អន្តរជាតិ
លោកស៊ីប្រាប់លោកពូទីន៖ ចិនគោរពអធិបតេយ្យប្រទេសទាំងអស់ និងគាំទ្រការចរចាដោះស្រាយវិបត្តិអ៊ុយក្រែន
26, Feb 2022 , 4:30 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបដើមខែកុម្ភៈ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបដើមខែកុម្ភៈ។ រូបថត Xinhua
ជុំវិញវិបត្តិអ៊ុយក្រែន ចិនដែលកំពុងល្អូកល្អឺនជាមួយរុស្ស៊ី មិនសូវមាត់កច្រើនឡើយ ហើយក៏មិនបានថ្កោលទោសរុស្ស៊ីដែលធ្វើឱ្យមានការរិះគន់ថា ចិនគាំទ្រទង្វើរុស្ស៊ីទៀតផង។ ប៉ុន្តែប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់សមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន តាមទូរស័ព្ទថា ចិនគាំទ្រការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនដើម្បីបញ្ចប់វិបត្តិ។ លោក ស៊ី ក៏អះអាងដែរថា ចិននៅតែប្រកាន់ខ្ជាប់ឥតងាករេគោលការណ៍អធិបតេយ្យរបស់ប្រទេសទាំងអស់ដែលនេះរាប់បញ្ចូលទាំងអ៊ុយក្រែនផងដែរ។

 
មេដឹកនាំចិន និងរុស្ស៊ី នៅថ្ងៃទី២៥ ខែកុម្ភៈ បានជជែកគ្នាតាមទូរស័ព្ទ ដោយវិបត្តិនៅអ៊ុយក្រែនជាប្រធានបទសំខាន់។ លោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រាប់សមភាគីចិន ស៊ី ជិនភីង ពីជំហររបស់រុស្ស៊ី និងហេតុផលដែលរុស្ស៊ីសម្រេចចិត្តធ្វើប្រតិបត្តិការយោធានៅក្នុងទឹកដីប្រទេសជិតខាងមួយនេះ។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ពូទីន បញ្ជាក់ថា អាម៉េរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ មិនខ្វល់ខ្វាយពីក្ដីបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីឡើយ និងបានក្បត់សម្ដីម្ដងហើយម្ដងទៀត ហើយបន្តការពង្រាយទ័ពមកប៉ែកខាងកើត។ សម្រាប់លោក ពូទីន សកម្មភាពទាំងនេះ​ ជាការបំពានបន្ទាត់ក្រហមសន្តិសុខរបស់រុស្ស៊ីតែម្ដង។ ទោះជាយ៉ាងណា លោកអះអាងថា រុស្ស៊ីត្រៀមបញ្ជូនប្រតិភូទៅចរចាជាមួយតំណាងអ៊ុយក្រែននៅបេឡារុស។
 
លោក ស៊ី វិញ និយាយថា វិបត្តិនៅប៉ែកខាងកើតអ៊ុយក្រែន បានទាក់ទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិយ៉ាងខ្លាំង។ លោកប្រកាសជំហររបស់ចិនថា ចិនចិនសម្រេចចិត្តលើបញ្ហាអ៊ុយក្រែនទៅតាមស្ថានការណ៍។ មិនខុសពីបញ្ហាកន្លងទៅឡើយ ប្រមុខរដ្ឋចិន ស្នើឱ្យប្រទេសនានាបោះបង់គំនិតសល់ពីសង្រ្គាមត្រជាក់ ផ្ដល់ការគោរពដល់ក្ដីបារម្ភផ្នែកសន្តិសុខដល់ប្រទេសនានា ហើយបង្កើតយន្តការសន្តិសុខនៅអឺរ៉ុបតាមការចរចា។
 
«ភាគីចិនគាំទ្រភាគីរុស្ស៊ីក្នុងការដោះស្រាយបញ្ហាតាមការចរចាជាមួយភាគីអ៊ុយក្រែន។» ទីភ្នាក់ងារព័ត៌មាន Xinhua ស្រង់សម្ដីលោក ស៊ី ប្រាប់លោក ពូទីន បែបនេះ។ ប្រធានាធិបតីចិន ក៏មិនភ្លេចបញ្ជាក់ទៅកាន់សមភាគីរុស្ស៊ីរបស់លោកថា ចិនមានជំហរមិនផ្លាស់ប្ដូរឡើយលើការគោរពអធិបតេយ្យ និងបូរណភាពទឹកដីប្រទេសទាំងអស់ ក៏ដូចជាអនុវត្តតាមគោលការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕

Tag:
 ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com