អន្តរជាតិ
ទីក្រុងឡុងដ៍ មានភាពទាក់ទាញផ្នែកពាណិជ្ជកម្មជាងគេបំផុតក្នុងឆ្នាំ២០២១
06, Mar 2022 , 10:39 pm        
រូបភាព
ទីក្រុងឡុងដ៍។ រូបភាព៖ unsplash
ទីក្រុងឡុងដ៍។ រូបភាព៖ unsplash
ក្នុងឆ្នាំ ២០២១ មូលនិធិ The Mori Memorial បានធ្វើរបាយការណ៍អំពីចំណាត់ថ្នាក់ទីក្រុងរបស់ពិភពលោកដែលមានភាពទាក់ទាញបំផុត ពោលគឺមានសមត្ថភាពទាក់ទាញមនុស្ស ទ្រព្យសម្បត្តិ និងទំនាក់ទំនងពាណិជ្ជកម្មល្អពីបណ្តាប្រទេសជុំវិញពិភពលោក។ ទីក្រុងឡុងដ៍ របស់អង់គ្លេសបានជាប់ជាទីក្រុងកំពូល ដែលមានភាពទាក់ទាញល្អបំផុត។


ទីក្រុងឡុងដ៍ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមានភាពទាក់ទងផ្នែកពាណិជ្ជកម្មខ្លាំងបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២១។ ប៉ុន្តែ វាមិនចម្លែកទេ ព្រោះទីក្រុងនេះបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ១០ឆ្នាំជាប់ៗគ្នាមកហើយ បើទោះបីជាការវាយតម្លៃពីឆ្នាំ២០២០បានធ្លាក់ចុះ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ ក្នុងឆ្នាំ ២០២១ ទីក្រុងនេះបានបង្កើនពិន្ទុទាក់ទិននឹងសុខុមាលភាពសង្គម និងវិស័យបរិស្ថានថែមទៀត បើធៀបនឹងឆ្នាំមុន។ 

ទីក្រុងញូវយ៉ក បានជាប់ចំណាត់ថ្នាក់លេខ២ ដោយបង្កើនពិន្ទុបរិស្ថាន ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែង ធ្វើឱ្យទីក្រុងកាន់តែស្អាត។ ទីក្រុងតូក្យូដែលស្ថិតនៅលេខ៣ បានធ្វើឱ្យពិន្ទុរបស់ខ្លួនកើនឡើង សឹងតែស្មើទីក្រុងឡុងដ៍ និងញូវយ៉ក។ ការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ បានបង្កើនទំនាក់ទំនងវប្បធម៌រវាងជប៉ុននឹងប្រទេសផ្សេងទៀតជាច្រើន។ លើសពីនេះ ទីក្រុងនេះក៏ទទួលបានពិន្ទុផ្នែកសុខុមាលភាពសង្គមខ្ពស់ដែរ។

យ៉ាងណាមិញ ទីក្រុងម៉ាឌ្រីដ បានឈានជើងចូលក្នុងតារាងកំពូលទាំង១០លើកដំបូង ក្រោយធ្លាក់ពីលេខ ១៣ ចុះមកនៅលេខ៩ ក្នុងឆ្នាំ២០២១។ 
ការធ្វើចំណាត់ថ្នាក់ទីក្រុងដែលមានភាពទាក់ទាញ គឺផ្អែកលើការវាយតម្លៃកត្តាចំនួន ៦ ក្នុងនោះរួមមាន សេដ្ឋកិច្ច, ការអភិវឌ្ឍ និងស្រាវជ្រាវ, ទំនាក់ទំនងវប្បធម៌, សុខុមាលភាពសង្គម, បរិស្ថាន, និងឱកាសចូលរួមផ្សេងៗសម្រាប់ប្រជាជន។
 
ខាងក្រោមនេះ គឺជាទីក្រុងទាំង១០ ដែលមានភាពទាក់ទាញជាងគេក្នុងពិភពលោកប្រចាំឆ្នាំ ២០២១៖

១, ទីក្រុងឡុងដ៍
២,ទីក្រុងញូវយ៉ក
៣, ទីក្រុងតូក្យូ
៤, ទីក្រុងប៉ារីស
៥, សិង្ហបុរី
៦, ទីក្រុងអាំស្ទែដាំ
៧, ទីក្រុងបែរឡាំង
៨, ទីក្រុងសេអ៊ូល
៩, ទីក្រុងម៉ាឌ្រីដ
១០, ទីក្រុងសៀងហៃ៕
 
 

Tag:
 អង់គ្លេស
  អាម៉េរិក
  អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com