ជាតិ
រថយន្ត
ក្រសួងសាធារណការ ស្នើកាណាដាឱ្យពិនិត្យលទ្ធភាពអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងនៅភ្នំពេញ
14, Feb 2022 , 8:59 pm        
រូបភាព
រូបភាពហ្វេសប៊ុកក្រសួងសាធារណការ
រូបភាពហ្វេសប៊ុកក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល បានស្នើឱ្យកាណាដា ជួយពិនិត្យឡើងវិញ លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail នៅក្នុងរាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងនេះ មានគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។  ក្រៅពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងហើយនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏ស្នើកាណាដា ពិនិត្យលទ្ធភាពគាំទ្រដល់ វិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលជំនាញឱ្យកូនខ្មែរមានសមត្ថភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដោយខ្លួនឯង។

 
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យកាណាដា ជួយពិនិត្យឡើងវិញ លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមានប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail នៅក្នុងរាជធានីភ្នំពេញ។
សំណើនេះ ធ្វើឡើងនាជំនួបរវាង លោកស៊ុន រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា កាលពីថ្ងៃទី១០ កុម្ភៈ។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសធាណការ នាជំនួបពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា នាថ្ងៃទី១០ កុម្ភៈ។

សូមជម្រាបថា កន្លងមក កម្ពុជាបានបញ្ចប់ការសិក្សាជាបន្តបន្ទាប់ គម្រោងប្រព័ន្ធរថភ្លើងក្រោមដី និងគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីដ៏មមាញឹកនេះ។  
 
ជុំវិញគម្រោងនេះ លោក ហ៊ាង សទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រសួង បានសិក្សាពីលទ្ធភាព និងជម្រើស នៃការសាងសង់ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងមែន ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការសម្រេចជាក់លាក់ពីការអភិវឌ្ឍណាមួយនៅឡើយ។ អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់បន្ថែមថា រាល់ការអភិវឌ្ឍន៍គម្រោងនីមួយៗ ទាមទារការសិក្សាយូរ គួបផ្សំនឹងការស្វែងរកប្រភពថវិកាមកអភិវឌ្ឍផងដែរ។ លោក ហ៊ាង សទ្ធាយុទ្ធ បញ្ជាក់ដូច្នេះ៖ «ការសិក្សាវាជាជម្រើស វាអត់ទាន់ជាការសម្រេចចុងក្រោយ។ យើងគ្រាន់តែបានសិក្សាជាលក្ខណៈលទ្ធភាពមួយ ថាតើយើងនឹងត្រូវធ្វើរថភ្លើងហ្នឹង មិនទាន់មានអីលើសពីហ្នឹងទៀតទេ»។ 
  

លោក ហ៊ាង សទ្ធាយុត្តិ អ្នកនាំពាក្យក្រស_ារណការ និងដឹកជញ្ជូន។ រូបថត៖ ហ្វេសប៊ុកក្រសួង

ក្រៅពីលើកឡើង ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថយន្តភ្លើង នៅក្នុងរាជធានីភ្នំពេញ លោក ស៊ុន ចាន់ថុល ក៏បានស្នើឱ្យលោកស្រី Sarah Taylor ពិនិត្យលទ្ធភាពគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស  នៅក្នុងវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យកូនខ្មែរមានសមត្ថភាពខ្លាំងពូកែក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងតម្រូវការគ្រឿងចក្រ Stabilizer សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព។ 
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពហ្វេសប៊ុកក្រសួង​

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាល សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន (Clean Technology) និងបានស្នើឱ្យក្រសួងកំណត់នូវវិស័យនានា ដែលជាតម្រូវការចាំបាច់ និងអាទិភាពរបស់ខ្លួន សម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ។  លោកស្រី  Sarah Taylor បន្ថែមថា៖ «កាណាដាមានជំនាញបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយមិនធ្វើឱ្យបរិស្ថានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឱ្យកម្ពុជាបាន ហើយកំពុងស្វែងរកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សា សម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ»។
 


លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា។ រូបភាពហ្វេសប៊ុកក្រសួងសាធារណការ

បើតាមលោកស្រី  Sarah Taylor កាណាដាមានអាហារូបករណ៍ផ្តល់ជូនបណ្ដាប្រទេសអាស៊ានទាំងអស់ លើជំនាញជាច្រើនសម្រាប់ការកសាងសមត្ថភាព ការបញ្ជូនសាស្ត្រាចារ្យមកបណ្ដុះបណ្ដាលដោយផ្ទាល់ បទពិសោធន៍ និងការអនុវត្តល្អរបស់កាណាដា ទាក់ទងនឹងគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន (PPP) សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការចរចាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា៕
 

Tag:
 យានយន្ត
 រថភ្លើងក្រោមដី
  រថភ្លើងស្វ័យប្រវត្តិ
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com