អន្តរជាតិ
ដើម្បីទប់ឥទ្ធិពលចិន អាម៉េរិកបើកស្ថានទូតនៅកោះសូឡូម៉ុនឡើងវិញក្រោយបិទជិត៣០ឆ្នាំ
14, Feb 2022 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ក្នុងដំណើរទស្សនកិច្ចនៅកោះហ្វ៊ីជី។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ក្នុងដំណើរទស្សនកិច្ចនៅកោះហ្វ៊ីជី។ រូបថត AFP
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនសម្រេចបើកស្ថានទូតនៅកោះសូឡូម៉ុនឡើងវិញ បន្ទាប់បិទទ្វារជិត៣០ឆ្នាំ។ ទប់ស្កាត់ឥទ្ធិពលចិន ជាកត្តាចម្បងដែលនាំឱ្យអាម៉េរិកសម្រេចបើកស្ថានបេសកកម្មនៅប្រទេសតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះជាថ្មី។ ក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលចេញកាលពីចុងសប្ដាហ៍មុន រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានសង្កត់ធ្ងន់លើការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់ដែលកើតឡើងតាមរយៈចំណងសេដ្ឋកិច្ច យោធា ការទូត និងបច្ចេកវិទ្យា។

 
អំឡុងទស្សនកិច្ចនៅកោះសូឡូម៉ុនជាលើកដំបូងក្នុងពេល៤ទសវត្សរ៍ដោយប្រមុខការទូតអាម៉េរិក រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ប្រកាសបើកស្ថានទូតអាម៉េរិកឡើងវិញ។ អាម៉េរិក បិទស្ថានទូតនេះកាលពីឆ្នាំ១៩៩៣ ដែលធ្វើឱ្យដែនកោះដ៏ធំនេះ ជាប្រទេសមួយគត់គ្មានស្ថានទូតអាម៉េរិក ហើយការងារការទូតត្រូវទទួលបន្ទុកដោយស្ថានទូតនៅប៉ាពួអាស៊ីនូវែលហ្គីណេវិញ។ 
 
នៅដំណាក់កាលដំបូង អាម៉េរិកមិនទាន់សាងសង់អាគារផ្ទាល់ខ្លួនឡើយ ដោយជួលនឹងការិយាល័យតម្លៃ១២,៤លានដុល្លារសិន។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក។​ ទីតាំងស្ថានទូត នឹងដាក់នៅរដ្ឋធានី Honiara ដោយផ្ដើមពីបុគ្គលិកអាម៉េរិកពីរនាក់ និងបុគ្គលិកក្នុងស្រុក៥នាក់។ ស្ថាប័នពាក់ព័ន្ធ នឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅតាំងនៅដែនកោះនៅពេលបន្តបន្ទាប់ផងដែរ។
 
បិទ២៩ឆ្នាំហើយ ហេតុអ្វីអាម៉េរិកសម្រេចបើកស្ថានទូតឡើងវិញ?
 
ចិន ជាហេតុផលមួយគត់ដែលធ្វើឱ្យអាម៉េរិកសម្រេចចិត្តដូច្នេះ។ មិនថាក្នុងតំបន់ប៉ាស៊ីហ្វិក ឬកោះសូឡូម៉ុនឡើយ ឥទ្ធិពលចិនបានកើនយ៉ាងរហ័ស។ ការសម្រេចបើកស្ថានទូតនៅដែនកោះមួយនេះ ធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយក្នុងប្រទេសនេះក្នុងកាលៈទេសៈដែលឥទ្ធិពលចិនកើនឡើងខ្លាំង។ ចលនាប្រឆាំងចិន បានផ្ទុះឡើងរហូតមានការតវ៉ាហិង្សា។ 
 
កោះសូឡូម៉ុន សម្រេចផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយចាប់ដៃចិនវិញនៅឆ្នាំ២០១៩ ។
 

បាតុកម្មនៅកោះសូឡូម៉ុនកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត AFP
 
ជាមួយនាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare ដែលសម្រេចប្ដូរជំហរប្រទេស ក៏អាចបន្តតំណែងក្រោយយកឈ្នះការបោះឆ្នោតមិនទុកចិត្តកាលពីខែធ្នូ ឆ្នាំ២០២១ ។ ចិនវិញក៏បញ្ជូនទីប្រឹក្សាផ្នែកប៉ូលិសទៅកាន់កោះនេះដើម្បីបង្ហាត់ប៉ូលិស និងផ្ដល់ជួយជាគ្រឿងបរិក្ខាដូចជាខែល មួកការពារ និងដំបងជាដើម។
 
ដើម្បីទប់ស្កាត់ចិន អាម៉េរិកនឹងបង្កើតសកម្មភាពរបស់ខ្លួនក្នុងតំបន់។ នេះបើតាមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកចេញថ្ងៃទី១១ ខែកុម្ភៈ។ 
 
«ចិន បានបញ្ចូលសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យារួមគ្នា ដើម្បីពង្រីងឥទ្ធិពលក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ឯកសារយុទ្ធសាស្រ្តដែលមានកម្រាស់១៨ទំព័រ បញ្ជាក់បែបនេះ។ អាម៉េរិកក៏អះអាងថា ចិន បានខិតខំ ដើម្បីក្លាយជាមហាអំណាចដ៏មានឥទ្ធិពលបំផុត ហើយបានប្រើសកម្មភាពសម្លុតប្រទេសដទៃដោយប្រើអំណាចសេដ្ឋកិច្ចដាក់ប្រទេសផ្សេងដូចជាអូស្រ្តាលី ឬសម្ញែងកម្លាំងយោធាក្នុងករណីជាមួយឥណ្ឌា ឬបង្កើនអានុភាពនៅសមុទ្រចិនខាងត្បូង រួមទាំងដាក់សម្ពាធលើតៃវ៉ាន់ទៅទៀត។ 
 
បើតាមយុទ្ធសាស្រ្តដដែល អាម៉េរិក បានសន្យាពង្រឹងសមត្ថភាពរបស់ខ្លួន និងជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រជែងជាមួយចិន និងការពារផលប្រយោជន៍ និងចក្ខុវិស័យនាពេលអនាគត។ 
 
យ៉ាងណាមិញ អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងនៃយុទ្ធសាស្រ្តនេះ មិនមែនចង់ផ្លាស់ប្តូរចិនឡើយ ប៉ុន្តែវាជាការរក្សាយុទ្ធសាស្រ្តក្នុងដែនប្រតិបត្តិអាម៉េរិក កសាងតុល្យភាពឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីបញ្ហាខាងលើ យុទ្ធសាស្រ្តសេរី និងបើកចំហ វិបុលភាព ការភ្ជាប់ទំនាក់ទំនង ការពង្រឹងសន្តិសុខក្នុងតំបន់ ក៏ត្រូវបានអាម៉េរិកបញ្ជាក់ក្នុងយុទ្ធសាស្រ្តរបស់ខ្លួនដែរ៕
 

Tag:
 អាម៉េរិក
  ចិន
  កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com