ជាតិ
ក្រសួងអប់រំ និងសុខាភិបាល ណែនាំកុំឲ្យភ្លើតភ្លើន​នៅថ្ងៃ១៤កុម្ភៈ ហើយនាំគ្នាទប់ស្កាត់កូវីដ-១៩
12, Feb 2022 , 11:03 am        
រូបភាព
ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា និង បានចេញសេចក្ដីណែនាំដោយឡែកពីគ្នា នៅថ្ងៃទី១១ កុម្ភៈ ក្នុងន័យរួម គឺក្រើនរំឭកឱ្យពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មី«អូមីក្រុង» នៅថ្ងៃ ទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ។



ក្រសួងអប់រំ បានណែនាំឱ្យអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសាលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីនានា ដែលប្រាសចាកវប្បធម៌ និងប្រពៃណី។ ក្រសួង អប់រំ ក៏បានក្រើនរំឭកដល់អ្នកពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីកុំឱ្យមានការយល់ខុសអត្ថន័យនៃទិវានេះ។ 
 
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បញ្ជាក់ឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់  ពង្រឹងកាអនុវត្តវិន័យ ពិសេសការគ្រប់គ្រងសីលធម៌ និងត្រូវតាមដានអវត្តមានរបស់សិស្សជាប្រចាំ។ លើសពីនេះ ក៏ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន និងកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» និងភ្ជាប់ទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស ដើម្បីផ្ដល់និងទទួលព័ត៌មានអំពីសិស្ស និងសហការទប់ស្កាត់ អប់រំណែនាំ ក៏ដូចជាកែលម្អបានទាន់ពេលវេលា។
 
ជុំវិញការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩នេះដែរ ក្រសួងសុខាភិបាល ក៏បានក្រើនរំឭក ដល់ពលរដ្ឋ ឱ្យពង្រឹងវិធានការការពារការចម្លងជំងឺឆ្លងនេះដែរ។ ក្រសួងសុខាភិបាល បានប្រាប់ឱ្យពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងកើតមានក្នុងសហគមន៍ ហើយត្រូវអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ 
 
ក្នុងលិខិតដដែលនេះ ក្រសួងបានបញ្ជាក់ថា ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើន កើតមាននៅក្នុងចំណោមក្រុមមនុស្ស មានការជួបជុំគ្នាច្រើន ហើយមិនបានអនុវត្តវិធានសុវត្ថិភាពត្រឹមត្រូវ ក៏បង្កឱ្យការចម្លងបន្តៗគ្នា។ 
 
ចំពោះវិធានការសុខាភិបាល ក្រសួងអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវកាត់បន្ថយការជួបជុំមនុស្សច្រើន ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ សម្អាតដៃជាមួយអាល់កុលឱ្យបានញឹកញាប់ រក្សាគម្លាត និងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅពេលដល់វេនរបស់ខ្លួន៕
 

Tag:
 ១៤កុម្ភៈ
  ទិវានៃក្ដីស្រឡាញ់
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com