ជាតិ
សេដ្ឋកិច្ច
វិស័យធានារ៉ាប់រងកម្ពុជា បន្តរួមចំណែកអភវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩
05, Mar 2022 , 4:59 pm        
រូបភាព
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា
សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) បានបង្ហាញពីភាពរីកចម្រើន ក្នុងវិស័យធានារ៉ាប់រងកម្ពុជា ដែលមានកំណើនជាប្រចាំឆ្នាំ។ ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីសកលលោកជួបវិបត្តិជំងឺកូវីដ-១៩ ក្ដី ក៏វិស័យនេះ បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ១.១ ភាគរយ។

 
អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា វិស័យធានារ៉ាប់រង ជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។ លោកបន្តថា ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ទីផ្សារធានារ៉ាប់រងកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៥ភាគរយ ទោះបីសកលលោកកំពុងជួបវិបត្តិជំងឺកូវីដ១៩ក្ដី ក៏បុព្វលាភធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ២០២០ បន្តកើនឡើងប្រមាណ ២៧០ លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណ ៨ភាគរយ និងកើនឡើងប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២១។  
 
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអនុក្រឹត្យស្ដីពីការធានារ៉ាប់រង នាព្រឹកថ្ងៃទី៤ មីនា នាសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប លោក ប៊ូ ច័ន្ទភីរូ បន្តថា៖«ឆ្នាំ២០២១ វិស័យធានារ៉ាប់រងកម្ពុជា រួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ជាអត្រា ១,១ភាគរយ ហើយការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង ប្រមាណ១៨ដុល្លារអាម៉េរិកសម្រាប់មនុស្សម្នាក់»។ 
 
ចំណុចនេះហើយ ដែលអគ្គនាយកនិយ័តករធានារ៉ាប់រង យល់ឃើញថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលអនាគត។ មន្រ្តីរូបនេះបន្តថា ដោយឃើញចំណុចនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយបង្កើតស្ថាប័នថ្មីមួយ មានសមត្ថកិច្ចធ្វើនិយ័តកម្មវិស័យធានារ៉ាប់រងកម្ពុជា គឺនិយ័តករធានារ៉ាប់រងកម្ពុជា។ 
 
ជាមួយនឹងការរីកចម្រើនលើវិស័យនេះ បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រង រហូតដល់ ៤០ ក្នុងនោះរួមទាំងក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ភ្នាក់ងារធានារ៉ាប់រងចំនួន២៩ ក្រុមហ៊ុនជើងសារធានារ៉ាប់រង ១៧ និងក្រុមហ៊ុនវាយតម្លៃហានិភ័យចំនួន៣។ នេះបើតាមរបាយការណ៍ របស់និយ័តករធានារ៉ាប់រងកម្ពុជា។ 
 
សូមបញ្ជាក់ថា អនុក្រឹត្យស្ដីពីធានារ៉ាប់រងថ្មី ត្រូវបានអនុម័តនាថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១ ជំនួសអនុក្រឹត្យចាស់ ដែលបង្កើតឡើងនៅឆ្នាំ ២០០១។ អនុក្រឹត្យថ្មីនេះបង្កើតឡើង ក្នុងគោលដៅកំណត់វិធាន នីតិវិធី និងនិយាមសម្រាប់ការគ្រប់គ្រង ត្រួតពិនិត្យសកម្មភាពធានារ៉ាប់រង សំដៅធានាបាននូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ និងការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជន និងវិស័យធានារ៉ាប់រងកម្ពុជា ដោយអនុលោមតាមច្បាប់ ស្ដីពីការធានារ៉ាប់រង៕

Tag:
 ធានារ៉ាប់រង
  ប៊ូ ច័ន្ទភីរូ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com