ជាតិ
កវី អ៊ីវ ហួត សរសេរកំណាព្យឧទ្ទិស​ដល់​ភរិយាជាទីស្រឡាញ់ ដែលបាន​ទទួលមរណភាព
14, Feb 2022 , 5:21 pm        
រូបភាព
វ័យ៨២ឆ្នាំ ព្រឹទ្ធាចារ្យ អ៊ីវ ហួត ប្រើប្រាស់កំណាព្យដើម្បីសំដែងការនឹករលឹកភរិយាជាទីស្រឡាញ់របស់ខ្លួន។ អ្នកស្រី ជា សាម៉ូរ បានទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរោគាពាធនៅមន្ទីរពេទ្យ Bichat ក្រុងប៉ារីស ប្រទេសបារាំង។



ព្រឹទ្ធាចារ្យ អ៊ីវ ហួត ត្រូវបានប្រសិទ្ធនាមថា «កវីដងប៉ាកាប្រាក់» ដោយលោកតែងតែសរសេរកំណាព្យបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ជាពិសេសទាក់ទងនឹងសម្ផស្សពាក្យកាព្យខ្មែរ វប្បធម៌ ក៏ដូចជាអំពីប្រាង្គប្រាសាទនានានៅតំបន់អង្គរ។ កើតនៅខេត្តកំពង់ចាមនាឆ្នាំ១៩៤០ លោក អ៊ីវ ហូត ទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសបារាំង ហើយបន្តធ្វើការនៅទីនោះ រហូតដល់ចូលនិវត្តន៍នាឆ្នាំ២០០៥។ លោកក៏ធ្លាប់មានតួនាទីជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរប្រចាំប្រទេសបារាំងផងដែរ។



ក្រោយចូលនិវត្តន៍ ព្រឹទ្ធាចារ្យប្រទេសកម្ពុជា ដោយមានគេហដ្ឋាននៅសៀមរាប និងនៅភូមិវត្តគរ ខេត្តបាត់ដំបង ដែលជាទីកំណើតរបស់អ្នកស្រី សាម៉ូរ ហើយវិលទៅបារាំងម្តងម្កាលដើម្បីត្រួតពិនិត្យសុខភាព។ ជាអកុសល្យ អ្នកស្រី សាម៉ូរ ដែលបានរួមដំណើរជីវិតជាមួយលោក អ៊ីវ ហួត នារយៈពេលប្រមាណ៣៥ឆ្នាំចុងក្រោយនេះ បានទទួលមរណភាពដោយរោគាពាធនៅប្រទេសបារាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ។

សម្រាប់ព្រឹទ្ធាចារ្យ អ៊ីវ ហួត ក្តីស្រឡាញ់ដ៏ធំធេង មិនមែនត្រឹមតែថ្ងៃ១៤ កុម្ភៈ ឬ Valentine’s Day (Saint Valentin) នោះឡើយ ប៉ុន្តែមានជានិរន្តន៍។ ក្រោយភរិយាជាទីស្រឡាញ់ទទួលមរណភាព កវីដងប៉ាកាប្រាក់ បានសរសេរកំណាព្យជាបន្តបន្ទាប់ឧទ្ទិសដល់អ្នកស្រី សាម៉ូរ ហើយតាមរយៈកំណាព្យ យើងអាចដឹងពីទំហំនៃក្តីស្រឡាញ់ដ៏ធំធេងរបស់កវី ចំពោះភរិយា។

សារព័ត៌មានថ្មីៗ ទទួលបានការអនុញ្ញាតពីព្រឹទ្ធាចារ្យ ដើម្បីយកកំណាព្យទាំងនោះ មកចុះផ្សាយជូនអ្នកអានដូចខាងក្រោម៖

អូនចែកឋានទៅ.. តែរស់នៅក្នុងចិត្តបងជានិច្ច..!
១. ភរិយាជាគ្រឹះ        ជួយសិក្សាទិស        ជ្រើសរើសជុំគ្នា
កន្សៃសារពេជ្រ         លេចជាប់គ្រប់គ្រា        ស្នេហាធានា
ជ័យាជីវិត។
២. អូនចែកឋានទៅ(១)    ទុកឲ្យបងនៅ         សោកសៅក្នុងចិត្ត
អនុស្សាវរីយ         មូលមីរថេរឋិត        ដង្ហែស្នេហ៍ស្និទ្ធ
ឥតភ្លេចមួយណា។
៣. ទេសចរអង្គរ        អូនបងសាទរ         វប្បធម៌ពណ៌អារ្យ៍
ពីនេះតទៅ         នៅក្នុងចិន្តា        បងថែជីវ៉ា
លុះត្រាថ្ងៃក្ស័យ។
៤. កំណាព្យកាព្យឃ្លោង    នៅតែយិតយោង         សណ្តោងហឫទ័យ
ដូចអូននៅជិត         ផ្តិតផ្ទេរមេត្រី        សង្ខារស្តារន័យ
សិរីមង្គល៕


ឧត្តមភរិយា

១. ឧត្តមភរិយា        ធ្លាប់កាន់ដៃគ្នា         ទារទៅអង្គរ
ប្រាសាទសិលា         ទស្សនាបន្ត        សិក្សាសាទរ
វប្បធម៌ជាតិខ្មែរ។
២. ឃើញប្រាង្គសាងសម    លើកដៃប្រណម្យ         សន្សំចិត្តស្នេហ៍
ស្មោះជាក់អរិយ         លៃគិតឥតល្ហែ        សូមរួមស្ម័គ្រថែ
រាល់តែជំនាន់។
៣. បាគងគ្រងចិត្ត  បងនិងវរមិត្រ ឲ្យស្និទ្ធពេកពន់
ខេមរាស្ថាបនា   ប្រាសាទសោភ័ណ  ធន(ធាន)ម្នុស្សពាក់ព័ន្ធ
គន់គិតចក្រភព។
៤. រូបថតជាកេរ  ពេលនឹកមាសមេ ផ្ទឹមផ្ទេរប្រារព្វ
ប្រាសាទណាខ្លះ រាប់ច្បាស់បានគ្រប់  រួមមិត្រសេពគប់
ចក្រភពអង្គរ៕



ជាមួយអូន បងមានអារម្មណ៍កវីជានិច្ច..! (បទកាកគតិ)
១. 'សំណាបយោងដី'  បងជាកវី ព្រោះ'ស្រីយោងប្រុស'
ប្រាជ្ញាស្មារតី ពិសីបណ្តុះ  ព្រលឹងបងស្រុះ
ឆ្លុះឆ្លាក់ ឆ្លងឆ្លើយ។
២. ជាពាក្យពេចន៍កាព្យ   ដូចដងសំណាប ងើបក្រាបឥតស្បើយ
វាយោអារម្មណ៍ រណ្តំចម្លើយ  ល្បះល្បែងតែងហើយ
នៅឡើយពីរោះ។
៣. បងអានឲ្យស្តាប់   អូនផ្ទៀងហើយប្រាប់ លំដាប់សម្រស់
បងកែប្រែតាម ស្នាមញញឹមស្រស់   បន្ទុំសម្ផស្ស
ដោះដូរសម្តី។
៤. អូនចែកឋានទៅ  បាត់បង់ស្រីពៅ នៅផ្ទេរមេត្រី
ពេលបងសរសេរ រេភ្លឹកនឹកស្រី  ស្ម័គ្រថែស្មារតី
កវីប្តីអូន៕


អូននិងបង ចិត្តមួយថ្លើមមួយ..! (បទកាកគតិ)
១. បងនិងវរមិត្រ  យល់ចិត្តគំនិត ជីវិតស្និទ្ធស្នេហ៍
អូនចាកឋានហើយ ឆ្លងឆ្លើយឥតល្ហែ  ស្មានអូននៅក្បែរ
ថែកេរមេត្រី។
២. សន្តានចិត្តអូន  គ្រប់គ្រាជាក្បូន ជូនទៅឋានជ័យ
សុខដុមរមនា ធានាភក្តី  បំពេរមេត្រី
រាល់ថ្ងៃជាភ័ព្វ។
៣. ឥឡូវប្រែអស់  ខានឃើញម៉ុមស្រស់ ផ្តោះផ្តងតាមគាប់
ឃើញរូបថតជាក់ ភ័ក្ត្រញញឹមជាប់  ស្រស់ស្រាយរៀបរាប់
រឿងធ្លាប់រីករាយ។
៤. ស្រមៃអូនរស់  មូលមីរពិគ្រោះ ស្ម័គ្រស្មោះនិយាយ
បន្លឺសម្លេង ស្តាប់ភ្លេងនាយអាយ  ញញឹមពព្រាយ
បងស្តាយអូនណាស់៕


អូន ជា សាម៉ូរ ឧត្តមភរិយារបស់បង..! (បទកាកគតិ)
១. អូនចែឋានទៅ  ទុកឲ្យបងនៅ លើផ្លូវ​សង្ខារ
ធ្លាប់កាន់ដៃគ្នា គ្រាមានទុក្ខា ដោះស្រាយបញ្ហា
ជីវ៉ាចារជ័យ។
២. សន្តានចិត្តម៉ុម   ត្រជាក់ត្រជុំ ទ្រនុំមេត្រី
'រលកទាំងគូ' តស៊ូក្នុងទ័យ   បញ្ហាចាស់ថ្មី
លៃដោះស្រាយបាន។
៣. បងរស់តែឯង   កណ្តោចកណ្តែង វាស់វែងប្រមាណ
អណ្តែតត្រសាត់ បាត់ភពសុខសាន្ត    តែត្រូវ ក្លាហាន
កាយប្រាណឈានថេរ។
៤. ស្រមៃក្នុងចិត្ត   ឃើញអូននៅជិត ស្និទ្ធស្នេហ៍បំពេរ
ពេលយប់សុបិន មិននៅទំនេរ  យើងរស់ទាំងទ្វេ
ផ្ទឹមផ្ទេមេត្រី៕

នៅភូមិវត្តគរ ក្រុងបាត់ដំបង នាផ្ទះឧបាសិកា ជា សាម៉ូរ..! (បទកាកគតិ)
១. គ្រួសារវត្តគរ   អបអរសាទរ បង្កកុសល
ឧបាសិកា ជា សាម៉ូរ ស្គាល់  បុណ្យទានឈានដល់
មង្គលពាល់ចិត្ត។
២. ចិត្តធម៌ក្នុងកាយ  ច្រើនធូរចំណាយ ចែកចាយត្រាយគិត
តាមលទ្ធភាពស្តែង បំបែងបានមិត្រ  ទោះឆ្ងាយឬជិត
ឥតខ្លាចដាចប្រាណ។
៣. មាតាបិតា  រង្វង់គ្រួសារ ស្ចាមិលៃថ្កាន
គិតស្អែកវែកញែក រំលែកចិត្តបាន  អារម្មណ៍សុខសាន្ត
សន្តានចិត្តល្អ។
៤. បាត់មុមតែមួយ  គ្រប់ប្រាណមានព្រួយ រញ្ជួយបន្ត
ពិសេសប្តីអូន ស្ងួនផ្ទួនស្មោះសរ  ទ្រូងប្រៀបចំហរ
ស្រមៃអូនស្និទ្ធ៕


អូនម៉ូរៗចាំទេ..! (បទកាកគតិ)
១. បាគងគ្រចិត្ត   ចាំទេវរមិត្រ តុសិតសួគ៌ឋាន
ហត្ថយើងប្រណម្យ ឃើញសមប្រមាណ  យើងទាំងពីរប្រាណ
សន្តានចិត្តហោះ។
២. ស្រឡាញ់អង្គរ  ចង់តែទៅមក៍ សាទរសម្រស់
'អង្គរទ្រលោក' ប្រាង្គភោគសម្ផស្ស  ថ្មល្អឥតខ្ចោះ
ចិត្តស្មោះទស្សនា។
៣. ចិត្តយើងចែកចាយ ចំណូលចំណាយ ត្រាយទុកកត់ត្រា
សន្សំសម្ចៃ លៃគិតសព្វសារ  មានថវិកា
សង្ខារចាស់វ័យ។
៤. បានដូចបំណង  ទស្សនាបាគង អន្ទងនិស្ស័យ
ប្រាង្គនៅច្រើនទៀត យើងឆ្លៀតដោយថ្ងៃ  វាសនាប្រាស្រ័យ
អាល័យស្រីណាស់៕


ភរិយាជាសម្បត្តិជីវិត..! (បទកាកគតិ)
១. ជាកិត្តិយសធំ  រឿងប្រពន្ធខ្ញុំ តម្កើងហូរហែ
ដោយសមាគម  អ្នកនិពន្ធខ្មែរ  ខ្ញុំសុំស្និទ្ធស្នេហ៍
ហូរហែតទៅ។
២. ភរិយាកវី(អ៊ីវហួត)  ជា សាម៉ូរ ន័យ សិរីតម្រូវ
មានសន្តានចិត្ត ប្រណីតច្រើនផ្លូវ  មន្តស្នេហ៍ចែចូវ
នៅថែក្បែរស្មេរ។
៣. ជាក់ជាសំណាង  ខ្ញុំបានកសាង ប្រាង្គទានបុព្វេ
យើងទាំងទ្វេប្រាណ សុខសាន្តម្លេះទេ  ខ្ញុំអាចគិតគ្នេរ
សរសេរប្រាប់បាន។
៤. សង្ខារមកស្កាត់  ឲ្យខ្ញុំបាទបាត់  សម្បត្តិចំណាន
ភរិយាឧត្តម  រស់ជុំជិតប្រាណ  ខ្ញុំខំក្លាហាន
សន្តានចិត្តនឹង៕

បងចារកំណាព្យពីរោះពីព្រោះអូនជួយ..! (បទកាកគតិ)
១. ភរិយាកវី  មានកិត្តិយសក្រៃ និស្ស័យនិពន្ធ
ជួយប្តីចែងចារ  អក្ខរាដោយគន់  ចុងចួនពាក់ព័ន្ធ
រយពាន់ពីរោះ។
២. អូនជួយប្តីច្រើន  ចំណារកើតកើន តឿនឲ្យពិគ្រោះ
ដើរតួនាទី ពិធីការស្មោះ  ផ្សំផ្គុំសម្រស់ សម្ផស្សអក្ខរា។
៣. អូនជាព្រលឹង  គ្រប់គ្រាបងប្រឹង សន្ធឹងប្រាជ្ញា
អូនជួយប្រាប់ប្រែ ឲ្យកែវាចា  រំលេចថ្ពេចសារ
លុះត្រាចារចំ។
៤. អូននៅជួយប្តី   ណ៎កែវពិសី  សម្តីច្នៃហ៊ំ
អួនជាស្មារតី ជួយលៃអារម្មណ៍  បងខំសន្សំ
សំណេរជូនជាតិ៕


  អូនម៉ូរជាភរិយាកវីអ៊ីវហួត..! (បទកាកគតិ)
១. បងជាកវី   ពេលបាត់បង៉ស្រី   បានអ្វីទីពឹង
លំហអារម្មណ៍  ពុំមានលំនឹង   ល្ហល្ហែវសន្ធឹង
នឹងដែនស្រមៃ។
២. ឃើញអូននៅជិត  សម្ភីនិមិត្ត ជីវិតស្និទ្ធន័យ
ផ្សំផ្គុំតម្រា មាតាធិបតេយ្យ  កក់ក្តៅពេញផ្ទៃ
មេត្រីច្នៃកេរ។
៣. ចែកតួនាទី  ភ្ជុំស្នាមសាមគ្គី មូលមីរម៉ឺនស្នេហ៍
មង្គលគ្រួសារ ស្ថាបនាហូរហែ  អ្វីក៏ប្រួលប្រែ
បែររកពុំងារ។
៤. អូនចាកឋានហើយ  ទ្រូងបងពុំស្បើយ ឆ្លងឆ្លើយសន្ទនា
អារម្មណ៍រំលេច ជាពេចន៍កាព្យា ធូរទ្រូងមួយគ្រា
ទារឲ្យចារទៀត៕

ចាប់តាំងពីថ្ងៃទី១១ ខែកុម្ភៈមក ព្រឹទ្ធាចារ្យ បន្តសរសេរកំណាព្យមួយទៀត ក្រោមចំណងជើងថា៖ «ភរិយាកវី.. ពន្យល់សប្តិប្តី ៖ អូនស្រឡាញ់បង អូនអាណិតបង..!»។ អត្ថបទកំណាព្យនេះ មិនទាន់ត្រូវបានបញ្ចប់ឡើយ ដោយកវី សរសេរបន្ថែមល្បះជាបន្តបន្ទាប់៕









© រក្សាសិទ្ធិដោយ thmeythmey.com