ជាតិ
សង្គមជាតិ
បិទDomain name ចំនួន១៥ ដែលដំណើរការល្បែងឆ្នោត និងបន្លំសុំទិដ្ឋាការខុសច្បាប់
16, Feb 2022 , 5:22 pm        
រូបភាព
និយ័តករទូរគមនាគមន៍កម្ពុជា  បានបិទខ្ទប់ឈ្មោះដែន (Domain name) ចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា និងឈ្មោះដែនដែលក្លែងបន្លំជាឈ្មោះដែនសម្រាប់ការស្នើសុំទិដ្ឋាការ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា  នៅថ្ងៃទី១៦ កុម្ភៈ បានបញ្ជាក់ទៀតថា កន្លងមក ស្ថាប័ននេះ ក៏ធ្លាប់បិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន ២៥រួចហើយដែរ។

 
ជាមួយនឹងវិធានការនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួន ថានឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែនដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោតខុសច្បាប់កម្ពុជា។
 
និយ័តករទូរគមនាគមន៍កម្ពុជា ក៏ស្នើឱ្យពលរដ្ឋរាយការណ៍ឈ្មោះដែនដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារក្នុងប្រទេសកម្ពុជា ទៅកាន់លេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គមហ្វេសប៊ុករបស់និយ័តករទូរគមនាគមន៍កម្ពុជាតាមរយៈ។ រាល់ការរាយការណ៍នឹងត្រូវរក្សាទុកជាការសម្ងាត់។ នេះជាការអះអាងរបស់និយ័តករទូរគមនាគមន៍កម្ពុជា៕
 

Tag:
 ឆ្នោត
 ល្បែងអនឡាញ
 ទូរគមនាគមន៍
 អ៊ីនធឺណិត
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com