COVID-19
អន្តរជាតិ
អ្នកជំនាញUN៖ អ្នកស្លាប់ដោយការបំពុលសារធាតុគីមីមានច្រើនជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩
16, Feb 2022 , 8:29 pm        
រូបភាព
ដោយ:
របាយការណ៍បរិស្ថានមួយរបស់អ្នកជំនាញអង្គការសហប្រជាជាតិ(UN) ដែលចេញនៅថ្ងៃទី១៥ ខែកុម្ភៈ បញ្ជាក់ថា ការបំពុលចេញពីបណ្តាប្រទេស និងក្រុមហ៊ុននានា កំពុងរួមចំណែកយ៉ាងធំដល់ចំនួនមរណភាពនៅទូទាំងពិភពលោក ដែលមានច្រើនជាងអត្រាស្លាប់ដោយជំងឺកូវីដ-១៩។ របាយការណ៍នេះ បានអំពាវនាវឱ្យមានចំណាត់ការជាបន្ទាន់ និងមានវិធានការហាមឃាត់សារធាតុគីមីពុលមួយចំនួន។


 
របាយការណ៍របស់អ្នករាយការណ៍ពិសេសផ្នែកបរិស្ថាន UN លោក David Boyd ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស មុនការបង្ហាញទៅកាន់ក្រុមប្រឹក្សានៅកិច្ចប្រជុំទីក្រុងហ្សឺណែវនាខែមីនាខាងមុខ។
 
របាយការណ៍ខាងលើបានបញ្ជាក់ថា ការបំពុលដែលចេញពីថ្នាំសម្លាប់សត្វល្អិត ប្លាស្ទិក និងកាកសំណល់អេឡិតត្រូនិក កំពុងបង្កការរំលោភសិទ្ធិរស់រានរបស់ប្រជាជន និងបណ្តាលមនុស្សយ៉ាងតិច៩លាននាក់ស្លាប់មុនអាយុក្នុងរយៈពេលមួយឆ្នាំ។ តួលេខនេះ មានច្រើនជាងករណីជំងឺកូវីដ-១៩ ដែលសម្លាប់មនុស្សទូទាំងពិភពលោកជិត៥,៩លាននាក់តាំងពីផ្ទុះឡើងមក។ 
«វិធីសាស្រ្តបច្ចុប្បន្នលើការគ្រប់គ្រងហានិភ័យដែលបង្កដោយការបំពុល និងសារធាតុគីមី កំពុងបង្ហាញពីបរាជ័យដែលនាំឱ្យមានការរំលោភសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាព។» លោក Boyd បានសរសេរបែបនេះក្នុងរបាយការណ៍ដដែល។
 
លើសពីនេះ របាយការណ៍ ក៏បានជំរុញឱ្យហាមឃាត់សារធាតុ Polyfluoroalkyl និង Perfuloroalkyl ដែលជាសារធាតុផលិតដោយមនុស្ស និងត្រូវយកទៅប្រើប្រាស់ក្នុងផលិតផលផ្ទះបាយដូចជាឆ្នាំង និងខ្ទះដែក ដោយសារធាតុនេះអាចបង្កជំងឺមហារីកលើអ្នកប្រើប្រាស់។ សារធាតុទាំងពីរ ត្រូវគេហៅថា «សារធាតុគីមីយូរគង់វង្ស ដែលមិនងាយបំបែក ឬរលាយទៀតផង។
បើតាមអ្នកជំនាញរបស់ UN ដែលសិក្សាលើករណីនេះ បញ្ហាសារធាតុបំពុលខ្លាំងតម្រូវឱ្យមានការសម្អាតទីតាំងដែលមានរងការបំពុល ហើយក្នុងករណីធ្ងន់ធ្ងរខ្លាំង ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជន ត្រូវធ្វើតែធ្វើ។ អ្នករងផលប៉ះពាល់ភាគច្រើនជាក្រុមមនុស្សក្រីក្រ និងជនជាតិភាគតិច។
 
កាកសំណល់គីមី ត្រូវបានកំណត់ជាផ្នែកមួយក្នុងការចរចានៅសន្និសិទស្តីពីបរិស្ថានរបស់អង្គការសហប្រជាជាតិនៅក្រុងណៃរ៉ូប៊ីរបស់កេនយ៉ា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈផងដែរ។ កាលពីខែតុលាឆ្នាំ២០២១ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN បានបញ្ចូលលបរិស្ថានស្អាត ជាផ្នែកមួយនៃសិទ្ធិមនុស្សដែរ៕
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com