អន្តរជាតិ
ចិន កាត់បន្ថយកំណើន GDP ឆ្នាំ២០២២ ត្រឹម៥,៥ភាគរយ
06, Mar 2022 , 8:59 am        
រូបភាព
សភាប្រជាជនចិន បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៥ ខែមីនា។ រូបថត Xinhua
សភាប្រជាជនចិន បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៥ ខែមីនា។ រូបថត Xinhua
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង នៅថ្ងៃទី៥ ខែមីនា បានប្រកាសថា រដ្ឋាភិបាលចិនបានកំណត់ គោលដៅកំណើនសេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២២ មកនៅត្រឹមតែ៥,៥ភាគរយ ដែលជាអត្រាទាបជាងឆ្នាំ២០២១។

 
ចិន ដែលមានសេដ្ឋកិច្ចធំទីពីរលើពិភពលោក ទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់៨,១ភាគរយកាលពី២០២១ ដែលចំនួននេះបានលើសពីចំនួនគោលដៅរបស់រដ្ឋាភិបាលដែលមានត្រឹម៦ភាគរយ។ សម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាលចិន បានបន្ទាបកំណើន GDP របស់ខ្លួនទៀត។
 
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់សភាប្រជាជនចិនដែលចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនា នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង បញ្ជាក់ថា រដ្ឋាភិបាលចិនបានសម្រេចកាត់បន្ថយគោលដៅកំណើន GDP មកត្រឹម៥,៥ភាគរយតែប៉ុណ្ណោះ។ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាល លោក លី បន្តថា គោលដៅឱនភាពថវិកាឆ្នាំ២០២២ មានប្រហែល២,៨ភាគរយនៃ GDP ខណៈឆ្នាំ២០២១ មានប្រហែល៣,២ភាគរយ។
 
ចំណែកគោលដៅសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ត្រូវបានកំណត់ប្រហែល៣ភាគរយដែលមិនផ្លាស់ប្តូរពីឆ្នាំមុននោះទេ។
 
ចំពោះកំណត់កូតាសម្រាប់ការចេញសញ្ញាប័ណ្ណពិសេសរបស់រដ្ឋាភិបាលក្នុងតំបន់មាន ចំនួន៣,៦៥ពាន់ពាន់លានយ័ន ឬ ៥៧៨ ពាន់លានដុល្លារ ដែលមិនផ្លាស់ប្តូរពីឆ្នាំ២០២១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com