អន្តរជាតិ
ទប់ទល់វីរុសអូមីក្រុងមិនឈ្នះ ហុងកុងប្រកាសប្រើច្បាប់គ្រាអាសន្នដើម្បីទទួលជំនួយពីទីក្រុងប៉េកាំង
24, Feb 2022 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋាភិបាលហុងកុង នៅថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសអនុវត្តច្បាប់អាសន្ន ដែលនឹងអនុញ្ញាតឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពីចិនដីគោកមកកាន់ហុងកុងដើម្បីជួយទប់ទល់នឹងការហក់ឡើងខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។

 
ខណៈវីរុសបម្លែងខ្លួនថ្មីអូមីក្រុងបានចូលមក ហុងកុងបានជួបរលកវាយប្រហារជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុត រីឯមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ ហើយរដ្ឋាភិបាលឯណោះក៏មមាញឹករៀបចំកន្លែងធ្វើចត្តាឡីស័កផងដែរ។ អាជ្ញាធរហុងកុងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈបានរាយការណ៍ថាករណីឆ្លងថ្មី រហូតដល់៨,៦៧៤ករណីឯណោះ។ ហុងកុង ក៏បានចាប់ផ្ដើមបោះដៃឱ្យចិនដីគោកជួយសម្រាលបន្ទុករបស់ខ្លួន។
 
«ទីក្រុងហុងកុងឥឡូវនេះ កំពុងប្រឈមមុខនឹងស្ថានភាពជំងឺឆ្លងដ៏ធ្ងន់ធ្ងរដែលបន្តវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស»។ រដ្ឋាភិបាលហុងកុងបានលើកឡើងបែបនេះក្នុងសេចក្ដី ថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈអំពីការប្រកាសប្រើអំណាចបន្ទាន់។
 
សេចក្ដីថ្លែងការណ៍ខាងលើក៏បានពន្យល់ថា ករណីឆ្លងនឹងបន្តកើនឡើងជាលំដាប់ ហើយនឹងហួសពីសមត្ថភាពគ្រប់គ្រងរបស់រដ្ឋាភិបាលហុងកុងផងដែរ។ ត្រង់នេះមានន័យថា ប្រព័ន្ធថែទាំសុខភាពរបស់ហុងកុង កម្លាំងគ្រូពេទ្យ សម្ភារបរិក្ខារ ព្រមទាំងធនធានរបស់ទីក្រុង នឹងមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងករណីឆ្លងដែលបន្តកើនឡើងជារៀងរាល់ថ្ងៃនោះឡើយ។ អំណាចគ្រាអាសន្ន នឹងផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់រដ្ឋាភិបាលផ្តល់ការគាំទ្របន្ទាន់ចាំបាច់ដល់ហុងកុងកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ 
 
តាមរយៈអំណាចនេះ រដ្ឋាភិបាលអាចទទួលយកក្រុមគ្រូពេទ្យរបស់ដីគោកបាន។ កន្លងមក គ្រូពេទ្យចិនដីគោក មិនត្រូវបានអនុញ្ញាតឱ្យធ្វើការក្នុងទីក្រុងហុងកុងដោយមិនឆ្លងកាត់ការប្រឡងឡើយ ហើយការអនុញ្ញាតឱ្យពេទ្យចិនដីគោកធ្វើការនៅហុងកុងជាប្រភពនៃការជជែកដេញដោលអស់ជាច្រើនឆ្នាំមកហើយ។ នាពេលកន្លងមក គ្រូពេទ្យហុងកុង បានជំទាស់ការអនុញ្ញាតទទួលយកគ្រូពេទ្យចិន ដោយលើកឡើងពីបញ្ហាដូចជារបាំងភាសា និងវប្បធម៌។
 
បច្ចុប្បន្ន អ្នកជំនាញវេជ្ជសាស្រ្តចិនដីគោកមួយក្រុម ក៏កំពុងស្ថិតនៅក្នុងទីក្រុងហុងកុងដើម្បីផ្តល់យោបល់លើការឆ្លើយតបនឹងជំងឺឆ្លង ហើយកំពុងជួយសាងសង់កន្លែងសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងលំហូរអ្នកជំងឺ៕
 
 

Tag:
 ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com