អន្តរជាតិ
ស្ថានទូតចិននៅអ៊ុយក្រែន ជំរុញឱ្យប្រជាជនចៀសពីតំបន់អស្ថិរភាព ខណៈភាពតានតឹងកើនឡើង
22, Feb 2022 , 3:13 pm        
រូបភាព
ទិដ្ឋភាពទីក្រុង Kharkiv របស់អ៊ុយក្រែន។ រូបថត AFP
ទិដ្ឋភាពទីក្រុង Kharkiv របស់អ៊ុយក្រែន។ រូបថត AFP
ស្ថានទូតចិនប្រចាំទីក្រុងកៀវនៅថ្ងៃទី២២ ខែកុម្ភៈ បានព្រមានពលរដ្ឋចិន និងអ្នកជំនួញ ដែល រស់នៅ អ៊ុយក្រែនឱ្យចៀសឆ្ងាយពីតំបន់អស្ថិរភាពដើ់ម្បីការពារសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញ ស្ថានទូត​ចិន មិនទាន់អំពាវនាវឱ្យប្រជាជនរបស់ខ្លួនចាកចេញពីប្រទេសមួយនេះដូចដែល​ប្រទេសផ្សេងៗ​បាន​ប្រកាសនោះឡើយ។

 
ក្នុងមួយរយៈចុងក្រោយនេះ វិបត្តិនៅអ៊ុយក្រែនកាន់តែតានតឹងទៅខណៈមានការប៉ះទង្កិច គ្នារវាងក្រុម​ផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន និងកម្លាំងយោធាអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជា​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​នៅតំបន់ផ្ដាច់ខ្លួនដែលនៅភាគ​ខាង​កើត​អ៊ុយក្រែនក្នុងលេសរក្សា​សន្តិភាពបន្ទាប់​ពីបាន​ទទួល​ស្គាល់ឯករាជ្យរបស់ក្រុមផ្ដាច់ខ្លួន។
 
ប្រឈមមុខនឹងវិបត្តិនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ស្ថានទូតចិននៅក្រុងកៀវបានប្រកាសក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយថា នាពេលនេះ ស្ថានភាពនៅអ៊ុយក្រែនភាគខាង កើតបានឆ្លងកាត់​ការផ្លាស់ប្តូ​រ​យ៉ាង​ខ្លាំង​មួយ។ ​ស្ថានទូតចិន បានក្រើនរំលឹកប្រជាជនរបស់ខ្លួន និងសហគ្រាសចិន​នៅ​អ៊ុយក្រែន​ឱ្យ​យក​ចិត្ត​ទុក​ដាក់លើសេចក្តីជូនដំណឹងអំពីសុវត្ថិភាពដែលបានចេញផ្សាយក្នុងស្រុក ហើយមិនត្រូវទៅតំបន់ណា ដែលអស្ថិរភាពនោះឡើយ។
 
ជុំវិញបញ្ហាអសន្តិសុខនេះ ប្រទេសមួយចំនួនមានអាម៉េរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់​សុទ្ធតែបានប្រាប់ប្រជាជនរបស់ខ្លួនឱ្យចាកចេញពីអ៊ុយក្រែនដោយសារបារម្ភខ្លាចការឈ្លានពានពីរុស្ស៊ី។ ផ្ទុយទៅ​វិញ ចិនឯនេះវិញបានប្រាប់ប្រជាជនខ្លួនឱ្យតាមដានស្ថានការណ៍នៅអ៊ុយក្រែន ហើយនឹងបន្តដំណើរ​ការស្ថានទូតរបស់ខ្លួនដូចធម្មតា។ លើសពីនេះ ចិនក៏បានរិះគន់អាម៉េរិកថា បានពន្លើសពីការគំរាម​នៃ​សង្គ្រាមទៀតផង។
 
គួររំលឹកថា រុស្ស៊ីតែងតែបដិសេធផែនការវាយប្រហារអ៊ុយក្រែន ប៉ុន្តែក៏បានគំរាមនឹងចាត់ចំណាត់​ការ​យោធា ប្រសិនបើសន្តិសុខរបស់់ប្រទេសខ្លួនមិនត្រូវបានការពារ ហើយអ៊ុយក្រែនចុះចូល​ជាមួយ​សម្ព័ន្ធ​យោធាណាតូទៀតនោះ៕
 
 
 
 
 

Tag:
 ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com