សុខភាព
អន្តរជាតិ
ការសិក្សា៖ គេងមិនគ្រប់គ្រាន់ ប្រឈមនឹងការវិវដ្តទៅមានជំងឺលើសទម្ងន់
16, Apr 2022 , 6:44 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការសិក្សាថ្មីមួយបានរកឃើញថា មនុស្សដែលមិនបានគេងគ្រប់គ្រាន់ ឬមានបញ្ហាដំណេក ទំនងជាទទួលទានអាហារច្រើន ជាងអ្នកដែលគេងបានគ្រប់គ្រាន់ និងគ្មានការរំខានដំណេក។ អ្នកស្រាវជ្រាវ បានអះអាងថា អ្នកចូលរួមមានជំងឺលើសទម្ងន់ដែលធ្លាប់តែគេងមិនគ្រប់គ្រាន់ បានកាត់បន្ថយការទទួលទានអាហារប្រចាំថ្ងៃរបស់ពួកគេ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលឱ្យមានរបបដំណេកត្រឹមត្រូវ។

 
ភាពធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមួយចំនួនដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងប្រភេទមួយចំនួននៃជំងឺមហារីក។ មូលហេតុចម្បងនៃភាពធាត់ គឺការទទួលទានអាហារមានកាឡូរីច្រើន ហើយប្រើប្រាស់តិចជាងការទទួលទាន ធ្វើឱ្យវានៅសល់ក្នុងរាងកាយ។ តាមអង្គការសុខភាពពិភពលោក (WHO) អត្រានៃអ្នកមានជំងឺលើសទម្ងន់ បានកើនឡើងស្ទើរតែបីដង មកទល់បច្ចុប្បន្ន គិតចាប់តាំងពីឆ្នាំ១៩៧៥។ 
 
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានសិក្សាលើឥទ្ធិពលនៃការគេងដែលមានទំនាក់ទំនងនឹងបញ្ហាទម្ងន់។ ការសិក្សានេះ បានចុះផ្សាយលើទិនានុប្បវត្តិ JAMA Network ដោយបានបង្ហាញថាមនុស្សដែលមិនបានគេងគ្រប់គ្រាន់ ឬមានបញ្ហាដំណេក ទំនងជាទទួលទានអាហារ (បរិមាណកាឡូរី) ច្រើនជាងអ្នកដែលគេងបានគ្រប់គ្រាន់ និងគ្មានការរំខានដំណេក។ ហេតុនេះ ការគេងមិនគ្រប់គ្រាន់ អាចធ្វើឱ្យមនុស្សប្រឈមនឹងការវិវដ្តទៅរកជំងឺលើសទម្ងន់នៅពេលអនាគត។
 
ការសិក្សានេះ មានអ្នកចូលរួមចំនួន ៨០នាក់ ដែលមានអាយុពី ២១ ទៅ ៤០ ឆ្នាំ។ ពួកគេមានជំងឺលើសទម្ងន់ ហើយជាធម្មតាគេងតិចជាង ៦,៥ម៉ោងក្នុងមួយថ្ងៃ។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រ បានបែងចែកអ្នកចូលរួមជាពីរក្រុម។ ក្រុមទី១ គឺឱ្យបន្តគេងក្នុងទម្លាប់ ធម្មតាដូចពីមុនរយៈពេល ២សប្តាហ៍បន្ថែមសម្រាប់សិក្សា។ 
 
ចំណែកនៅក្នុងក្រុមទី២ សមាជិកម្នាក់ៗត្រូវបានទទួលវគ្គបណ្តុះណ្ដាលឱ្យមានរបបដំណេកត្រឹមត្រូវ ដោយមានកាលវិភាគសម្រាប់គេងផ្ទាល់ខ្លួនដែលត្រូវធ្វើក្នុងរយៈពេល ២សប្តាហ៍ដែរ។ ស្របគ្នានេះ ការសិក្សា មានគោលបំណងបង្កើនរយៈពេលគេងរបស់ពួកគេដល់ ៨,៥ម៉ោងរៀងរាល់ថ្ងៃ។
 
ជាលទ្ធផល អ្នកស្រាវជ្រាវបានរកឃើញថា អ្នកចូលរួមដែលបានទទួលការប្រឹក្សាអំពីរបបដំណេកត្រឹមត្រូវ បានកាត់បន្ថយការទទួលទានអាហាររបស់ពួកគេជាមធ្យម ២៧០កាឡូរីក្នុងមួយថ្ងៃ បើប្រៀបធៀបជាមួយនឹងអ្នកស្ថិតក្នុងក្រុមទី១។ 
 
គួរបញ្ជាក់ថា ការគេងពិតជាមានទំនាក់ទំនងនឹងអរម៉ូនគ្រប់គ្រងចំណង់អាហារដូចជា leptin និង ghrelin ដែលមាននាទីបង្កើន និងបន្ថយភាពស្រេកឃ្លាន។ ការគេងមិនគ្រប់គ្រាន់ បានបង្កើនចំណង់អាហារដែលបង្កឱ្យមនុស្សទទួលទានអាហារកាន់តែច្រើន ហើយប្រឈមនឹងការឡើងទម្ងន់ ខណៈការគេងកាន់តែច្រើន បានកាត់បន្ថយចំណង់អាហារ និងកាត់បន្ថយពេលវេលាដែលអាចទទួលទានអាហារ៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com