ជាតិ
ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ
25, Feb 2022 , 4:09 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលអ្នកដំណើរពីនាវាWesterdam កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២០
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលអ្នកដំណើរពីនាវាWesterdam កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២០
ដោយ:
ក្រសួងទេសចរណ៍ កំពុងសិក្សាគម្រោងសាងសង់ សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ ដើម្បីរម្លឹកដល់ការអនុគ្រោះឱ្យនាវា Westerdam ចូលផែកម្ពុជាក្នុងបរិបទកូវីដ-១៩។



លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមថា ការរៀបចំសួនទេសចរណ៍តេជោ Westerdam នេះ ក៏ជាផ្នែកមួយ អាចទាក់ទាញភ្ញៀវទេសចរបន្ថែមដែរ។​ 
 
លោកបន្តថា ការសាងសង់សួនទេសចរណ៍ តេជោ Westerdam ធ្វើឡើងក្នុងគោលបំណងធំៗចំនួនពីរ។ «  គោលបំណងគឺយើងចង់រម្លឹកពីអនុស្សាវរីយ៍ ដែលភ្ញៀវទេសចរជាប់គាំងនៅលើនាវា ហើយកម្ពុជាយើងឱ្យនាវាចូលចតនៅផែប្រទេសយើង ។ ប្រទេសយើងតូច តែបេះដូងយើងធំទូលាយ។ មួយវិញទៀតយើងធ្វើសួននេះដើម្បីជាការផ្សព្វផ្សាយបន្ថែមទៀត សម្រាប់ទាក់ទាញទេសចរ »។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក​។
 
តែយ៉ាងណា អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ មិនអាចបញ្ជាក់ពីទីតាំង និងពេលវេលាសាងសង់ជាក់លាក់បាននៅឡើយ។ 
 
សូមជម្រាបដែរថា កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ នាវាទេសចរណ៍អាម៉េរិក Westerdam ដឹកភ្ញៀវទេសចរជាង ២ពាន់នាក់ចូលចតនៅកំពង់ផែស្វ័យយ័តខេត្តព្រះសីហនុ បន្ទាប់ពីនាវានេះត្រូវបាន ប្រទេសចំនួន៥ បដិសេធមិនឱ្យចូលចត ព្រោះខ្លាចមានការណីឆ្លងជំងឹកូវីដ-១៩៕
 

Tag:
 ThmeyThmey25
  Wasterdam
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com