ជាតិ
រដ្ឋបាលខេត្តកោះកុង បង្កើតក្រុមការងារបង្រ្កាបបទល្មើសកាប់ទន្រ្ទានដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ
06, Mar 2022 , 3:59 pm        
រូបភាព
រូបភាពពី មន្ទីរបរិស្ថានខេត្តកោះកុង
រូបភាពពី មន្ទីរបរិស្ថានខេត្តកោះកុង
រដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើស«កាប់ទន្រ្ទានដីរដ្ឋខុសច្បាប់»ក្នុងតំបន់ការពារធម្មជាតិចំនួន៨ ដែលមានផ្ទៃដីទំហំ ១២៦ ៩២៨,៣៩ ហិកតា និងគម្របព្រៃឈើចំនួន២៣  ០៩២ ហិកតា។ ដីទាំងនោះ មានចំណែករបស់រដ្ឋបាលខេត្តកោះកុង និងមួយចំណែកទៀត ត្រូវបានរក្សារទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

 
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងជាប្រធានក្រុមការងារនេះ ខណៈមន្ត្រីពាក់ព័ន្ធពីមន្ទីរបរិស្ថាន មន្ទីរកសិកម្មខេត្ត អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ជាអនុប្រធាន និងសមាជិក។ ក្រុមការងារនេះ មានភារកិច្ចចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែង និងរក្សាទុកវត្ថុតាងជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលនៅជិតបំផុត។ រៀបចំព័ត៌មានបឋមនៃបទល្មើសដូចជា ទីតាំងល្មើសប្រភេទ និងទំហំនៃបទល្មើស សាវតាជនជនសង្ស័យ និងរូបថត។  
 
ក្នុងករណីចាប់បានជនសង្ស័យ ត្រូវបញ្ជូនព័ត៌មានបឋមនៃបទល្មើស និងបញ្ជូនជនសង្ស័យ ទៅ អធិការដ្ឋាននគរបាលក្រុង-ស្រុកក្នុងដែនសមត្ថកិច្ច ដើម្បីចងក្រងសំណុំរឿង និងបញ្ជូនបន្តទៅ តុលាការតាមនីតិវិធី។  ទទួលយកព័ត៌មានបឋមនៃបទល្មើស និងជនសង្ស័យ ពីមន្ទីរបរិស្ថានខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
បំពេញបន្ថែមព័ត៌មានដើម្បីចងក្រងសំណុំរឿងពេញលេញ ដោយមានកំណត់ទោសទណ្ឌស្របតាមបញ្ញត្តិច្បាប់ភូមិបាល និងបញ្ជូនទៅតុលាការ ត្រូវថតចម្លង និងផ្តល់សំណុំរឿងមកមន្ទីរបរិស្ថាន ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ នៅពេលបញ្ចូនសំណុំរឿងទៅតុលាការរួចរាល់។ ផ្ដល់កម្លាំងគាំទ្រដើម្បីអន្តរាគមន៍ ក្នុងករណីចាំបាច់ និងមានការស្នើសុំ ដើម្បីអនុវត្តច្បាប់ប្រកបដោយជោគជ័យ និងអនុវត្តការងារផ្សេងៗទៀតដែលពាក់ព័ន្ធតាមការចាំបាច់។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី៤មីនា៕  
 

Tag:
 តំបន់ការពារធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com