សុខភាព
អន្តរជាតិ
ស្ត្រីមានជំងឺប្រកាំង អាចជួបបញ្ហាមួយចំនួនពេលមានផ្ទៃពោះ
16, Apr 2022 , 3:59 pm        
រូបភាព
រូបភាព៖ unsplash
រូបភាព៖ unsplash
ស្ត្រីដែលមានជំងឺប្រកាំង អាចមានហានិភ័យខ្ពស់ ក្នុងការជួបប្រទះបញ្ហាមួយចំនួន នៅពេលមានផ្ទៃពោះ ដូចជាការសម្រាលកូនមិនគ្រប់ខែ សម្ពាធឈាមខ្ពស់ពេលមានគភ៌ និងអាចបង្កឱ្យមានជំងឺ preeclampsia ឬ ជំងឺក្រឡាភ្លើង។

 
ការស្រាវជ្រាវមួយ ដែលបង្ហាញក្នុងកិច្ចប្រជុំ American Academy of Neurology លើកទី៧៤ បានអះអាងថាស្ត្រីដែលឈឺក្បាលជាប្រចាំ ដោយមានជំងឺប្រកាំងអាចមាន ហានិភ័យខ្ពស់ជួបប្រទះបញ្ហាមួយចំនួនពេលមានផ្ទៃ ពោះ ដូចជាការសម្រាលកូនមិនគ្រប់ ខែ សម្ពាធឈាមខ្ពស់ពេលមានគភ៌ និងអាចបង្កឱ្យ មាន ជំងឺក្រឡាភ្លើង។ ជំងឺក្រឡាភ្លើង (Preeclampsia) ជាជំងឺដែលកើត ដោយសារសម្ពាធឈាមខ្ពស់ រួមនឹងរោគសញ្ញាផ្សេងទៀតក្នុងអំឡុងពេលមានផ្ទៃពោះ ដែលអាចគំរាមកំហែងដល់អាយុជីវិតម្តាយ និងទារក។
 
អ្នកស្រាវជ្រាវ ក៏បានរកឃើញថាស្ត្រីដែលមានជំងឺប្រកាំង និងមានអាការ aura អាចមានហានិភ័យខ្ពស់នៃការកើតជំងឺក្រឡាភ្លើង ជាងស្ត្រីដែលមានជំងឺប្រកាំងដោយគ្មាន aura ។ Aura គឺជាអារម្មណ៍រំខានដែលកើតឡើងមុនពេលឈឺក្បាល។ ការរំខាននោះកើតឡើងតាមរយៈពន្លឺភ្លើង ហើយប៉ះពាល់ទៅភ្នែក និងគំហើញ។ 
 
«ប្រហែល ២០ភាគរយនៃស្ត្រីដែលពេញវ័យជួបប្រទះជំងឺឈឺក្បាលប្រកាំង»។ អ្នកនិពន្ធការសិក្សា Alexandra Purdue-Smithe នៃមន្ទីរពេទ្យ Brigham and Women's Hospital ក្នុងទីក្រុង Boston បានអះអាងបែបនេះ។
 
ក្នុងការសិក្សា អ្នកស្រាវជ្រាវ បានពិនិត្យមើលស្រ្តីមានផ្ទៃពោះជាង ៣ម៉ឺននាក់។ ក្នុងនោះ ស្ត្រីជិត ២ម៉ឺននាក់បានឆ្លងកាត់ការសិក្សារយៈពេល ២០ឆ្នាំ។ ១១ភាគរយនៃស្ត្រីទាំងអស់ បានរាយការណ៍ថា ពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិត ថាមានជំងឺប្រកាំងមុន ពេលមានផ្ទៃពោះ។
 
ស្រ្តីដែលមានជំងឺប្រកាំងស្រាប់ ប្រឈមហានិភ័យខ្ពស់នៃការសម្រាលកូនមិនគ្រប់ខែ ប្រមាណ ១៧ភាគរយ ហើយប្រឈមហានិភ័យមានសម្ពាធ ឈាម ខ្ពស់ ពេល មាន ផ្ទៃពោះ ២៨ភាគរយ និងមាន ហានិភ័យខ្ពស់នៃការកើតជំងឺ preeclampsia ៤០ភាគរយ។ នេះបើប្រៀបធៀបរវាងស្ត្រីដែលមានជំងឺប្រកាំងស្រាប់ ទៅនឹងស្ត្រីដែលមិនមានជំងឺប្រកាំង តាំង ពីមុនមានផ្ទៃពោះ។
 
គួរបញ្ជាក់ថា ការស្រាវជ្រាវបន្ថែម នឹងធ្វើជាចាំបាច់ដើម្បីកំណត់ឱ្យច្បាស់ថាហេតុអ្វីបាន ជាជំងឺប្រកាំងអាចផ្សារភ្ជាប់ជាមួយនឹងបញ្ហាចំពោះស្ត្រីមានផ្ទៃពោះដែលមានប្រវត្តិជំងឺនេះ។ ដូច្នេះ ស្ត្រីដែលមានប្រវត្តិមានជំងឺប្រកាំងគួរតែតាមដានសុខភាព និងពិគ្រោះជាមួយ វេជ្ជបណ្ឌិតឱ្យបានច្បាស់អំពីហានិភ័យនៃការមានផ្ទៃពោះដែលអាចកើតមានលើខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com