កីឡាជាតិ
ជាតិ
ជំនួបជើងឯក AFF U23 ថ្ងៃនេះ ជាព្រឹត្តិការណ៍កីឡាដំបូងបំផុតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
14, Feb 2022 , 11:49 am        
រូបភាព
  កម្ពុជា ស្វាគមន៍ ព្រុយណេ បន្ទាប់ពីជំនួបរវាងទីម័រខាងកើត និងហ្វីលីពីន សម្រាប់ការប្រកួតពូល A ក្នុងយុទ្ធនាការដណ្តើមជើងឯក AFF U23 Championship 2022 រសៀលថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ នេះ គឺជាព្រឹត្តិការណ៍កីឡាដំបូងបំផុតដែលរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

 
ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃប្រមាណ១៦០លានដុល្លារអាម៉េរិកក្រោមជំនួយឥតសំណងពីចិន ក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ដណ្តើមជើងឯកយុវជនអាស៊ី-អាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship) ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាដំបូងបំផុត បើគិតចាប់តាំងពីការដាក់សម្ពោធវិមាននៃពហុកីឡដ្ឋាន ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ មក។
 


នាវេលាម៉ោង៧ល្ងាច U23 កម្ពុជា ត្រូវប្រកួតដំបូងនៅក្នុងពូល A ជាមួយ U23 ព្រុយណេ បន្ទាប់ពីជំនួបរវាងទីម័រខាងកើត និងហ្វីលីពីន នាវេលាម៉ោង៤រសៀល។ នេះមានន័យថា កម្ពុជាមិនមែនជាក្រុមទីមួយឡើយដែលបានទាត់បាល់ក្នុងការប្រកួតផ្លូវការលើកដំបូងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
ក្រោយការចាប់ផ្តើមធ្វើតេស្តកីឡាករពីដើមខែកុម្ភៈ មក ក្រុម U23 ដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ និងលោក Ryu Hirose ដែលជាគ្រូបង្វឹក ចម្រាញ់បានកីឡាករ២៨នាក់ សម្រាប់ព្រឹត្តិការណ៍នេះ ខណៈខ្សែប្រយុទ្ធឆ្នើម លឹម ពិសុទ្ធ ត្រូវបានដកចេញពីបញ្ជី ដោយសារបញ្ហារបួស។
 


កីឡាករទាំង២៨នាក់របស់កម្ពុជា រួមមាន អ្នកចាំទី៣នាក់ (ហ៊ុល គឹមហ៊ុយ, វីរៈ ដារ៉ា និង កយ សាលីម) ខ្សែការពារ១១នាក់ (ទេស សម្បត្តិ, យ៉ើ សាហ្វី, សឿត ណាវ៉ា, ស រតនា, អាត អូនទូច, ចាន់ សារ៉ាពេជ្យ, តាំង ប៊ុនឆៃ, នី សុខរី, សឿត បារាំង, ឈឿន វិស៊ីនុ, ឡេង ណូរ៉ា), ខ្សែបម្រើ៨នាក់ (មិន រតនៈ, ស៊ិន សុវណ្ណមករា, ជួន ចាន់ចាវ, ណុប ដេវីត, លឹម អារុណរ៉េយមិន, សាន គឹមហេង, ម៉ៅ ពិសេដ្ឋ, រដ្ឋ វិរៈ) និងខ្សែប្រយុទ្ធ៦នាក់ (សៀង ចន្ធា, ញាណ សុស៊ីដាន, សារ ទី, ណារ៉ុង កក្កដា, គី រីណា, អ៊ាង ពិសី)។
 
លោក Keisuke Honda បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា ក្រុមកីឡាករ និងរូបលោកផ្ទាល់ ពិតជាត្រូវការវត្តមានអ្នកគាំទ្រសម្រាប់ព្រឹត្តិការណ៍នេះ ប៉ុន្តែលោកដឹងច្បាស់ថា ស្ថានភាពជួបជុំក៏មិនអំណោយផលនោះដែរនាអំឡុងវិបត្តិកូវីដ-១៩។
 


សម្រាប់ជំនួបគូដំបូងនៃព្រឹត្តិការណ៍ AFF U23 Championship ទីម័រខាងកើតតទល់ជាមួយហ្វីលីពីន ដោយកាលពីជំនួបក្នុងពាន AFC U23 Championship កាលពីខែតុលា ទីម័រខាងកើតបានយកឈ្នះ ១-០។
 
លោក Stewart Hall គ្រូជម្រើសហ្វីលីពីនអាយុក្រោម២៣ឆ្នាំ បាននិយាយថា៖«យើង បានកំណត់គោលដៅឲ្យក្រុម ។ តាមរយៈការហ្វឹកហាត់ កីឡាករបានធ្វើការបង្ហាញយ៉ាងល្អ ហើយស្រេកឃ្លាន នូវអ្វីដែលពួកគេ ចង់បានក្នុងការប្រកួត និងបង្កើតកំណត់ត្រារបស់ពួកគេ»៕
 

 

Tag:
 ជំនួបជើងឯក AFF U23 ថ្ងៃនេះ ជាព្រឹត្តិការណ៍កីឡាដំបូងបំផុតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com