនៅប្រទេសកម្ពុជា។ 


 
អង្គការបារាំងផ្តោតសកម្មភាពច្រើននៅក្នុងវិស័យអប់រំ សុខាភិបាល និងសមភាពយែនឌ័រ។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃវិបត្តិកូវីដ១៩បានជំរុញឱ្យអង្គការបារាំងជាច្រើនបែងចែកមួយផ្នែកនៃថវិការបស់ខ្លួនដើម្បីផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនដែលជួបការលំបាកបំផុត។ 
 
ក្នុងជំនួបខាងលើ លោក ហ្សាក់ ប៉ឺឡេ ក៏បានរំលឹកផងដែរថា គោលនយោបាយអភិវឌ្ឍន៍គឺជាសសរស្តម្ភនៃគោលនយោបាយការបរទេសបារាំង។ ក្នុងន័យនេះ ច្បាប់បារាំងមួយដែលត្រូវបានអនុម័តថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្តីពីកម្មវិធីពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយសាមគ្គីភាព បានផ្តល់ឱ្យប្រទេសបារាំងនូវមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវិសមភាពពិភពលោក និងដើម្បីការពារសម្បត្តិសាធារណៈពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com