COVID-19
អន្តរជាតិ
ចិន ផ្តល់ប្រាក់រាប់ម៉ឺនដុល្លារដល់បុគ្គលរាយការណ៍ករណីឆ្លងដែនខុសច្បាប់
19, Feb 2022 , 6:33 pm        
រូបភាព
ដោយ:
ទីក្រុងស្ថិតនៅភាគខាងត្បូងចិនដីគោកជាច្រើន បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់រាប់ម៉ឺនដុល្លារសម្រាប់បុគ្គលរូបនេះ ដែលបានរាយការណ៍ពីករណីសង្ស័យ ឆ្លងដនខុសច្បាប់ ពីតំបន់រដ្ឋបាលពិសេសហុងកុងចូលក្នុងចិនដីគោក។ការប្រកាសនេះ​ ធ្វើឡើងក្រោយពីរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីក្នុងប្រទេស ដែលភាគច្រើនជាជនឆ្លងដែនខុសច្បាប់ពីហុងកុង ខណៈទីក្រុងស្វយ័តមួយនេះ កំពុងផ្ទុះជំងឺកូវីដ-១៩ ។

 
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែប្រកាន់ភ្ជាប់គោលការណ៍មិនលើកលែងចំពោះជំងឺកូវីដ-១៩។ ការរឹតត្បិតដ៏តឹងតែងដូចជាវិធានការបិទខ្ទប់​ ការបិទព្រំដែន និងការកំណត់ដាក់ចត្តាឡីស័ករយៈពេលយូរ​ បានរក្សាអត្រាឆ្លងក្នុងប្រទេសស្ថិតក្នុងកម្រិតទាប បើធៀបនឹងបណ្តាប្រទេសផ្សេង។ ប៉ុន្តែ​កាលពីថ្ងៃទី១៤ខែកុម្ភៈ មនុស្សចំនួន៤នាក់ បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្រោយឆ្លងដែនខុសច្បាប់ពីទីក្រុងហុងកុង មកកាន់ចិនដីគោក ដោយមិនបានដាក់ចត្តាឡីស័ក។ នេះបើតាមអាជ្ញាធរតំបន់ដែលប្រកាសផ្តល់រង្វាន់សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់។ 
 
​ប៉ូលិសនៅទីក្រុងហួយចូវនៅពីថ្ងៃទី១៧ខែកុម្ភៈ បានអះអាងថា ពួកគេចង់ប្រមែប្រមូលមហាជនឱ្យចូលរួមក្នុងការប្រឆាំងនឹងកិច្ចការឆ្លងដែនខុសច្បាប់ និងបង្ការជំងឺកូវីដ-១៩។ «បុគ្គល ដែលផ្តល់ព័ត៌មានពីសកម្មភាពឆ្លងដែនខុសច្បាប់ ឬជាប់ទាក់ទងនឹងបទឧក្រិដ្ឋ នឹងត្រូវផ្តល់រង្វាន់ជាទឹកប្រាក់ដល់ ៣១ ​៥៧០ដុល្លារ»។ អាជ្ញាធរក្រុងហួយចូវ បានបញ្ជាក់បែបនេះ។ 
 
ការជូនដំណឹងស្រដៀងគ្នា ត្រូវបានប្រកាសនៅតាមទីក្រុងយ៉ាងតិចចំនួន៥។ ក្រុងជូហៃ និងក្រុងតុងគ័ន បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់ចំនួន ១៥៧ ៨៥ដុល្លារ សម្រាប់រាយការណ៍ការសង្ស័យលើការរត់ពន្ធមនុស្សខុសច្បាប់ តាមរយៈយានជំនិះឬទូក។ ចំណែកបុគ្គលណាដែលរាយការណ៍ពីអ្នកជូញដូរមនុស្ស នឹងត្រូវផ្តល់រង្វាន់ជាថវិកា ៤៧៤២ដុល្លារ និង ១៥៨០ដុល្លារ សម្រាប់ការរាយការណ៍បុគ្គលឆ្លងដែនខុសច្បាប់។
 
ក្រុងជូហៃ ជាក្រុងដំបូងគេដែលបានផ្តល់រង្វាន់ដល់ការរាយការណ៍អំពីការឆ្លងដែនខុសច្បាប់ដោយការពីថ្ងៃទី១៥ខែកុម្ភៈ ក្រុងនេះ បានបង្រា្កបក្រុមមនុស្សចំនួន១០នាក់ ដែលព្យាយាមចូលទៅកាន់ដីគោកតាមរយៈទូក។ បុគ្គលដែលរាយការណ៍នោះ បានទទួលរង្វាន់ចំនួន ១៥ ៨០៩ដុល្លារ។
ក្នុងសប្តាហ៍នេះ ​ករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួនពីរនាក់ ត្រូវបានរងឃើញនៅកណ្តាលខេត្តហឺណានដោយក្រុមប៉ូលិសបានអះអាងថា ​ពួកគេបានធ្វើដំណើរចូលពីហុងកុងតាមមធ្យោបាយខុសច្បាប់ដោយឆ្លងកាត់តាមឆ្នេរសមុទ្រមួយរបស់ហុងកុង​ មុនពេលប្រើប្រាស់រថយន្តរង់ចាំចូលទៅដីគោក។
 
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហុងកុង ​មនុស្សចំនួន ១៥នាក់ ត្រូវបានរត់ពន្ធចូលទៅក្នុងចិនដីគោកនារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយធ្វើដំណើរពីក្រុងហុងកុងទៅកាន់ ខេត្តគ័ងតុង៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com