អន្តរជាតិ
អូស្ត្រាលី ទាមទារការស៊ើបអង្កេតករណីនាវាចម្បាំងចិនបាញ់ឡាស៊ែរដាក់យន្តហោះយោធាអូស្រ្តាលី
21, Feb 2022 , 2:31 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន​ នៅថ្ងៃទី២១ ខែកុម្ភៈ ទាមទារឱ្យមានការស៊ើបអង្កេតពេញលេញ​លើករណីនាវាកងទ័ពជើងទឹកចិនបាញ់ឡាស៊ែរលើយន្តហោះយោធារបស់អូស្ត្រាលីដែលហោះក្នុងទឹកដីអូស្ត្រាលី។


កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិអូស្ត្រាលី អះអាងថា នាវាកងទ័ពជើងទឹកចិនដែលបើកបរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អូស្ត្រាលី បានតម្រង់ឡាស៊ែរទៅលើយន្តហោះយោធាអូស្ត្រាលី ខណៈហោះហើរនៅតំបន់ភាគខាងជើងប្រទេស។ ការបាញ់ឡាស៊ែរនេះត្រូវបានក្រសួងការពារជាតិអូស្ត្រាលីចាត់ទុកជាការបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
 
ប្រភពរបស់ឡាស៊ែរនេះ ត្រូវបានយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon របស់អូស្រ្តាលី រកឃើញថា បាញ់ចេញពីនាវាកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើដំណើរមកជិតឆ្នេរសមុទ្រភាគខាងជើងអូស្ត្រាលី។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអូស្ត្រាលី ដោយបានបង្ហាញរូបភាពនៃនាវាចិនពីរគ្រឿងផង។
 
ចំណែកទីភ្នាក់ងារព័ត៌មាន​ Reuters ផ្សាយថា ពេលនោះ នាវាចិនពីរគ្រឿងដែលមាននាវាប្រយុទ្ធមួយគ្រឿង និងនាវាដឹកជញ្ជូនមួយគ្រឿង បានធ្វើដំណើរឆ្ពោះទៅភាគខាងកើតកាត់សមុទ្រ Arafura ដែលនៅចន្លោះនូវែលហ្គេណី និងអូស្ត្រាលី ហើយក្រោយមកបានឆ្លងកាត់ច្រកសមុទ្រ Torres។ 
 
នាយករដ្ឋមន្រ្តីអូស្ត្រាលីស្កុត មូរីសុន នៅថ្ងៃទី២១ ខែកុម្ភៈ លើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីនៅមិនទាន់ទទួលបានការពន្យល់បកស្រាយពីចិននៅឡើយជុំវិញឧប្បត្តិហេតុកាលពីសប្តាហ៍មុននៅឡើយ ខណៈទីក្រុងកង់បេរ៉ា ក៏ចាត់ទុកការបាញ់ឡាស៊ែរលើយន្តហោះការពារជាតិនេះ ថាជាទង្វើដ៏គ្រោះថ្នាក់និងមិនប្រុងប្រយ័ត្នមួយ​។ លោក មូរីសុន ប្រាប់អ្នកកាសែតនៅរដ្ឋ Tasmaniaថា អូស្ត្រាលីបានជំរុញតាមរយៈបណ្តាញការទូត និងការពារជាតិ ឱ្យមានការស៊ើបអង្កេតពេញលេញលើព្រឹត្តិការណ៍នេះ។ 
 
ទន្ទឹមនេះដែរ លោក មូរីសុន ក៏ចោទសួរវិញថា បើអូស្ត្រាលីបាញ់ឡាស៊ែរលើយន្តហោះស៊ើបការណ៍របស់ចិននៅច្រកសមុទ្រតៃវ៉ាន់វិញ តើទីក្រុងប៉េកាំងនឹងមានប្រតិកម្មបែបណាទៅ?  
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com