ជាតិ
ពលរដ្ឋចាប់ផ្តើមប្រមូលផលស្រូវ និងរអ៊ូលក់មិនសូវបានថ្លៃ
05, Mar 2022 , 1:59 pm        
រូបភាព
សៀមរាប៖ កសិករនៅតំបន់ខាងលើបឹងទន្លេសាប តួយ៉ាងភូមិអូរអន្លង់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ចាប់ផ្តើមប្រមូលផលស្រូវជាបណ្ដើរៗហើយ។ ជាស្រូវប្រដេញទឹក ដូច្នេះអ្នកនៅខាងលើប្រមូលផលមុន បន្ទាប់មកអ្នកនៅប៉ែកខាងក្រោម ប្រមូលផលជាបន្តបន្ទាប់។ កសិករប្រាប់ថា ស្រូវនៅឆ្នាំនេះ មានទិន្នផលល្អគួរសម តែតម្លៃនៅថេរ រីឯតម្លៃជី ឡើងថ្លៃខ្ពស់។

 
កសិករ លោក ចេត ព្រាន កំពុងហាលស្រូវនៅលើផ្លូវជាប់ភ្លឺស្រែ ដើម្បីទុកធ្វើពូជបន្តនៅរដូវភ្លៀងបន្ទាប់។ កសិកររូបនេះ ទើបប្រមូលផលស្រូវបានខ្លះ និងសល់ប៉ុន្មានអាចនឹងច្រូតឆាប់ៗនេះ។  មានវ័យ៥០ប្លាយ  កសិករ ចេត ព្រាន ប្រាប់សារព័ត៌មានថ្មីៗថា លោកមានដីស្រែជាង៣ហិកតា ដោយ២ហិកតាជាងជួលពីគេ។ ដីមួយហិកតា លោកជួលគេក្នុងតម្លៃ ១៥០ដុល្លារ ក្នុងមួយឆ្នាំ។ កសិកររូបនេះ ធ្វើស្រែប្រភេទស្រូវ ៥៤ ដែលលោកថា ងាយស្រួលថែទាំ និងសម្បូរពូជសុទ្ធ។ 
 
ដ្បិតផលឆ្នាំនេះ បានល្អគួរសម តែតម្លៃលក់វិញ មិនសូវសមប្រកបទេ។ ឈ្មួញនៅតែឱ្យតម្លៃថោក ដែលឆ្នាំនេះ លោក ចេត ព្រាន លក់បាន ៧៦០រៀល ក្នុងតម្លៃស្រូវសើមមួយគីឡូក្រាម។ លោកថា កសិករធ្វើស្រែមិនសូវចំណេញទេ ពិសេសធ្វើលក្ខណៈគ្រួសារ ត្រឹមដី ២ទៅ៥ហិកតា គឺលក់បានល្មមសម្រាប់ធ្វើនៅវគ្គក្រោយទៀត ហើយណាមួយតម្លៃជីឡើងថ្លៃខ្លាំង។ លោក ព្រាន ប្រាប់ថា  ជីគីមីមួយការ៉ុង តម្លៃជាង ២០ម៉ឺនរៀល ហើយក្នុងដីជាង៣ហិកតា លោក ព្រាន ប្រើជីអស់៥ការ៉ុង។ 


 
កសិករមួយរូបទៀត ដែលកំពុងឈរមើលរថយន្តច្រូតស្រូវ លោក កុល ប្រុញ ក៏ចាប់ផ្តើមប្រមូលផលស្រូវផ្កាម្លិះរបស់ខ្លួនជាបណ្ដើរៗហើយដែរ។ ដូចលោក ព្រាន ដែរ កសិករ កុល ប្រុញ ប្រាប់ថា ទិន្នផលស្រូវឆ្នាំនេះប្រហាក់ប្រហែលឆ្នាំទៅមិញដែរ មិនសូវកើនផលទេ ព្រោះខ្វះទឹកនៅដើមរដូវ។ ឆ្នាំនេះ ស្រូវផ្កាម្លិះសើម លក់បានមួយគីឡូក្រាមតម្លៃ ៧៦០រៀល ខណៈដែលឆ្នាំទៅលក់បានពី ៩៦០ ចុះដល់៨០០រៀល។ លោក ប្រុញ រអ៊ូថា ទីផ្សារសព្វថ្ងៃអាស្រ័យលើឈ្មួញដាក់តម្លៃ គឺមិនច្បាស់លាស់ទេ ហើយកសិករមិនមានជម្រើសអ្វីទេ។ លោកបន្តថា៖«យើងគ្មានជម្រើសទុកទេ ព្រោះបើទុក ត្រូវចំណាយពេលហាល និងជួលគេច្រើន អ៊ីចឹងមានតែច្រូតភ្លាម លក់ឱ្យឈ្មួញភ្លាមហ្នឹងឯង»។
 
លោក ប្រុញ មានដីស្រែតពីគ្រួសារសរុប ៥ហិកតា និងធ្វើនៅខាងកើតភ្នំក្រោម សង្កាត់ចុងឃ្នៀសនេះ អស់ពេល៣០ឆ្នាំមកហើយ។ ក្នុងមួយឆ្នាំ កសិករនៅតំបន់នេះ ធ្វើស្រែពីរដង ដែលលើកទីពីរ ចាប់ផ្តើមព្រួសនៅក្រោយរដូវចូលឆ្នាំរួច។ តែការធ្វើលើកទីពីរនេះ ភាគច្រើនកសិករពឹងលើសំណាង។ ប្រសិនមានភ្លៀងធ្លាក់ឆាប់ ស្រូវក៏បានផលល្អ តែបើរាំង កសិករនឹងខាត ឬបានផលតិចតួចបំផុត។ នេះជាការបញ្ជាក់របស់លោក ប្រុញ។
 
រីឯកសិករ ចេត ព្រាន ឯណោះវិញ ទោះរអ៊ូពីការធ្វើស្រែថាមិនចំណេញក៏ដោយ ក៏បុរសមានកូន៤នាក់ក្នុងបន្ទុករូបនេះ នៅតែមិនអាចទៅណាឆ្ងាយពីរបរមួយនេះបាន។ លោកបានត្រៀមពូជស្រូវរួចហើយ ដោយក្នុងផ្ទៃដីជាង៣ហិកតា ត្រូវការពូជស្រូវសរុបជាង ៦០០គីឡូក្រាម។ ពូជទាំងនោះ លោក ព្រាន ទិញពូជសុទ្ធពីផ្សារផង និងស្រូវដែលទើបប្រមូលនៅពេលនេះផង។ ក្រៅទំនេរពីរបរធ្វើស្រែ អ្នកភូមិកក្រាញ់ សង្កាត់សៀមរាប រូបនេះ ក៏មានរបរចិញ្ចឹមក្របីផងដែរ៕



Tag:
 កសិកម្ម
  ទិន្នផលស្រូវ
  ជីនាំចូល
© រក្សាសិទ្ធិដោយ thmeythmey.com