ជាតិ
សង្គមជាតិ
ការជ្រោមជ្រែងរបស់សុភាព ដើម្បីកម្មកររោងចក្រ
15, Feb 2022 , 6:59 pm        
រូបភាព
ដោយ៖ លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គមអង្គការអុកស្វាម

អ្នកស្រី អឹម សុភាព អាយុ ៣៣ឆ្នាំ មានស្រុកកំណើត និងធំធាត់ឡើងនៅក្នុងគ្រួសារកសិករនៅខេត្តកំពង់ចាម។ កាលពីឆ្នាំ២០០៥ ប្រាក់ចំណូលពីការធ្វើកសិកម្មរបស់គ្រួសារសុភាព មិនឋិតថេរ និងមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារដែលមានសមាជិកប្រាំពីរនាក់។ សុភាព បានសម្រេចចិត្តមកទីក្រុងភ្នំពេញ ស្វែងរកការងារនៅរោងចក្រ ដើម្បីសម្រាលបន្ទុកចំណាយក្នុងគ្រួសារ រយៈពេល១៦ឆ្នាំកន្លងមកនេះ។

 
សុភាព ធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ ៦ថ្ងៃក្នុងមួយសប្តាហ៍ ពេលខ្លះគាត់ត្រូវធ្វើការនៅថ្ងៃអាទិត្យ បន្ថែមទៀត ដើម្បីរកប្រាក់ចំណូលឲ្យបាន២៨០ដុល្លារក្នុងមួយខែ។ គាត់ចាំបានថា ឆ្នាំ២០១៣ គឺជាឆ្នាំដែលកម្មកររោងចក្រជួបប្រទះស្ថានភាពលំបាកជាងគេ។ ថៅកែរោងចក្រ បានបង្ខំកម្មករឲ្យធ្វើការថែមម៉ោង មានការបញ្ឈប់កម្មករស្ត្រីមានផ្ទៃពោះ មិនមានការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីសម្រាលកូន កម្មករមិនមានសិទ្ធិពេញលេញនៅកន្លែងធ្វើការ កម្មករភាគច្រើនដែលមានកិច្ចសន្យាការងារខ្លី (៦ខែ) ភ័យខ្លាចថៅកែផ្តាច់កិច្ចសន្យាការងារ។ ដោយសារការបារម្ភភ័យខ្លាចបាត់បង់ការងារ កម្មករភាគច្រើនសុខចិត្តទ្រាំនៅស្ងៀម បើទោះជាមានការរំលោភបំពានពីថៅកែរោងចក្រយ៉ាងណាក៏ដោយ។
 
ដោយមើលឃើញស្ថានការណ៍អយុត្តិធម៌បែបនេះអស់រយៈពេលជាងដប់ឆ្នាំមកហើយ នៅឆ្នាំ ២០១៧ សុភាព សម្រេចចិត្តចូលរួមបង្កើតសហជីពមួយនៅក្នុងរោងចក្រដែលគាត់កំពុងធ្វើការ ហើយគាត់ត្រូវបានជាប់ជាអគ្គលេខាធិការក្នុងសហជីពនេះ និងក្រោយមកបានក្លាយជាប្រធានសហជីព។ សហជីពនេះ គឺជាសមាជិកនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។


 
អ្នកស្រី អឹម សុភាព មានប្រសាសន៍ថា សកម្មភាពនានារបស់សហជីព បានលើកកម្ពស់ការយល់ដឹង និងពង្រឹងសិទ្ធិកម្មករ។
 
«យើងធ្វើយ៉ាងណាឲ្យសមាជិកយើងទទួលបានព័ត៌មានតាមរយៈការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹងអំពីច្បាប់សហជីព និងច្បាប់ការងារជាដើម  ដើម្បីឲ្យពួកគាត់បានដឹងថាមានរឿងអីខ្លះកើតឡើងជុំវិញលក្ខខណ្ឌការងារ និងស្ថានភាពកម្មករ»។
 
ដោយសារសហជីពបានជួយដោះស្រាយបញ្ហា និងរកយុត្តិធម៌ជូនកម្មករ ទើបធ្វើឲ្យកម្មករជាច្រើនទៀត សុំចូលរួមជាមួយសហជីព។ បច្ចុប្បន្ន កម្មកររោងចក្រ ស្ទើរតែគ្រប់គ្នាបានក្លាយជាសមាជិកសហជីព ដែលមានចំនួនសរុបប្រហែលជិត ៦០០នាក់។
 
សុភាព មានប្រសាសន៍ថា «មានការលំបាកច្រើនក្នុងការតស៊ូមតិដើម្បីទទួលបានការគាំពារសង្គមកាន់តែប្រសើរឡើង និងការចរចារដើម្បីសិទ្ធិ និងអត្ថប្រយោជន៍កម្មករច្រើនជាងមុន តាមរយៈការចុះហត្ថលេខាលើអនុសញ្ញារួម ។ អនុសញ្ញារួមនេះជួយឲ្យលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករមានភាពប្រសើរជាងមុន»។


 
ក្នុងនាមជាប្រធានសហជីពស្ត្រីមួយរូប សុភាពសប្បាយចិត្តពេលឃើញអនុសញ្ញារួមត្រូវបានដាក់ឲ្យអនុវត្ត។ អនុសញ្ញារួមនេះ ផ្តល់អត្ថប្រយោជន៍ដល់កម្មករច្រើនជាងអត្ថប្រយោជន៍ជាមូលដ្ឋានដែលមានចែងក្នុងច្បាប់ ដូចជា ពេលស្ត្រីសម្រាលកូនអាចឈប់សម្រាក់មាតុភាពបានចំនួន៨ថ្ងៃបន្ថែម (គឺ៩៨ថ្ងៃ រីឯច្បាប់បានកំណត់ត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ) ផ្តល់ប្រាក់ ៨ដុល្លារដល់កម្មករដែលមានកូនដំបូងសម្រាប់ទិញទឹកដោះគោឲ្យកូនរហូតដល់កូនមានអាយុ១៨ខែ និង១២ដុល្លារទៀតសម្រាប់ការថែទាំកូនរហូតដល់កូនមានអាយុ១៨ខែ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភអាហារបន្ថែមពេលធ្វើការថែមម៉ោង និងទទួលសេវាគាំពារសង្គមតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាដើម។
 
សុភាព យល់ថាកិច្ចគាំពារសង្គមអាចល្អប្រសើរជាងនេះ ប្រសិនបើអ្នកផ្តល់សេវា (ប.ស.ស)  ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ និងមានភាពរួសរាយរាក់ទាក់។
 
«បងប្អូនកម្មករ គាត់បានរាយការណ៍មកខ្ញុំថា នៅពេលដែលពួកគេប្រើប្រាស់បណ្ណ ប.ស.ស ពេលទៅពិនិត្យសុខភាព ឬព្យាបាល ភាគច្រើនវាមានភាពយឺតយ៉ាវ ហើយដូចបងប្អូនកម្មករចឹងគេមិនសូវយកចិត្តទុកដាក់ជាមួយពួកគាត់ដូចអ្នកកាន់លុយទៅព្យាបាល»។
 
អ្នកស្រី អឹម សុភាព បានជំរុញឲ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការពិនិត្យ និងព្យាបាលដល់កម្មករបន្ថែមទៀត បង្កើនប្រសិទ្ធិក្នុងការព្យាបាល និងជាពិសេសស្នើឲ្យកម្មករធ្វើការនៅក្នុងរោងចក្រស៊ីឈ្នួលបន្តទទួលសេវា(ប.ស.ស) និងអនុវត្តរបបសោធននិវត្តន៍ឲ្យបានឆាប់រហ័ស៕







Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com