កីឡាជាតិ
ជាតិ
កីឡាករ២៨នាក់ចុងក្រោយរបស់កម្ពុជា សម្រាប់ពានរង្វាន់ AFF U23 Championship
12, Feb 2022 , 2:29 pm        
រូបភាព
សារ ទី និង ឡេង ណូរ៉ា នៃក្លិបវិសាខា ស្ថិតក្នុងជម្រើស២៨នាក់ចុងក្រោយ
សារ ទី និង ឡេង ណូរ៉ា នៃក្លិបវិសាខា ស្ថិតក្នុងជម្រើស២៨នាក់ចុងក្រោយ
ដោយ: រួបរួម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីឈ្មោះកីឡាករ២៨នាក់ចុងក្រោយ សម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ខាងមុននៅកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងចំណោមកីឡាករទាំង២៨នាក់ មានកីឡាករបឹងកេត៧នាក់ វិសាខា៦នាក់ ព្រៃវែង៣នាក់ ភ្នំពេញក្រោន៣នាក់ ព្រះខ័នរាជស្វាយរៀង៣នាក់ អគ្គិសនីកម្ពុជា២នាក់ កងយោធពលខេមរភូមិន្ទ២នាក់ និងអង្គរថាយហ្គឺរ១នាក់។

 
សម្រាប់តំណែងអ្នកចាំទី ហ៊ុល គឺមហ៊ុយ និងកយ សាលីម នៅក្លិបបឹងកេត រួមជាមួយ វីរៈ ដារ៉ា នៃក្លិបព្រៃវែង។ នៅតំបន់ការពារចំនួន១១នាក់ មាន ស រតនា, អាត អូនទូច, ចាន់ សារ៉ាពេជ្រ (ព្រៃវែង), ទេស សម្បត្តិ, ឡេង ណូរ៉ា (វិសាខា), យ៉ើ សាហ្វី, សឿត បារាំង (ភ្នំពេញក្រោន), សឿត ណាវ៉ា, តាំង ប៊ុនឆៃ (បឹងកេត), នី សុខរី (ព្រះខ័នរាជស្វាយរៀង) និង ឈឿង វីស៊ីនុ (អគ្គិសនីកម្ពុជា)។
 
ក្នុងតំបន់បម្រើដែលមានសមាសភាព៨នាក់ មាន លីម អារុណរ៉េយមិន, សាន គឹមហេង (បឹងកេត), មិន រតនៈ (ស្វាយរៀង), ជួន ចាន់ចាវ (ភ្នំពេញក្រោន), ស៊ិន សុវណ្ណមករា (ព្រៃវែង), ណុប ដេវីត (អគ្គិសនីកម្ពុជា), រដ្ឋ វីរៈ (វិសាខា) និងម៉ៅ ពិសិដ្ឋ (អង្គរថាយហ្គឺរ)។
 
នៅតំបន់ប្រយុទ្ធឯណោះវិញ កីឡាករចំនួន៦នាក់រួមមាន សារ ទី, គី រីណា (វិសាខា), ញាណ សុស៊ីដាន, ណារ៉ុង កក្កដា (កងយោធពលខេមរភូមិន្ទ), សៀង ចន្ធា (បឹងកេត) និង អ៊ាន ពិសី (ស្វាយរៀង)។
 
សម្រាប់ព្រឹត្តិការណ៍ AFF U23 Championship ឆ្នាំ២០២២ នេះ អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា លោក Keisuke Honda នឹងដឹកនាំការប្រកួតដោយផ្ទាល់។ កម្ពុជា ស្ថិតក្នុងពូល A ដោយប្រកួតដំបូងជាមួយព្រុយណេ នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ មុននឹងប៉ះជាបន្តបន្ទាប់ជាមួយហ្វីលីពីន និងទីម័រខាងកើត នៅកីឡដ្ឋានជាតិមរតកតេជោ។
 
សម្រាប់ពូល B បន្ទាប់ពីម្ចាស់ការពារជើងឯកឥណ្ឌូណេស៊ី ប្រកាសដកខ្លួនដោយសារបញ្ហាកូវីដ-១៩ បីក្រុមត្រូវបន្តប្រជែងគ្នា រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ រីឯពូល C មានថៃ វៀតណាម និងសិង្ហបុរី។ ពូលទាំង២ត្រូវប្រកួតនៅកីឡដ្ឋានព្រីនស៍៕
 

Tag:
 U23
© រក្សាសិទ្ធិដោយ thmeythmey.com