អន្តរជាតិ
អូស្ត្រាលី ប្រកាសរើស្ថានទូតចេញពីទីក្រុងកៀវ និងជំរុញចិនឱ្យប្រតិកម្មលើវិបត្តិអ៊ុយក្រែន
13, Feb 2022 , 5:39 pm        
រូបភាព
លោកស្រី Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ រូបភាព៖ AFP
លោកស្រី Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ រូបភាព៖ AFP
អូស្ត្រាលី នៅថ្ងៃទី១៣ ខែកុម្ភៈ បានអះអាងថា ខ្លួនបានរើស្ថានទូតចេញពីទីក្រុងកៀវ ខណៈស្ថានភាពនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺន។ លើសពីនេះ នាយករដ្ឋមន្ត្រីអូស្រ្តាលី ស្កុត មូរីសុន បានអំពាវនាវដល់ចិនកុំឱ្យនៅស្ងៀមស្ងាត់ ចំពោះវិបត្តិនៅអ៊ុយក្រែន។

 
ពាក់ព័ន្ធនឹងបញ្ហានៅអ៊ុយក្រែន អាម៉េរិក និងអឺរ៉ុបជារឿយៗ បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី បើហ៊ានវាយប្រហារអ៊ុយក្រែន។ រុស្ស៊ីវិញ ក៏កំពុងបង្ហាញឥទ្ធិពលឥតឈប់ឈរ ដ្បិតមិនចង់ឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ក៏ដូចជាទប់ស្កាត់ការរីកសាយឥទ្ធិពលរបស់អង្គការនេះ មកក្បែរព្រំដែនខ្លួន។ ក្នុងរយៈពេលថ្មីៗនេះ បញ្ហានៅអ៊ុយក្រែន បានកើនកម្តៅកាន់តែខ្លាំង ខណៈអាម៉េរិក និងសម្ព័ន្ធមិត្ត បានព្រមានថា រុស្ស៊ីអាចវាយប្រហារលើអ៊ុយក្រែនបានគ្រប់ពេល។ 
 
ទាក់ទិននឹងបញ្ហាសន្តិសុខនេះ អូស្រ្តាលី បានសម្រេចរើស្ថានទូតពីក្រុងកៀវ ទៅក្រុង Lviv បណ្តោះអាសន្ន។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអូស្ត្រាលី នៅថ្ងែទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស លោកស្រី Marise Payne បានលើកឡើងថា បុគ្គលិកស្ថានទូតអូស្ត្រាលីនៅទីក្រុងកៀវ ត្រូវបានជម្លៀសទៅកាន់ការិយាល័យបណ្តោះអាសន្ននៅទីក្រុងLviv នៅភាគខាងលិចអ៊ុយក្រែន ដែលមានចម្ងាយប្រហែល ៧0គីឡូម៉ែត្រពីប៉ូឡូញ។ លោកស្រី Payne ក៏បានអំពាវនាវឱ្យប្រជាជនអូស្ត្រាលីឱ្យចាកចេញពីអ៊ុយក្រែនឱ្យបានឆាប់រហ័សផងដែរ។ 
 
នាយករដ្ឋមន្ត្រីអូស្រ្តាលី ស្កុត មូរីសុន បាននិយាយថា ស្ថានភាពនៅអ៊ុយក្រែនកំពុងឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត។ លោកបានរិះគន់រុស្ស៊ី ទាក់ទិននឹងសកម្មភាពឯកតោភាគីរបស់រុស្ស៊ី ដើម្បីគំរាមកំហែង និងសម្លុតអ៊ុយក្រែនដែរ។  ខណៈទំនាក់ទំនងមិនសូវជាចុះសម្រុងជាមួយចិន លោក មូរីសុន ជំរុញឱ្យទីក្រុងប៉េកាំងបញ្ជេញប្រតិកម្មលើបញ្ហានៅអ៊ុយក្រែន បន្ទាប់ពីចិនបានរិះគន់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌានៅទីក្រុង Melbourne។
 
បើតាមលោកមូរីសុន រដ្ឋាភិបាលចិនរីករាយនឹងរិះគន់អូស្ត្រាលី ប៉ុន្តែនៅតែស្ងៀមស្ងាត់ចំពោះកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្តុំនៅតាមព្រំដែនអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអូស្ត្រាលី បានឌឺដងដាក់ចិនថា អូស្ត្រាលីមិនគាំទ្រឡើយ ចំពោះទង្វើសម្លុតប្រទេសដទៃពីសំណាក់ប្រទេសមួយចំនួន។ 
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងចិន ដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ល្អ បានបែកបាក់ បន្ទាប់ពីទីក្រុងកង់បេរ៉ាបានហាមឃាត់ក្រុមហ៊ុន Huawei Technologies ពាន់ព័ន្ធនឹងបណ្តាញអ៊ីនធឺណេត 5Gក្នុងឆ្នាំ២០១៨កន្លងទៅ។ អូស្ត្រាលីក៏ធ្លាប់បានជំរុញឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចិនមិនសប្បាយចិត្តឡើយ៕ 
 

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com