អន្តរជាតិ
អាម៉េរិកថា ចិនអាចជួយនិយាយជាមួយរុស្ស៊ីរឿងអ៊ុយក្រែនបាន តែចិនថា អាម៉េរិកបង្កើតចលាចល
24, Feb 2022 , 10:41 am        
រូបភាព
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក និងលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក និងលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី២៣ ខែកុម្ភៈ បានលើកឡើងពីតួនាទីរបស់ចិនក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនដែលផុងកាន់តែជ្រៅ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price អះអាងថា ចិនមានទឹកមាត់ប្រៃដែលអាចជជែកជាមួយរុស្ស៊ីបានលើបញ្ហានេះ។ តែនៅថ្ងៃដដែលនោះ ក្រសួងការបរទេសចិនវិញ បានចោទអាម៉េរិកថា កំពុងដុតកម្ដៅជម្លោះនៅប៉ែកខាងកើតអឺរ៉ុប ហើយស្នើឱ្យមានការដោះស្រាយតាមការចរចា។

 
វិបត្តិអ៊ុយក្រែន ដែលរកច្រកចេញមិនឃើញ បែរទៅជាកាន់តែតានតឹងក្រោយរុស្ស៊ីប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរជារដ្ឋឯករាជ្យ។ ទណ្ឌកម្មពីអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិច បានធ្លាក់លើទីក្រុងមូស្គូជាបន្តបន្ទាប់។ ខណៈបារាំង​ អាល្លឺម៉ង់ និងអាម៉េរិក សុទ្ធតែមិនអាចប្រើការទូតដើម្បីបន្ធូរស្ថានការណ៍ ទីក្រុងវ៉ាស៊ីនតោន ក៏សម្លឹងឃើញចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។ 
 
នាសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែកុម្ភៈ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក និយាយថា ប្រទេសដែលមានការទទួលខុសត្រូវលើពិភពលោក រួមទាំងចិនផង មានកាតព្វកិច្ចទទូចឱ្យប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ដកថយ ហើយបញ្ចៀសស្ថានការណ៍តានតឹង។ អ្នកនាំពាក្យរូបនេះ ក៏ស្នើឱ្យចិនប្រើទំនាក់ទំនងជាមួយរុស្ស៊ីដើម្បីជួយដោះស្រាយវិបត្តិអ៊ុយក្រែននេះដែរ។
 
«អ្នកត្រូវតែសួរថា សាធារណរដ្ឋប្រជាមានិតចិនបានប្រើឥទ្ធិពលរបស់ខ្លួនដែលមានជាមួយសហព័ន្ធរុស្ស៊ីលើគោលដៅនេះឬអត់។» មន្ត្រីក្រសួងការបរទេសអាម៉េរិកបញ្ជាក់បែបនេះ មុនបន្តថា ចិនតែងលើកឡើងពីគោលការណ៍គោរពអធិបតេយ្យជាតិ ដូចនេះចិនគួរប្រើជំហររបស់ខ្លួនតាមនោះដែរ។
 
ទាក់ទងសំណួរពីតួនាទីរបស់ខ្លួនលើបញ្ហាអ៊ុយក្រែន ក្រសួងការបរទេសចិនវិញអះអាងថា ចិនតែងតែប្រកាន់ខ្ជាប់ការជំរុញសន្តិភាព និងការចរចា ហើយតែងដើរតួនាទីស្ថាបនាដើម្បីរកច្រកចេញពីជម្លោះនេះ។ នាសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែកុម្ភៈ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏ចោទអាម៉េរិកថា អាម៉េរិកបានបញ្ជូនសព្វាវុធទៅអ៊ុយក្រែន ដុតបញ្ឆេះភាពតានតឹង ហើយបង្កចលាចលថែមទៀត។
 
អ្នកនាំពាក្យដដែល ក៏ចោទសួរតួនាទីរបស់អាម៉េរិកវិញ និងចោទទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកនៅពីក្រោយវិបត្តិអ៊ុយក្រែនទៅទៀត។ លោកស្រី Hua លើកឡើងថា វាមិនមែនជាអាកប្បកិរិយាល្អ និងគ្មានការទទួលខុសត្រូវឡើយ នៅពេលប្រទេសខ្លះចាក់សាំងលើភ្លើង ហើយចោទគេឯងមិនព្រមជួយពន្លត់ភ្លើងនោះ៕
 
 
 
 
 

Tag:
 ចិន
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com