អន្តរជាតិ
វិបត្តិរុស្ស៊ី-អ៊ុយក្រែន អាចនឹងជំរុញអឺរ៉ុបប្តូរទៅប្រើថាមពលប្រកបដោយនិរន្តរភាព
06, Mar 2022 , 4:39 pm        
រូបភាព
បាតុករ ធ្វើបាតុកម្មនៅក្នុងទីក្រុងបែរឡាំង ដើ~៊ីបញ្ឈប់សង្រ្គាមប្រឆាំងអ៊ុយក្រែន។ រូបភាព៖ AFP
បាតុករ ធ្វើបាតុកម្មនៅក្នុងទីក្រុងបែរឡាំង ដើ~៊ីបញ្ឈប់សង្រ្គាមប្រឆាំងអ៊ុយក្រែន។ រូបភាព៖ AFP
កន្លងមក អឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ពិសេសអាល្លឺម៉ង់។ អាល្លឺម៉ង់ បានទទួលយកការផ្គង់ផ្គង់ឧស្ម័នពីរុស្ស៊ី ដើម្បីបំពេញតម្រូវការបន្ទាប់ពីបិទរោងចក្រធ្យូងថ្ម និងផ្អាកប្រើថាមពលនុយក្លេអ៊ែរបន្ទាប់ពីគ្រោះមហន្តរាយនៅហ្វូគូហ្ស៊ីម៉ា ប្រទេសជប៉ុន។ ពេលនេះវិបត្តិរុស្ស៊ី-អ៊ុយក្រែនបានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលទៅឱ្យបណ្តាប្រទេសអឺរ៉ុប និងអាចធ្វើឱ្យប្រទេសទាំងនោះ ប្តូរទៅប្រើថាមពលប្រកបដោយនិរន្តរភាពជំនួសវិញ។

 
វិបត្តិអ៊ុយក្រែន-រុស្ស៊ី បានធ្វើឱ្យមេដឹកនាំបណ្តាប្រទេសអឺរ៉ុបគិតគូរថាតើពួកគេអាចពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីបានទៀតដែរឬទេ ព្រោះប្រហែល ៤០ភាគរយនៃឧស្ម័ន ដែលអឺរ៉ុបប្រើប្រាស់ គឺបានមកពីរុស្ស៊ី។ ដូច្នេះវានឹងអាចជំរុញឱ្យអឺរ៉ុបប្តូរទៅប្រើថាមពលប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការជំនួស។ ការណ៍នេះនឹងជួយលើកកម្ពស់វិស័យបរិស្ថានតាមរយៈការកាត់បន្ថយការបំភាយកាបូនមួយផ្នែកទៅក្នុងបរិយាកាស។
 
អ្នកជំនាញបានវិភាគថា វិបត្តិអ៊ុយក្រែន-រុស្ស៊ីដែលរារាំងការនាំចូលឧស្ម័ននៅអឺរ៉ុប នឹងជួយពន្លឿននិន្នាការរបស់អឺរ៉ុបឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារពួកគេត្រូវព្យាយាមកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយលើទំព័រព័ត៌មាន The Conversation។ 
 
អឺរ៉ុបនឹងបង្កើនកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីផ្លាស់ប្តូរទៅប្រើថាមពលប្រកបដោយនិរន្តរភាព ដូចជាការផលិតថាមពលចេញពីកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យជាដើម។ ការផលិតថាមពលខ្លួនឯង នឹងពង្រឹងឯករាជ្យភាពផ្នែកថាមពល និងអាចចែករំលែកទៅវិញទៅមករវាងបណ្តាប្រទេសនៅអឺរ៉ុប។ 
 
យ៉ាងណាមិញ ការវិភាគនេះក៏មិនត្រូវបានធានាដែរ អឺរ៉ុបអាចនឹងវិលត្រឡប់ទៅប្រើថាមពលធ្យូងថ្មវិញ ព្រោះក្រុមហ៊ុននាំចេញឥន្ធនៈហ្វូស៊ីលសំខាន់ៗដូចជា អូស្ត្រាលីកំពុងត្រៀមបំពេញតម្រូវការថាមពលក្នុងទីផ្សារអឺរ៉ុប។ ស្របគ្នានេះ អាល្លឺម៉ង់ អាចនឹងត្រូវបង្ខំចិត្តគិតពីការប្រើថាមពលដើរដោយនុយក្លេអ៊ែរឡើងវិញផងដែរ។ វាអាចនឹងនៅបន្តជាបញ្ហាគំរាមកំហែងដល់វិស័យបរិស្ថាន ព្រោះការពិតថាមពលប្រកបដោយនិរន្តរភាព អាចនឹងពិបាកបំពេញតម្រូវការដ៏ធំរបស់អីរ៉ុបទាំងមូល។
 
គួរបញ្ជាក់ថា ការនាំចេញថាមពលគឺជាប្រភពចំណូលដ៏ធំរបស់រុស្ស៊ី ហើយប្រទេសនេះក៏ជាអ្នកនាំចេញថាមពលដ៏ធំបំផុតមួយរបស់ពិភពលោកដែរ។ រុស្ស៊ីនាំចេញឧស្ម័នឈានមុខគេ ខណៈនាំចេញប្រេងឆៅលំដាប់ទី២ និងនាំចេញធ្យូងថ្មលំដាប់ទីបី៕
 

Tag:
 ថាមពល
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com