អន្តរជាតិ
ចិន ជំរុញឱ្យមានការចរចារវាងរុស្ស៊ី-អ៊ុយក្រែនដោយផ្ទាល់
06, Mar 2022 , 2:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៥ ខែមីនា ដោយផ្ដោតលើបញ្ហាអ៊ុយក្រែន ទីដែលប្រតិបត្តិការយោធារុស្ស៊ីឈានដល់ថ្ងៃទី១០ ហើយនោះ។ ខណៈមានការអំពាវនាវឱ្យចិនជួយចូលរួមដោះស្រាយដោយប្រើទំនាក់ទំនងជិតស្និទ្ធរបស់ជាមួយរុស្ស៊ី លោក វ៉ាង លើកឡើងថា ទីក្រុងប៉េកាំងគាំទ្រឱ្យមានការពិភាក្សាដោយផ្ទាល់រវាងភាគីជម្លោះ។

 
ប្រមុខការទូតចិន និងអាម៉េរិក បានជជែកគ្នាជាលើកដំបូងបំផុតនៅថ្ងៃទី៥ ខែមីនា ចាប់តាំងពីរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនមក។ ជាញឹកញយ ក្រុមលោកខាងលិច អំពាវនាវឱ្យទីក្រុងប៉េកាំងដើរតួនាទីឱ្យសកម្មក្នុងការដោះស្រាយបញ្ហានេះ ព្រោះខ្លួនមានទំនាក់ទំនងល្អជាមួយរុស្ស៊ីស្រាប់ ប៉ុន្តែទីក្រុងប៉េកាំង ហាក់ប្រកាន់ជំហរប្រយ័ត្នប្រយែងខ្លាំង។
 
តំណាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានជួបគ្នាពីរដងមកហើយដែរ តែមិនមានលទ្ធផលជាដុំកំភួនអ្វីដល់ការដោះស្រាយជម្លោះមួយនេះឡើយ។ ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតែបន្តដែលបានបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនជាង៣៣០នាក់បានបាត់បង់ជីវិត និងច្រើនជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេស។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិ (UN)។
 
«យើងលើកទឹកចិត្តឱ្យមានការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយពួកយើងសង្ឃឹមថាការប្រយុទ្ធគ្នានឹងបញ្ឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ក្រសួងការបរទេសចិនបញ្ជាក់បែបនេះក្រោយជំនួបខាងលើ។ រដ្ឋមន្ត្រីការបរទេសរចិន ក៏បានសង្កត់ធ្ងន់ថា ការចរចាអាចជួយទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ។
 
លើសពីនេះ ប្រមុខការទូតចិនរូបនេះ ក៏ស្នើឱ្យអាម៉េរិក, សម្ព័ន្ធយោធាណាតូ, សហភាពអឺរ៉ុប និងរុស្ស៊ីសន្ទនាគ្នា និងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់អវិជ្ជមាននៃការពង្រីកណាតូឆ្ពោះទៅភាគខាងកើតផងដែរ។
 
ខណៈឯលោក ប្លីងខិន វិញបានបញ្ជាក់ថា ពិភពលោកកំពុងមើលប្រទេសណាខ្លះឈរលើគោលការណ៍សេរីភាព ការសម្រេចចិត្តដោយខ្លួនឯង និងអធិបតេយ្យភាព។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Ned Price។ ការលើកឡើងរបស់លោក ប្លីងខិន ទំនងជាចង់បញ្ជាក់ទៅកាន់ភាគីចិនថា ការគាំទ្ររុស្ស៊ីមិនមែនជាអ្វីដែលពិភពលោកចង់បានឡើយ។
 
កន្លងមក ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុប លោក Josep Borrell ក៏បាននិយាយផងដែរថា ចិនគួរតែចូលរូមសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលមហាអំណាចលោកខាងលិចមិនអាចបំពេញតួនាទីនេះបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនោះឡើយ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com