អន្តរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាម៉េរិក ដែលផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់
22, Feb 2022 , 11:05 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន នៅថ្ងៃទី២១​ ខែកុម្ភៈ បានប្រកាសចាត់វិធានការតបលើក្រុមហ៊ុនអាវុធអាម៉េរិកចំនួនពីរ ដែលផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ចំណាត់ការរបស់ខ្លួន គឺដើម្បីការពារផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យរបស់ចិន។



 
រដ្ឋបាលអាម៉េរិក នៅដើមខែកុម្ភៈ​កន្លងទៅ បានអនុម័តការលក់គ្រឿងបរិក្ខារ និងសេវាកម្មថែទាំដែលមានតម្លៃ១០០លានដុល្លរទៅកាន់តៃវ៉ាន់ដើម្បីជួយទ្រទ្រង់ រក្សា និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធការពារមីស៊ីល Patriot។ ក្រុមហ៊ុនអាម៉េរិក Raytheon Technologies និង Lockheed Martin ទទួលខុសត្រូវចំពោះការទិញ-លក់ឧបករណ៍ និងសេវាកម្មដំឡើងប្រព័ន្ធការពារមីស៊ីល។
 
ការអនុម័តលក់អាវុធពីសំណាក់អាម៉េរិកឱ្យតៃវ៉ាន់បែបនេះ បានធ្វើឱ្យចិនប្រតិកម្មយ៉ាងខ្លាំង។ តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក វ៉ាង វេនប៊ីន អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ការលក់អាវុធរបស់អាម៉េរិកទៅឱ្យតៃវ៉ាន់ បានបំពានគោលការណ៍ចិនតែមួយ, កិច្ចព្រមព្រៀងរួមគ្នារវាងចិន និងអាម៉េរិកចំនួន ៣ និងប៉ះពាល់ដល់អធិបតេយ្យ និងផលប្រយោជន៍សន្តិសុខចិនធ្ងន់ធ្ងរ។ 
 
«រដ្ឋាភិបាលចិន បានសម្រេចចាត់វិធានការតបដោយផ្អែកតាមច្បាប់ប្រឆាំងទណ្ឌកម្មបរទេសលើក្រុមហ៊ុន Raytheon Technologies Corporation និងក្រុមហ៊ុន Lockheed Martin Corporation»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្រុមហ៊ុនទាំងពីរសុទ្ធតែពាក់ព័ន្ធនឹងរដ្ឋាភិបាលអាម៉េរិក ក្នុងការលក់អាវុធឱ្យតៃវ៉ាន់។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីចំណាត់ការនោះឱ្យបានច្បាស់លាស់ឡើយ។ 
 
ទន្ទឹមនេះ មន្រ្តីចិនរូបនេះ បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន គោរពគោលការណ៍ចិនតែមួយ និងកិច្ចព្រមព្រៀងរួមគ្នារវាងចិន-អាម៉េរិក ចំនួន ៣ និងបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស ចិននឹងបន្តចាត់វិធានការឆ្លើយតប ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ 
 
កន្លងមក ក្រសួងការបរទេសចិន ក៏ធ្លាប់ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាម៉េរិកទាំងពីរនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ទណ្ឌកម្មនោះ ដូចពេលនេះដែរ។  
 
សូមបញ្ជាក់ថា អាម៉េរិក គឺជាដៃគូលក់អាវុធដ៏សំខាន់មួយរបស់តៃវ៉ាន់ ដើម្បីជួយឱ្យដែនកោះមួយនេះ អាចមានសមត្ថភាពការពារខ្លួន ពីការវាយប្រហាររបស់ចិន ដែលតែងគំរាមប្រើកម្លាំងទ័ព ក្នុងករណីតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com