ជាតិ
ម៉ាឡេស៊ី សន្យាជួយកម្ពុជាពង្រឹងវិស័យឧស្សាហកម្មអាហារហាឡាល់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) ថ្លែងក្នុងសន្និសីទកាសែត ក្រោយជួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២ នៅវិមានសន្តិភាព
× ភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា បានបង្ហាញក្ដីរីករាយ ក្នុងការជួយកម្ពុជា ពង្រឹងវិស័យឧស្សាហកម្មស្ដង់ដាអាហារហាឡាល់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានសន្ដិភាព នាថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ពិន យ៉ាក់កូប មានប្រសាសន៍យ៉ាងដូច្នេះថា៖« ខ្ញុំរីករាយដែលបានដឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យឧស្សាហកម្មហាឡាល់ ដែលមានការលើកទឹកចិត្ត ម៉ាឡេស៊ីត្រៀមខ្លួនក្នុងការជួយដល់កម្ពុជា»។
លោកនាយករដ្ឋមន្រ្តីថ្លែងទៀតថា ម៉ាឡេស៊ីមានក្រុមអ្នកជំនាញលើវិស័យហាឡាល់នេះច្រើន ដែលអាចជួយកម្ពុជា អភិវឌ្ឍន៍វិស័យនេះ ក្នុងនោះក៏ស្វាគមន៍ក្រុមហ៊ុនកម្ពុជា ធ្វើទស្សនកិច្ចទៅម៉ាឡេស៊ី ដើម្បីទទួលបានជំនាញ និងចំណេះដឹង ក្នុងការបង្កើតឧស្សាហកម្មនេះផងដែរ។
លោក អ៊ីស្មាអែល សាប្រ៊ី ពិន យ៉ាក់កូប ក៏បង្ហាញពីគម្រោងកិច្ចសហការ កិច្ចទំនាក់ទំងរវាងយុវជនប្រទេសទាំងពីរផងដែរ ពិសេសក្នុងវិស័យសហគ្រិនភាព។
ដ្បិតមានប្រជាជនអ៊ីស្លាមមួយភាគតូច តែកម្ពុជាចាប់ផ្តើមបង្កើតស្ដង់ដាអាហារហាឡាល់នៅចុងឆ្នាំ ២០១៦មក ដើម្បីបង្កើនទំហំពាណិជ្ជកម្មទៅកាន់ទីផ្សារក្រៅប្រទេស ដូចជានៅសហភាពអឺរ៉ុប ជាដើម ដែលតម្រូវឱ្យមានស្ដង់ដាហាឡាល់នៅលើផលិតផលនាំចូល។ បច្ចុប្បន្ន គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា មានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាប្រធាន ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារខាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជា ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com