ជាតិ
សង្គមជាតិ
«ចង្កឹះមួយបាច់ កាច់មិនបាក់» ធ្វើការរួមគ្នា ដើម្បីភាពប្រសើររបស់កម្មករបម្រើការតាមផ្ទះ
19, Feb 2022 , 7:59 am        
រូបភាព
ដោយ៖ លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គមអង្គការអុកស្វាម
 
អ្នកស្រី ផុន ស្រីមុំ អាយុ ៤១ ឆ្នាំ ជាជនជាតិដើមភាគតិចព្រៅ មកពីខេត្តរតនគិរី។ អ្នកស្រី បានធ្វើការតាមផ្ទះឲ្យជនបរទេសដែលស្នាក់នៅកម្ពុជាអស់រយៈពេលជិតដប់ឆ្នាំហើយ។ មុនពេលធ្វើអ្នកធ្វើការតាមផ្ទះ ស្រីមុំ ធ្លាប់ជាបុគ្គលិកផ្នែកអនាម័យនៅក្រុមហ៊ុនឯកជន និងធ្លាប់ធ្វើការនៅតាមសណ្ឋាគារនានា។

 
ការទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្រីមុំ។ ដោយសារសហគមន៍ដែលគាត់ធ្លាប់រស់នៅនៅក្នុងខេត្តតរតនគិរី នៅឆ្ងាយពីមណ្ឌលសុខភាព ហើយគាត់មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាលផង កូនភ្លោះរបស់គាត់ម្នាក់បានបាត់បង់ជីវិតកាលពីគេនៅតូច។
 


កាលនោះ អ្នកស្រីបានធ្វើដំណើរទៅវិញ ទៅមករវាងទីក្រុងភ្នំពេញ និងខេត្តរតនគិរីជាញឹកញាប់ ដើម្បីបញ្ជូនកូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ជាអកុសល កូនភ្លោះរបស់គាត់ម្នាក់ នៅតែមិនអាចជួយសង្គ្រោះបានទាន់ពេល។
 
ដើម្បីចៀសវាងបទពិសោធន៍ដ៏ជូរចត់ដដែលនេះកើតឡើងម្តងទៀត ហើយអាចធានាថាកូនប្រុសតែម្នាក់គត់ដែលនៅរស់រានមានជីវិតអាចទទួលបានសេវាសុខភាព និងការព្យាបាលទាន់ពេល អ្នកស្រីបានសម្រេចចិត្តផ្លាស់មករស់នៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ន កូនប្រុសគាត់មានអាយុ ១៦ឆ្នាំហើយ។
 
ដោយសារស្រីមុំ រស់នៅ និងធ្វើការជាមួយម្ចាស់ផ្ទះជាជនបរទេស អ្នកស្ត្រីធ្លាប់បានយល់ដឹងអំពីសិទ្ធិស្ត្រី និងបញ្ហាយេនឌ័រ ប៉ុន្តែ ក្រោយស្រីមុំ ចូលរួមជាមួយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គាត់មានការភ្ញាក់ផ្អើលនៅពេលដឹងថា អ្នកធ្វើការតាមផ្ទះ ក៏មានសិទ្ធិ និងអាចចរចាជាមួយម្ចាស់ផ្ទះ ដើម្បីទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។


 
កាលពី៥ឆ្នាំមុន ស្រីមុំបានដឹងតិចតួចប៉ុណ្ណោះអំពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)ឬសិទ្ធិកម្មករ។ ក្រោយមកមិត្តភ័ក្ដិរបស់អ្នកស្រីដែលជាសមាជិក IDEA បានហៅស្រីមុំឲ្យចូលរួមជាមួយ IDEA។ ដំបូងឡើយ អ្នកស្រីមានភាពស្ទាក់ស្ទើរ ហើយមិនប្រាកដថា IDEA ជាសមាគមដែលអាចជឿទុកចិត្តបាន ឬស័ក្តិសមសម្រាប់ការងារជាអ្នកធ្វើការតាមផ្ទះដែរឬទេ។ ក្រោយមកទៀត អ្នកស្រី បានសាកល្បងចូលរួមក្នុងសកម្មភាព និងវគ្គបណ្តុះបណ្តាលរបស់ IDEA ពីរបីដង ទើបស្រីមុំសម្រេចចិត្តចូលរួមជាមួយ IDEA។ 
 
ការសម្រេចចូលជាសមាជិកនេះ ក៏ដោយសារស្រីមុំយល់ឃើញថា សមាគម និងសកម្មភាពរបស់ IDEA ពិតជាមានទស្សនវិស័យល្អ និងស្របតាមអ្វីដែលអ្នកស្រីចង់បាន ពោលគឺ ការកែលម្អសិទ្ធិ និងលក្ខខ័ណ្ឌការងារកម្មករ ជាពិសេសសម្រាប់កម្មករក្រៅប្រព័ន្ធដូចជារូបគាត់។
 


ស្រីមុំ និយាយថា៖ «ខ្ញុំនៅចាំបានថា កាលនោះ ពួកយើងសប្បាយចិត្ត និងមានក្តីសង្ឃឹមខ្លាំងណាស់នៅពេលដែលយើងបានដឹងពីសិទ្ធិរបស់យើង និងអ្វីដែលយើងសមនឹងទទួលបាន បើទោះបីជាយើងជាកម្មករតាមផ្ទះក៏ដោយ។ និយាយទៅ សកម្មភាពរបស់ IDEA បានជួយពង្រឹងសិទ្ធិអំណាច និងគាំទ្រដល់ស្ត្រីបម្រើការងារតាមផ្ទះដូចជាខ្ញុំ ក្នុងការបញ្ចេញមតិ។ បន្ទាប់មក ខ្ញុំក៏ទទួលបានប័ណ្ណ ប.ស.ស. សម្រាប់សេវាព្យាបាលដោយឥតគិតថ្លៃថែមទៀត»។
 
កម្មករបម្រើការតាមផ្ទះប្រឈមនឹងការលំបាកជាច្រើនដូចជា រងការរំលោភបំពានពីម្ចាស់ផ្ទះ ធ្វើការថែមម៉ោងដោយមិនទទួលបានប្រាក់កម្រៃ មិនទទួលបានច្បាប់សម្រាកការងារ រងអំពើហឹង្សា ការរើសអើង ហើយពួកគេភាគច្រើនមិនមានសេរីភាព និងមានទំនាក់ទំនងតិចតួចជាមួយសង្គមខាងក្រៅ។ ក៏ប៉ុន្តែកម្មករបម្រើការតាមផ្ទះដែលជាសមាជិករបស់ IDEA មានលទ្ធភាពអាចចរចាដើម្បីសេរីភាព និងអត្ថប្រយោជន៍ច្រើនជាងកម្មករតាមផ្ទះទូទៅ។ ស្រីមុំ មានប្រសាសន៍ថាការចងក្រងក្រុមកម្មករក្រៅប្រព័ន្ធ ដូចជាអ្នករត់រ៉ឺម៉កកង់បី អាជីវករលក់ដូរតាមដងផ្លូវ និងកម្មករតាមផ្ទះ និងមានតំណាងរបស់ខ្លួន បានផ្តល់សិទ្ធិអំណាចដល់ពួកគាត់។ ជាពិសេសនោះ IDEA ជាសមាគមដែលកម្មករអាចទាក់ទងទៅនៅពេលត្រូវការជំនួយនានា។
 


ស្រីមុំ ប្រៀបធៀបការចងក្រងក្រុមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធយ៉ាងដូច្នេះ៖ «ចង្គឹះមួយបាច់ កាច់មិនបាក់»។តាមធម្មតា យើងមិនសូវមានការជួយគាំទ្រច្រើនពីអង្គការផ្សេងទេ។ សមាគម IDEA បានជួយពួកខ្ញុំច្រើនកន្លងមក។ ដូចពេលកូវីដអីចឹង ខាងសមាគមក៏បានផ្តល់ប្រាក់ខ្លះឲ្យខ្ញុំ ដើម្បីដោះស្រាយជីវភាពពេលទាល់ច្រកដែរ»។
 
អ្នកស្រីបានបន្ថែមថា៖ «មេដឹកនាំសហជីពតែងតែទូរស័ព្ទមក និងសួរសុខទុក្ខពួកយើងថា ការងារយើងម៉េចហើយ? មានត្រូវការឲ្យជួយអីទៀតអត់? ចឹងទៅ ពួកខ្ញុំមានអារម្មណ៍ថាមានខាងសមាគមចាំជួយយើងអញ្ចឹង វាកក់ក្តៅដែរ»៕
 




Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com