ជាតិ
សង្គមជាតិ
កិច្ចគាំពារសង្គមសម្រាប់អ្នករត់រ៉ឺម៉កកង់បីស្ត្រី
16, Feb 2022 , 8:59 am        
រូបភាព
ដោយ៖ លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គមអង្គការអុកស្វាម
 
អ្នកស្រី សែម ស្រីម៉ៅ អាយុ៣០ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីទេសចរណ៍។ ជារៀងរាល់ព្រឹក ស្រីម៉ៅ ចាប់ផ្តើមដោយការបោសសម្អាតផ្ទះ ធ្វើម្ហូប និងរៀបចំអាហារពេលព្រឹកសម្រាប់កូនទាំងពីររបស់ខ្លួន រួចទើបដឹកកូនៗទៅសាលារៀន។ បន្ទាប់មក ស្រីម៉ៅ បើកកម្មវិធីទូរសព្ទដៃ រង់ចាំដឹកភ្ញៀវ រហូតម៉ោង១០យប់ ទើបស្រីម៉ៅត្រលប់មកផ្ទះវិញ។

 
អ្នកស្រីបានមានប្រសាសន៍ថា «អ្នករត់កង់បីដូចជាពួកខ្ញុំ ត្រូវបានគេចាត់ទុកថាជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសារមុខរបរនេះ យើងដើរតួជាម្ចាស់ផង ជាបុគ្គលិកផង។ យើងអត់មានប្រាក់ខែទេ ខុសពីបុគ្គលិករោងចក្រ ឬក្រុមហ៊ុន ។ បើយើងអត់ប្រឹងធ្វើការ យើងអត់មានលុយតាមហ្នឹងដែរ»។
 
ជីវិតជាអ្នករត់រ៉ឺម៉កកង់បីរបស់ ស្រីម៉ៅ តែងជួបប្រទះនឹងការលំបាកជាប្រចាំ ហើយការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យមុខរបររបស់ស្រីម៉ៅកាន់តែលំបាកជាងមុន។ ជាងនេះទៀត  ស្ថានភាពជំងឺកូវីដ១៩ មានការអូសបន្លាយយូរជាងការរំពឹងទុក។ ការរាំងខ្ទប់ដើម្បីកាន់បន្ថយការរីករាលដាលនៃជំងឺ ក្តីបារម្ភខ្លាចឆ្លងជំងឺរបស់អតិថិជន បានធ្វើឲ្យប្រភពចំណូលតែមួយគត់របស់ស្រីម៉ៅ ធ្លាក់ចុះយ៉ាងខ្លាំង។ ពេលនេះ គាត់រកបានលុយតិចជាងមុន ប៉ុន្តែត្រូវចំណាយច្រើនជាងមុន។ កាលពីមុន ស្រីម៉ៅ ធ្លាប់រកបាន ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក ស្រីម៉ៅរកបានត្រឹម ១ ម៉ឺនរៀល ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ថ្ងៃខ្លះ គាត់មានសំណាងអាចរកបាន ២ ម៉ឺនរៀល។
 
ស្រីម៉ៅនិយាយថា «ពិបាកខ្លាំងមែនទែន ជាពិសេស២ឆ្នាំចុងក្រោយ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩នៅស្រុកយើង ដូចថា អត់មានអ្នកជិះកង់បីទេ។ ភ្ញៀវខ្លាចឆ្លងអីចឹង គាត់អត់ហ៊ានជិះកង់បីទេ។ រកបានតិចជាងមុនហើយ ថ្លៃហ្គាសឡើងថ្លៃទៀត ហើយថ្លៃសេវាក្រុមហ៊ុនកម្មវិធីបើកបរហ្នឹងក៏ឡើងទៀត។


 
ស្រីម៉ៅ ស្ថិតក្នុងចំណោមប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវបង់កម្ចីការប្រាក់ជារៀងរាល់ខែ។ គាត់ជំពាក់លុយ ៣ពាន់ដុល្លារដើម្បីទិញរ៉ឺម៉កកង់បី នៅពេលគាត់សម្រេចចិត្តចាប់ផ្តើមរបរនេះ កាលពីដើមឆ្នាំ២០២០ គឺ៣ខែគត់ មុនពេលមានជំងឺកូវីដ១៩ ឆ្លងនៅកម្ពុជា។
 
សម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចស្រីម៉ៅ ថ្លៃព្យាបាលជាបន្ទុកចំណាយធំជាងគេ ជាពិសេសនៅពេលតម្រូវឲ្យមានការវះកាត់។ ស្រីម៉ៅ មិនមានលទ្ធភាពចំណាយថ្លៃមន្ទីរពេទ្យនោះទេ ហេតុនេះគាត់កម្រទៅពិនិត្យនៅមន្ទីរពេទ្យណាស់។
 
ស្រីម៉ៅ មានប្រសាសន៍ថា «ពេលឈឺម្តងៗ ខ្ញុំមិនដែលហ៊ានទៅពេទ្យទេ។ យើងអត់មានលុយ។ ដូចថាឈឺក្បាល ក្តៅខ្លួនអីចឹង ទៅទិញថ្នាំ មួយពេល ពីរពេលអីចឹងទៅ។ ពេលបានធូរបន្តិច ក៏រត់កង់បីតទៀត»។
 
ស្រីម៉ៅបានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ពេលនេះ គាត់ជាលេខារបស់ក្រុមប្រឹក្សាតំណាងនិងជាថ្នាក់ដឹកនាំក្រុមអ្នករត់កង់បីស្ត្រី ដែលមានសមាជិកជាអ្នកបើកកង់បី៧៩នាក់ ផ្សេងទៀត។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗទៀតទាក់ទងនឹងកិច្ចគាំពារសង្គម។


 
ស្រីម៉ៅ ដឹងក្នុងចិត្តយ៉ាងច្បាស់ថា ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)  គឺជា ឧបករណ៍គាំពារដ៏សំខាន់ដែលគាត់ត្រូវការពីរដ្ឋាភិបាល។ ស្រីម៉ៅថា គាត់នឹងមានអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រសិនបើកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានការពារដោយរបបគាំពារសង្គម ជាពិសេសអ្នកមានមុខរបរងាយប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ ដូចជារូចគាត់។ បន្ថែមពីនេះ មុខរបរបើករ៉ឺម៉កកង់បី ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាតនៃជំងឺកូវីដ១៩។
 
ស្រីម៉ៅ និយាយថា «ខ្ញុំសង្ឃឹមថា ប័ណ្ណ ប.ស.ស ក៏មានផ្តល់ឲ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាអ្នកបើកកង់បីដូចពួកខ្ញុំផងដែរ។ យ៉ាងហោចណាស់ វាជួយឲ្យខ្ញុំអាចទៅទៅមន្ទីរពេទ្យនៅពេលចាំបាច់ ពេលខ្ញុំអត់មានលុយ។ អ្នកបើកបរនៅលើដងផ្លូវដូចខ្ញុំ តែងតែប្រថុយប្រថាននឹងគ្រោះថ្នាក់ចរាចរណ៍។  យើងមើលអត់ឃើញថា ដល់ពេលហ្នឹង យើងមានរឿងអី ហើយត្រូវចំណាយលុយអស់ប៉ុន្មានទេ»។
 
ស្រីម៉ៅបន្ថែមថា «ពួកខ្ញុំរាល់ថ្ងៃ ក៏ជាអ្នកបង់ពន្ធជូនរដ្ឋដែរ ហេតុនេះពួកខ្ញុំគួរទទួលបានការការពារពីប្រព័ន្ធរដ្ឋ ដូចគេដូចឯង»។
 
ស្រីម៉ៅ បានយល់ដឹងច្រើនអំពីតួនាទីរបស់រដ្ឋាភិបាល ក្នុងការផ្តល់កិច្ចគាំពារដល់ពលរដ្ឋដែលជួបគ្រាលំបាកក្នុងជីវិត ហើយគាត់ប្តេជ្ញាចិត្តចងក្រងស្ត្រីអ្នករត់កង់បីឲ្យបានច្រើនដើម្បី បណ្តុះបណ្តាលពួកគាត់អំពីសិទ្ធិ និងការការពារសិទ្ធិរបស់អ្នករត់កង់បីស្ត្រី ដើម្បីលុបបំបាត់ការរំលោភបំពាន និងការរើសអើងគ្រប់ប្រភេទ ព្រមទាំងព្យាយាមធ្វើយ៉ាងណាឲ្យទទួលបានការគាំទ្រពីរដ្ឋាភិបាលនាពេលអនាគត៕










 

Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com