ជាតិ
សង្គមជាតិ
ការលើកកម្ពស់បុគ្គលិកស្ត្រី និងមាតុភាព
17, Feb 2022 , 7:59 am        
រូបភាព
ដោយ៖ លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គមអង្គការអុកស្វាម
 
អ្នកស្រី សួស ស្រីឡែន អាយុ ៣១ឆ្នាំ បានចូលធ្វើការជាបុគ្គលិកក្រុមហ៊ុន កូកាកូឡា នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងរាជធានីភ្នំពេញ ជាង៦ឆ្នាំហើយ។ គាត់មានកូនពីរនាក់ អាយុ៦ឆ្នាំ និងអាយុ១ឆ្នាំ ហើយបច្ចុប្បន្នកំពុងពពោះកូនទី៣ បាន៤ខែ។

 
មុនពេលចូលធ្វើការនៅក្រុមហ៊ុន កូកាកូឡា ស្រីឡែន គឺជាជំនួយការចុងភៅនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ហើយក្រោយមកបានធ្វើការជាកម្មករកាត់ដេរបានប្រហែលមួយឆ្នាំ។
 
រយៈពេល ៥ឆ្នាំកន្លងមកនេះ ស្រីឡែន បានទទួលការគាំពារ និងអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) តាមរយៈប័ណ្ណ ប.ស.ស ដោយទទួលបានការពិនិត្យ ការថែទាំ និងព្យាបាលដោយឥតគិតថ្លៃ។ ដោយសារស្រីឡែន មានការចំណាយសំខាន់ៗច្រើនផ្សេងទៀតក្នុងគ្រួសារ រួមទាំងថ្លៃសាលាកូនៗទាំង២របស់គាត់ ថ្លៃទឹក ភ្លើង និងម្ហូបអាហារជាដើម ដូច្នេះហើយ ស្រឡែន ព្យាយាមសន្សំសំចៃចំណាយថ្លៃមន្ទីរពេទ្យ ដែលកើតមានក្រៅការគ្រោងទុក។
 
ក្នុងនាមជាស្ត្រីមានផ្ទៃពោះមួយរូប ស្រីឡែន កត់សម្គាល់ឃើញអាកប្បកិរិយារបស់ខ្លួនមានការផ្លាស់ប្តូរ មុន និងក្រោយពេលមានប័ណ្ណប.ស.ស.។ 


 
ស្រីឡែន មានប្រសាសន៍ថា «កាលពីពេលខ្ញុំអត់ទាន់មានប័ណ្ណ ប.ស.ស. ខ្ញុំមិនហ៊ានទៅពេទ្យទេ ទាល់តែខ្ញុំឈឺធ្ងន់អី បានទៅពេទ្យ។ តែ ឥឡូវខ្ញុំមានទំនុកចិត្តទៅពិនិត្យសុខភាពនៅពេទ្យ ពេលខ្ញុំឈឺ។ ដូចថា ខ្ញុំមានអារម្មណ៍ថាកក់ក្តៅជាងមុនដោយសារយើងដឹងថា ប័ណ្ណប.ស.ស នឹងរ៉ាប់រងថ្លៃថ្នាំ ថ្លៃព្យាបាលឲ្យខ្ញុំអញ្ចឹង»។
 
ជាមួយ ប័ណ្ណប.ស.ស. ស្រីឡែន មានភាពកក់ក្តៅទៅពិនិត្យ និងតាមដានសុខភាពផ្ទៃពោះយ៉ាងទៀងទាត់។ «ខ្ញុំក៏បានប្រើប័ណ្ណប.ស.ស ពេលទៅពិនិត្យ និងសម្រាលកូនទីពីររបស់ខ្ញុំនៅមន្ទីរពេទ្យកាល់ម៉ែតដែរកាលពីមុន។ កូនទីបីខ្ញុំ ក៏អ៊ីចឹងដែរ»។
 
ស្រីឡែន បានក្លាយជាសមាជិកសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)  អស់រយៈពេលបីឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ ស្រីឡែនបានចូលរួមក្នុងសិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ ដែលផ្តោតសំខាន់លើផ្នែកថែទាំសុខភាពមាតា និងទារក។ កាលពី៦ខែមុន ស្រីឡែន ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្នាក់ដឹកនាំតំណាងអោយបុគ្គលិកកម្មករនៅក្នុងសហជីពក្នុងតួនាទីជាហិរញ្ញិកផងដែរ។ 
 
ក្នុងតួនាទីដឹកនាំថ្មីនេះ ស្រីឡែន ប្ដេជ្ញាប្រមូលផ្តុំឲ្យមានកម្មករ និងបុគ្គលិកស្ត្រីបន្ថែមទៀត ចូលរួមក្នុងសហជីព ដើម្បីអាចដោះស្រាយ និងឆ្លើយតបឲ្យបានត្រឹមត្រូវចំពោះបញ្ហាស្ត្រីនានា ដែលកើតមានឡើងនៅកន្លែងធ្វើការ។


 
«ខ្ញុំសប្បាយចិត្ត ដែលត្រូវបានជ្រើសរើសជាតំណាងកម្មករ។ ក្នុងនាមខ្ញុំជាស្ត្រីម្នាក់  ខ្ញុំមានចង់ជួយលើកកម្ពស់តួនាទីស្ត្រី និងលើកទឹកចិត្តពួកគាត់ហ៊ានលើកយកនូវបញ្ហាកង្វល់ និងបញ្ចេញមតិរបស់ពួកគេ។សំខាន់ជាងនេះទៅទៀត គឺខ្ញុំចង់កៀងគរស្ត្រីកាន់តែច្រើនឲ្យចូលរួមក្នុងសហជីព»។
 
បន្ថែមពីលើការកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងអំពីកិច្ចគាំពារសង្គម និងយេនឌ័រ ស្រីឡែន ថា សហជីពក៏ជួយកម្មករឲ្យទទួលបានលក្ខខ័ណ្ឌការងារសមរម្យ និងប្រាក់ចំណូលនឹងនរផងដែរ។
 
ស្រីឡែន និយាយថា «កាលណាយើងមានគ្នាច្រើន យើងងាយស្រួលចរចារជាមួយថៅកែ  ដើម្បីទាមទារឲ្យថៅកែផ្តល់ផលប្រយោជន៍ការងារដែលយើងសមនឹងទទួលបាន។ ពីមុនធ្លាប់មានករណីដែលថៅកែគាត់បានបណ្តេញបុគ្គលិកចេញដោយអត់សមហេតុផល។ យើងបានតវ៉ា ហើយបានទាមទារឲ្យសមាជិកសហជីពយើងអាចចូលធ្វើការវិញ»។
 
កន្លងមក សហជីពក៏បានចរចារឲ្យក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដល់កម្មករ ផ្តល់កន្លែងស្នាក់នៅដល់កម្មករ ព្រមទាំងមានផ្តល់ប្រាក់ឧបត្ថម្ភជំនួសការសង់ទារកដ្ឋានចំនួន ៨០ដុល្លារ ក្នុងមួយខែ រហូតដល់កូនមានអាយុ៣៦ខែផងដែរ៕








 

Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com