ជាតិ
អ្នកស្រី ផល្លី កែច្នៃចេកជា«ស្ករ» និង«ស្រាចេក» លក់ក្នុងស្រុក និងនាំទៅបរទេស
07, Mar 2022 , 7:59 am        
រូបភាព
អ្នកស្រី យស់ ផល្លី ម្ចាស់សហគ្រាសគំនិតថ្មី~កំពង់ចាម។ រូបភាពផ្ដល់ដោយ អ្នកស្រី យស់ ផល្លី។
អ្នកស្រី យស់ ផល្លី ម្ចាស់សហគ្រាសគំនិតថ្មី~កំពង់ចាម។ រូបភាពផ្ដល់ដោយ អ្នកស្រី យស់ ផល្លី។
អ្នកស្រី យស់ ផល្លី ជាម្ចាស់សហគ្រាសកែច្នៃចេកណាំវ៉ាជាស្ករ និងផលិតផលសម្រេចមួយចំនួន ស្ថិតក្នុងខេត្តកំពង់ចាម។ សហគ្រាសនេះ ប្រមូលទិញចេកពីអ្នកស្រុក ក្នុងមួយថ្ងៃប្រមាណ៥០០ស្និត ដើម្បីយកមកកែច្នៃ។ សហគ្រាសនេះ កំពុងផ្គត់ផ្គង់ស្ករក្នុងស្រុក និងក្រៅប្រទេសដូចជាចិន កូរ៉េ និងអាល្លឺម៉ង់។


 
សហគ្រាសគំនិតថ្មី របស់អ្នកស្រី យស់ ផល្លី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយកែច្នៃចេកណាំវ៉ា ទៅជាស្ករចេក សម្រាប់ប្រើប្រាស់ជាគ្រឿងទេស ឆុងតែ ឬកាហ្វេជាដើម។ បើតាមស្ថាបនិកស្ត្រីរូបនេះ ការចាប់ផ្ដើមកែច្នៃផ្លែចេកនេះ ក្រោយកសិករដាំចេក ក្នុងស្រុកចំការលើ ពិបាកក្នុងការលក់ចេញ នាអំឡុងឆ្នាំ២០១០។ អ្នកស្រី ផល្លី រៀបរាប់ពីការបង្កើតសហគ្រាសខ្លួនដូច្នេះ៖«ឆ្នាំដែលកសិករជួបវិបត្តិទីផ្សារពេលហ្នឹង ប្រទេសកម្ពុជាយើងមានការនាំចូលផ្លែឈើពីប្រទេសជិតខាងមកច្រើន។ ចេកនោះវាលក់អត់បាន ធ្វើឱ្យចេកកសិករទុំចោលជារៀងរាល់ឆ្នាំ។ អ៊ីចឹងហើយក្រុមគ្រួសារខ្ញុំ រកវិធីថាធ្វើម៉េចដើម្បីកែច្នៃ ជាផលិតផលសម្រេច។ អ៊ីចឹងហើយប៉ាខ្ញុំ គាត់នឹកឃើញស្ករចេកហ្នឹង ដែលជាចំណេះដឹងពីយាយទួតមក»។
 
ការចាប់ផ្ដើមអាជីវកម្មនេះដំបូង អ្នកស្រី យស ផល្លី អះអាងថា ជួបការលំបាក ក្នុងដំណើរការផលិតកម្ម ពោលគឺត្រូវប្រើប្រាស់កម្លាំងមនុស្សសុទ្ធ។ នាពេលនោះ ក្រុមគ្រួសាររបស់អ្នកស្រី ស្វះស្វែងរកម៉ាស៊ីនទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែគ្មានម៉ាស៊ីនកែច្នៃប្រភេទនេះ លក់លើទីផ្សារនោះឡើយ។ ដូច្នេះហើយក្រុមគ្រួសាររបស់អ្នកស្រី ត្រូវសិក្សាស្រាវជ្រាវកែច្នៃម៉ាស៊ីនប្រភេទនេះ ដោយខ្លួនឯង ដោយត្រូវចំណាយពេលអស់១ឆ្នាំ។


ផលិតផល កែច្នៃពីផ្លែចេក ក្នុងសហគ្រាសអ្នកស្រ~ ។ រូបភាពពី ទំព័រហ្វេសប៊ុកសហគ្រាសគំនិតថ្មី។
 
បច្ចុប្បន្ននេះ ដំណើរការផលិតស្ករចេកនេះ ត្រូវបានប្រើប្រាស់ដោយម៉ាស៊ីនទាំងស្រុង លើកលែងតែការបកសំបកប៉ុណ្ណោះ ដែលប្រើប្រាស់កម្លាំងមនុស្ស។ បើតាមអ្នកស្រី ផល្លី ការផលិតស្ករចេក ចេញជាផលិតផលសម្រេច ត្រូវចាយពេលប្រមាណជា១០ថ្ងៃ ហើយក្នុងស្ករចេកមួយគីឡូក្រាម ត្រូវប្រើប្រាស់ចេកស្រស់ចំនួន៧គីឡូក្រាម។
 
សហគ្រាសកែច្នៃចេករបស់អ្នកស្រី យស ផល្លី នាពេលបច្ចុប្បន្ននេះ ប្រមូលទិញតែចេករបស់កសិករក្នុងស្រុកចំការលើ ខេត្តកំពង់ចាមប៉ុណ្ណោះ និងមួយចំនួនប្រមូលពីចម្ការផ្ទាល់ខ្លួន ស្ថិតលើដីប្រមាណជា១០ហិកតា ខណៈតម្រូវការផ្លែចែកប្រមាណ៥០០ស្និតក្នុងមួយថ្ងៃៗ។
 
ក្រៅពីច្នៃចេកទៅជាស្ករ សហគ្រាសមួយនេះ ក៏កែច្នៃចេក ទៅជាផលិតមួយចំនួនទៀតដែរ ដូចជាស្រាចេក ស្ករគ្រាប់ និងអាហារសម្រន់ធ្វើពីចេក និងស្ករគ្រាប់ដូង។ ចំណែកផលិតផល ក្នុងសហគ្រាសនេះវិញ កំពុងមានវត្តមាននៅលើទីផ្សារតាមបណ្ដារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសប្រហែល ៤០០ទីតាំង ខណៈកន្លងមកផលិតផលរបស់ខ្លួន ក៏បាននាំចេញទៅក្រៅប្រទេសដែរមុនវិបត្តិកូវីដ-១៩ ដូចជាសាធារណរដ្ឋកូរ៉េ ចិន និងអាល្លឹម៉ង់៕
 
 

Tag:
 អាជីវកម្ម
  ចេកណាំវ៉ា
  យស់ ផល្លី
© រក្សាសិទ្ធិដោយ thmeythmey.com