អន្តរជាតិ
មន្រ្តីអង្គការសហប្រជាជាតិចំនួន ៥រូបត្រូវបានចាប់ជំរិតនៅភាគខាងត្បូងយេម៉ែន
14, Feb 2022 , 9:36 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បុគ្គលិកអង្គការសហប្រជាជាតិ(UN)ចំនួន ៥ រូបត្រូវបានជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុម ចាប់ជំរិតនៅភាគខាងត្បូងយេម៉ែន ក្រោយពួកគេបានត្រឡប់ទីក្រុង Aden ដើម្បីបំពេញបេសកកម្ម។

 
បើតាមលោក Russell Geekie អ្នកនាំពាក្យមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន បុគ្គលិកទាំង ៥​ រូប ត្រូវបានជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណចាប់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈកន្លងទៅក្នុងតំបន់រដ្ឋបាលក្រុង Aden ។ លោក Geekie នៅថ្ងៃទី១២​ ខែកុម្ភៈបានលើកឡើងថា UN កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីធានាសុវត្ថិភាពនិងការដោះលែងលើបុគ្គលិកទាំង៥។ 
 
លើសពីនេះ មន្ត្រីម្នាក់នៅការិយាល័យ UNនៅទីក្រុង Aden បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters និង AP ថា​បុគ្គលិក៤នាក់ក្នុងចំណោមបុគ្គលិកទាំង៥ដែលត្រូវបានចាប់ខ្លួន ជាជនជាតិយេម៉ែន។ រដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី១២ ខែកុម្ភៈថា ខ្លួនកំពុងធ្វើការជាមួយនាយកដ្ឋានសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរំដោះបុគ្គលិកទាំងនេះដោយសុវត្ថិភាព។ 
 
ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងដែលបំបែកខ្លួន​ និងមានជម្លោះជាមួយរដ្ឋាភិបាលយេម៉ែន បានថ្កោលទោសការចាប់ជំរិតនេះ។ ក្រុមប្រឹក្សាអន្តរកាលបានហៅការចាប់ជំរិតនេះថាជាប្រតិបត្តិការភេរវករ។ 
 
គួរបញ្ជាក់ថា ការចាប់ជំរិតតែងកើតមានជាញឹកញាប់នៅយេម៉ែន។ ក្រុមកុលសម្ព័ន្ធប្រដាប់អាវុធ និងក្រុមយុទ្ធជនប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយនឹងអាល់កៃដា តែងចេញចាប់ជំរិតចំណាប់ខ្មាំង ដើម្បីប្តូរអ្នកទោស ឬសាច់ប្រាក់ជាដើម។ យេម៉ែន បានជាប់គាំងនៅក្នុងវិបិត្តនយោបាយនិងតែងផ្ទុះអំពើហិង្សា ចាប់តាំងពីចលនាហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានផ្តួលរំលំរដ្ឋាភិបាលពីរដ្ឋធានី Sanaa នៅចុងឆ្នាំ ២០១៤កន្លងទៅ។ បញ្ហាទាំងនេះ បានជំរុញឱ្យក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្វើអន្តរាគមន៍ជាច្រើនខែមកនេះ។ 
 
ក្នុងចំណោមក្រុមជាច្រើននៅយេម៉ែនកន្លងមក ក្រុមអាល់កៃដា និងក្រុមប្រដាប់អាវុធ ISIL (ISIS) បានធ្វើការវាយប្រហារជាច្រើនលើកជាពិសេសនៅភាគខាងត្បូងប្រទេស ដែលជំរុញឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន។ សង្រ្គាមនៅយេម៉ែនបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ មកទល់បច្ចុប្បន្នជា ៨០​ ភាគរយនៃប្រជាជនយេម៉ែនពឹងផ្អែកទាំងស្រុងលើជំនួយពីបរទេស​៕
 

Tag:
 UN
  យេម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com