ជាតិ
ឆ្នាំ២០២១ មនុស្សជិត​១៥០០នាក់ស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍ ​ភាគច្រើននៅភ្នំពេញ កណ្តាល និងកំពង់ចាម​
12, Feb 2022 , 9:14 am        
រូបភាព
រូបថត៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបថត៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ដោយ: ថ្មីៗ
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​ឲ្យ​ដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បាន​ថយ​ចុះ​១៦​ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំនួន​អ្នកស្លាប់មានជិត១៥០០នាក់ ហើយ​ករណីគ្រោះថ្នាក់ភាគច្រើន បណ្តាលមក​ពី​ការបើកបរហួសល្បឿន​កំណត់។

 
នៅ​ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន២៦៧០ករណី បណ្តាលឲ្យ​ស្លាប់ចំនួន១៤៩៧នាក់ និង របួសចំនួន៣៦១៥នាក់ក្នុងនោះរបួសធ្ងន់ធ្ងរចំនួន២២៤៦នាក់ បើ​ប្រៀបធៀបនឹងឆ្នាំ២០២០ គ្រោះថ្នាក់ បានថយចុះ១៦ភាគរយ។
 
តាម​របាយការណ៍ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុបណ្ដាលឲ្យ​មានគ្រោះថ្នាក់សរុប រួមមានបើកបរលើសល្បឿនកំណត់៣៨ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង៨ភាគរយ បត់៨ភាគរយ ស្រវឹង៤ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ 
 
ជាមួយគ្នានេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបជាង២លានគ្រឿង ក្នុងនោះម៉ូតូជាង៦០ភាគរយ, រកឃើញយានយន្តល្មើសនិងពិន័យជាង២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង៧០ភាគរយ និងពិន័យបានថវិកាសរុបជាង១៩ប៊ីលានរៀល៕
 

Tag:
 ចរាចរណ៍)
© រក្សាសិទ្ធិដោយ thmeythmey.com