អន្តរជាតិ
ចិនតបទៅអូស្រ្តាលី៖ នាវាចិនមានសិទ្ធិស្របច្បាប់ក្នុងដែនទឹកអន្តរជាតិ
22, Feb 2022 , 6:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រោយការទាមទារឱ្យមានការស៊ើបអង្កេតករណីបាញ់ឡាស៊ែរដាក់យន្តហោះយោធាអូស្ត្រាលី ចិនបានលើកឡើងថា យន្តហោះស៊ើបការណ៍អូស្រ្តាលីបានហោះមកជិតនាវាខ្លួនពេក ដែលបង្កការគំរាមគំហែង និងគ្រោះថ្នាក់​ នៅពេលនាវាខ្លួនធ្វើដំណើរ ក្នុងដែន​ទឹក​អន្តរជាតិ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត មូរីសុន បានច្រានចោលការអះអាងនេះ និងបានបញ្ជាក់ថា ចម្ងាយរបស់យន្តហោះពីនាវា ជាគម្លាតស្តង់ដារ ក្នុងការត្រួតពិនិត្យ។

 
យន្តហោះ P-8A Poseidon ដែលជាយន្តហោះល្បាតដែនសមុទ្រ នៅថ្ងៃទី១៧​ ខែកុម្ភៈកន្លងទៅ បានរកឃើញការបាញ់ឡាស៊ែរ ចេញពីនាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ដែលកំពុងធ្វើដំណើរជិតឆ្នេរសមុទ្រភាគខាងជើងអូស្ត្រាលី។ ដោយសារហេតុការណ៍នោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន​ ទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញ និងបកស្រាយពីចិន។ 
 
ក្រោយការទាមទារនេះ ទីក្រុងប៉េកាំងបានប្រតិកម្មតបវិញថា នាវាចិនមានសិទ្ធិ​ស្រប​ច្បាប់ ក្នុងការធ្វើដំណើរ​ នៅ​ដែន​ទឹក​អន្តរជាតិ។ តាមការឆ្លើយតបរបស់ក្រសួងការពារជាតិចិនក្នុងនៅថ្ងៃទី២១ ខែកុម្ភៈ យន្តហោះស៊ើបការណ៍អូស្ត្រាលី បានទម្លាក់ឧបករណ៍ចាប់នាវាមុជទឹក នៅក្បែរនាវាចិន និងបានហោះចម្ងាយ​ ៤ គីឡូម៉ែត្រប៉ុណ្ណោះពីនាវាខ្លួន។​ សកម្មភាពនេះត្រូវបានចិនចាត់ទុកថា ជាសកម្មភាពបង្កការគំរាមកំហែង និងគ្រោះថ្នាក់។ 
 
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែកុម្ភៈ ថា យន្តហោះស៊ើបការណ៍អូស្រ្តាលីមានសិទ្ធិធ្វើសកម្មភាពនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន រួមទាំងការឃ្លាំមើលយ៉ាងជិតស្និទ្ធលើសកម្មភាពផ្សេងៗដែលកើតឡើង។ លោក មូរីសុន ក៏បានទាមទារឱ្យមានការបកស្រាយជាថ្មីម្តងទៀតពីទីក្រុងប៉េកាំងផងដែរ។ 
 
ចំណែកក្រសួងការពារជាតិអូស្ត្រាលី បានលើកឡើងថា យន្តហោះខ្លួនស្ថិតក្នុងចម្ងាយ ៧,៧ គីឡូម៉ែត្រពីនាវាកងទ័ពជើងទឹកចិននៅពេលកើតឧបទ្ទវហេតុ ហើយចម្ងាយដែលយន្តហោះបានចូលជិតនាវាបំផុតគឺមានប្រមាណ ៣,៩ គីឡូម៉ែត្រ​។  បើតាមក្រសួងការពារជាតិអូស្ត្រាលី ចម្ងាយនេះជា គម្លាតស្តង់ដារសម្រាប់ការត្រួតពិនិត្យមើលលើនាវា។ 
 
ក្រសួងការពារជាតិអូស្ត្រាលី បានបន្តថា នាវាចម្បាំងមួយគ្រឿង និងនាវាដឹកជញ្ជូនមួយគ្រឿងរបស់ចិនបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតកាត់សមុទ្រ Arafura ដែលនៅចន្លោះនូវែលហ្គេណី និងអូស្ត្រាលី ហើយក្រោយមកបានឆ្លងកាត់ច្រកសមុទ្រ Torres។ 
 
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មិនមានភាពចុះសម្រុងឡើយ។ ភាគីទាំងពីរតែងចោទគ្នាទៅវិញទៅមក ជុំវិញដើមកំណើតជំងឺកូវីដ-១៩ ជម្លោះពាណិជ្ជកម្ម និងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់៕ 
 

Tag:
 ចិន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com