ជាតិ
ក្រសួងអប់រំ ពង្រឹងស្តង់ដាដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា
14, Feb 2022 , 8:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកសារជាថ្មី ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ។ ក្រោយពីមានការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុងបានកើនឡើង ដែលកំពុងកើតជាក្តីបារម្ភជាខ្លាំង។


 
ក្រសួងអប់រំ បានចេញសេចក្តីណែនាំពីគោលការណ៍មួយចំនួនដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ឱ្យបានខ្ជាប់ខ្ជួនបំផុត តាមរយៈ ការត្រួតពិនិត្យទៅលើសុខភាពសិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកទាំងអស់ជាប្រចាំ រួមទាំងចូលរួមសម្អាតសម្ភារៈ និងបរិវេណក្នុងសាលារៀនឱ្យបានស្អាតជានិច្ច។
 
ក្នុងនោះផងដែរ ក្រសួងក៏បានលើកឡើងពីការកាត់បន្ថយរបស់សិស្ស ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីរក្សាគម្លាត សុវត្ថិភាពដល់សិស្ស និងគ្រូបង្រៀន។ រីឯគ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់ហានិភ័យខ្ពស់ត្រូវរៀបចំប្រព័ន្ធសិក្សា និងត្រៀមលក្ខណៈសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សដែលមិនអាចរៀនផ្ទាល់។ 
 
ក្នុងករណីមានការឆ្លងរីករាលដាលចូលគ្រឹះស្ថានសិក្សា នោះនឹងត្រូវផ្អាកជាបណ្តោះអាសន្ន និងត្រូវជំនួសដោយសិក្សាតាមប្រព័ន្ធអនឡាញវិញ។
 
ជាមួយគ្នានេះ ក្រសួងតម្រូវឲ្យត្រួតពិនិត្យនូវដំណើរការ នៃការលក់ដូរ ឬអាហារដ្ឋាន ដោយហាមឃាត់ការប្រមូលផ្តុំ។ ត្រូវពង្រឹងលើវិធានការទប់ស្កាត់ នៅក្នុងបរិវេណសាលារៀនឱ្យបានម៉ត់ចត់ និងប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ» ដោយត្រូវពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។
 
ក្រសួងក្រើនរំលឹកថា តំបន់ដែលមានហានិភ័យ មិនអនុញ្ញាតឱ្យរៀបចំទស្សនកិច្ចសិក្សាអ្វីឡើយ ដោយត្រូវបន្តតាមដានការវិវត្តថ្មី យ៉ាងយកចិត្តទុកដាក់ និងដាក់ចេញវិធានការឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមានការរីករាលដាលមេរោគកូវីដ-១៩ ចូលសហគមន៍៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com