ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការកោះហៅ លោក សៀម ភ្លុក ឱ្យបំភ្លឺលើករណីបន្លំឯកសារបង្កើតគណបក្សបេះដូងជាតិ
04, Mar 2022 , 3:29 pm        
រូបភាព
ភ្នំពេញ៖ ក្រោយពីក្រសួងមហាផ្ទៃ លុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីគណបក្សនយោបាយហើយនោះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅលោក សៀម ភ្លុក សាកសួរពីរឿងរៀបចំឯកសារបង្កើតគណបក្សនេះ។


ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាឱ្យលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ចូលទៅបំភ្លឺជុំវិញករណី«ក្លែងបន្លំ» ទាក់ទងនឹងដំណើការបង្កើតគណបក្សកន្លងមក។ លោក សៀម ភ្លុក ត្រូវចូលបំភ្លឺនៅថ្ងៃទី២២ មីនាខាងមុខ។ ដីកាកោះហៅរបស់តុលាការពេលនេះ ធ្វើឡើងតាមបណ្ដឹងក្រសួងមហាផ្ទៃ ដែលប្ដឹងមន្ត្រីគណបក្សបេះដូងជាតិ ពីបទក្លែងបន្លំឯកសារ។ ក្រៅពីលោក សៀម ភ្លុក ក៏មន្ត្រីបក្ស មានប្រហែល២០នាក់ទៀត ដែលអាចជាប់ពាក់ព័ន្ធករណីបន្លំឯកសារនេះ។
 
កាលពីថ្ងៃទី២ មីនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ ដោយសម្រេចលុបគណបក្សបេះដូងជាតិ ចេញបញ្ជីគណបក្សនយោបាយ។ ការសម្រេចរបស់ក្រសួងមហាផ្ទៃបែបនេះ ក្រោយពីក្រសួងធ្លាប់អះអាងថា រកឃើញមានករណីក្លែងបន្លំស្នាមមេដៃ ដើម្បីឯកសារបង្កើតគណបក្ស។
 
កន្លងមក លោក សៀម ភ្លុក ធ្លាប់បានដាក់បណ្តឹងទៅតុលាការកំពូល ដើម្បីបង្គាប់ក្រសួងមហាផ្ទៃ ចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ តែត្រូវតុលាការកំពូល ច្រានចោល។ លោក ចាត់ទុក ការមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ និងការប្តឹងមន្រ្តីគណបក្សបេះដូងជាតិទៅតុលាការ ថាជាការរុកកួននយោបាយ។
 
គិតត្រឹមដើមឆ្នាំ២០២២នេះ កម្ពុជា មានគណបក្សសរុបចំនួន៤៥គណបក្ស៕
 

Tag:
 សៀម ភ្លុក
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com