អន្តរជាតិ
ចប់កីឡាអូឡាំពិក កូរ៉េខាងជើងអបអរសារទរចិនហើយសន្យារួមដៃគ្នាប្រឆាំងការគំរាមពីអាម៉េរិក
22, Feb 2022 , 7:29 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងក្នុងពិធីមួយ។ រូបថត KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងក្នុងពិធីមួយ។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម​​​ ជុងអ៊ុន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន និងរួមដៃគ្នា​ជាមួយទីក្រុងប៉េកាំងដើម្បីរារាំងការគំរាមរបស់គោលនយោបាយបង្កសត្រូវពីសំណាក់​អាម៉េរិក និង​សម្ព័ន្ធមិត្ត។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២២ ខែកុម្ភៈ។

 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុនបានថ្លែងសារមួយដើម្បីអបអរសាទរប្រធានាធិបតីចិន ស៊ី ជីនភីង ចំពោះបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ដោយ​ជោគជ័យ។ លោក គីម បានកោតសរសើរព្រឹត្ត្កការណ៍ដែលបានបង្កើត​ជា​សញ្ញាណប្រវត្តិសាស្ត្រ ហើយ​អះអាងថា ក្រោមការដឹកនាំរបស់លោក ស៊ី ចិនតស៊ូប្រឈមមុខ​វិបត្តិ​សុខាភិបាលធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុនមកផង ព្រមទាំងត្រូវប្រឈមនឹងក​ម្លាំង​អរិភាពថែមទៀត។
 
«កូរ៉េខាងជើង និងចិន កំពុងការពារ និងជំរុញរបបសង្គមនិយមរបស់ខ្លួន ខណៈ​ត្រូវរារាំង​គោល​នយោបាយបង្កអរិភាព និង ការគំរាមផ្នែកយោធារបស់អាម៉េរិក រួមទាំងសម្ព័ន្ធមិត្តរបស់អាម៉េរិក»។ សាររបស់លោក គីម បញ្ជាក់បែបនេះ រួចក៏បន្តថា ដើម្បីសម្រេចកិច្ចការនេះ​ទីក្រុ​ង​ព្យុងយ៉ាង និង​ទីក្រុង​ប៉េកាំង ​ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការឯកភាពលើជំហររួមគ្នា។
 
គួរបញ្ជាក់ថា អត្តពលិកកូរ៉េខាងជើងមិនបានចូលរូមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េងកាំង​ដែល​បានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈនោះឡើយ។ នៅក្នុងលិខិតកាលពីខែមករា កូរ៉េខាងជើង​បាន​ចោទការគំរាមរបស់អាម៉េរិក និងហានិភ័យនៃជំងឺកូវីដ-១៩ ជាមូលហេតុនៃអវត្តមានរបស់ខ្លួន។
 
យ៉ាងណាមិញ អត្តពលិកកូរ៉េខាងជើងមិនមានសិទ្ធិចូលរួមប្រកួតតំណាងឱ្យកូរ៉េខាងជើងនោះទេ ពីព្រោះប្រទេសមួយនេះត្រូវគណៈកម្មាធិការអូឡាំពិកអន្តរជាតិពិន័យ ដោយសារមិន​បញ្ជូន​ក្រុម​ទៅ​ប្រកួតអំឡុងកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូកាលពីឆ្នាំមុន​ដោយលើកឡើងពីការព្រួយ​បារម្ភអំពី​ជំងឺកូវីដ-១៩ដែរ៕
 

Tag:
 កូរ៉េខាងជើង
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com