អន្តរជាតិ
លើកទ័ពចូលអ៊ុយក្រែន៖ ប្រមុខការទូតរុស្ស៊ីប្រាប់ចិនថា ខ្លួនត្រូវបង្ខំឱ្យធ្វើបែបនេះ
25, Feb 2022 , 9:36 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នាជំនួបកន្លងមក។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នាជំនួបកន្លងមក។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី២៤ ខែកុម្ភៈ បានជជែកតាមទូរស័ព្ទជាមួយសមភាគីចិន វ៉ាង យី ។ លោក ឡាវរ៉ូវ បានពន្យល់ពីជំហររបស់រុស្ស៊ីទាក់ទងប្រតិបត្តិការយោធានៅអ៊ុយក្រែន ដែលលោកចាត់ទុកថា ជារឿងចាំបាច់ដើម្បីការពារផលប្រយោជន៍រុស្ស៊ី។ លោក វ៉ាង វិញ ប្រាប់សមភាគីរុស្ស៊ីវិញពីការជំហររបស់ទីក្រុងប៉េកាំង ស្របពេលដែលអាម៉េរិកឯណោះចង់ឱ្យចិនជំរុញរុស្ស៊ីបន្ធូរស្ថានការណ៍។

 
នាកិច្ចសន្ទនាតាមទូរស័ព្ទប៉ុន្មានក្រោយការធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រាប់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនពីហេតុផលដែលនាំឱ្យរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែន។ លោក ឡាវរ៉ូវ លើកឡើងពីការវិវឌ្ឍលើបញ្ហានេះ និងជំហររបស់រុស្ស៊ី និងអ៊ុយក្រែន។
 
បើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ប្រមុខការទូតរុស្ស៊ីអះអាងថា សម្ព័ន្ធយោធាណាតូ បានបំពានការប្ដេជ្ញាចិត្តរបស់ខ្លួនដោយបន្តពង្រីកខ្លួនមកប៉ែកខាងកើតអឺរ៉ុប មិនគោរពកិច្ចព្រមព្រៀងទីក្រុង Minsk ហើយបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។ លោក ឡាវរ៉ូវ ចង់សំដៅដល់បំណងរបស់អ៊ុយក្រែនដែលចង់ចូលជាសមាជិកណាតូ ទោះរុស្ស៊ីប្រឆាំងដាច់ណាត់ក្ដី។
 
«រុស្ស៊ី ត្រូវបង្ខំឱ្យចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។» ទីភ្នាក់ងារព័ត៌មាន Xinhua ស្រង់សម្ដីលោក ឡាវរ៉ូវ ប្រាប់លោក វ៉ាង បែបនេះ។
 
ប្រមុខការទូតចិនវិញ បានបញ្ជាក់ជាថ្មីជំហររបស់ចិនក្នុងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីប្រទេសទាំងអស់។ លោក វ៉ាង ក៏អះអាងថា ចិនទទួលស្គាល់ភាពបរិបទស្មុគស្មាញ និងពិសេសរបស់អ៊ុយក្រែន ហើយយល់ដឹងពីក្ដីបារម្ភស្របច្បាប់របស់រុស្ស៊ី។ លើសពីនោះ អ្នកការទូតចិនរូបនេះ ក៏ឆ្លៀតរិះគន់ការសេសសល់មនោគមសង្រ្គាមត្រជាក់ដែលត្រូវតែលុបបំបាត់ឱ្យបាន ហើយយន្តការសន្តិសុខអឺរ៉ុបដែលមានស្ថិរភាព តុល្យភាព  និងប្រសិទ្ធភាព ត្រូវបង្កើតដោយការចរចា និងសន្ទនា។
 
ចិន រងការរិះគន់មិនតិចឡើយជុំវិញវិបត្តិអ៊ុយក្រែននេះ។ នៅថ្ងៃទី២៤ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានបដិសេធប្រើពាក្យឈ្លានពានដើម្បីហៅប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រីក៏ទាមទារឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ផងដែរ៕
 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com