អន្តរជាតិ
អាម៉េរិកថា មានរបាយការណ៍គួរឱ្យទុកចិត្តពីការវាយប្រហារដោយចេតនាលើជនស៊ីវិលអ៊ុយក្រែន
07, Mar 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ប្រមុខការទូតអាម៉េរិកលោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៦ ខែមីនាបានលើកឡើងថា អាម៉េរិកបានឃើញរបាយការណ៍គួរឱ្យទុកចិត្តបំផុតមួយនៃការវាយប្រហារដោយចេតនាលើជនស៊ីវិលនៅអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ លោកក៏បានបន្តថា ទីក្រុងវ៉ាស៊ីនតោន កំពុងចងក្រងឯកសារទាំងនោះដើម្បីគាំទ្រដល់អង្គការសមស្របក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញសកម្មភាពរបស់រុស្ស៊ី។

 
ជាង១១ថ្ងៃបន្ទាប់ពីរុស្ស៊ីបានចាប់ផ្ដើមលុកលុយអ៊ុយក្រែន របាយការណ៍អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ថា ជនជាតិអ៊ុយក្រែនជាង៣៣០នាក់ បានស្លាប់ និងច្រើនជាងមួយលាននាក់បានភៀសខ្លួនចេញពីប្រទេស។ លើសពីនេះ មិនត្រឹមតែវាយប្រហារលើទីក្រុងនិងអគាររដ្ឋាភិបាលធំៗប៉ុណ្ណោះទេ រុស្ស៊ីក៏ត្រូវចោទថា បានវាយប្រហារអគារស្នាក់នៅរបស់ប្រជាជន សាលារៀន ព្រមទាំងរោងចក្រនុយក្លេអ៊ែរដែលបានបង្កការគំរាមដល់អាយុជីវិតប្រជាជនជាច្រើននាក់។
 
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន អះអាងថា អាម៉េរិកទទួលបានរបាយការណ៍ជាក់លាក់ពីសកម្មភាពរុស្ស៊ី។ អំឡុងបទសម្ភាសជាមួយទូរទស្សន៍ CNN នៅថ្ងៃទី៦ ខែមីនា លោកប្លីងខិន បានលើកឡើងថា៖ «ពួកយើងបានឃើញរបាយការណ៍ដ៏គួរឱ្យជឿជាក់នៃការវាយប្រហារដោយចេតនាលើជនស៊ីវិលដែលនឹងបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម»។ 
 
ជាមួយនឹងការអះអាងអាម៉េរិកក៏បានឃើញរបាយការណ៍គួរឱ្យទុកចិត្តអំពីការប្រើប្រាស់អាវុធមួយចំនួនផងនោះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក បញ្ជាក់ថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនកំពុងតែចងក្រងឯកសារទាំងអស់នេះដោយបញ្ចូលគ្នា និងកំពុងត្រួតពិនិត្យបន្ថែមមុនបញ្ជូនទៅ បុគ្គល ឬអង្គការ និងស្ថាប័នសមស្របដើម្បីស៊ើបអង្កេតថា ការវាយប្រហារនោះជាឧក្រិដ្ឋកម្មសង្រ្គាមឬយ៉ាងណា។
 
កាលពីថ្ងៃទី៤ ខែមីនា ស្ថានទូតអាម៉េរិកប្រចាំអ៊ុយក្រែនបានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា ការវាយប្រហាររោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនគឺជាឧក្រិដ្ឋកម្មសង្គ្រាមទៀត។
 
គួរបញ្ជាក់ថា រដ្ឋទាំងសមាជិកទាំងអស់របស់ UN ដែលមានរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែត្រូវគោរព អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ដែលបានបង្កើតឡើងសម្រាប់ដោះស្រាយបញ្ហាមនុស្សធម៌ក្នុង សង្គ្រាម និងការវាយប្រហារដោយចេតនាលើជនស៊ីវិលខុសច្បាប់។ ស្របពេលជាមួយគ្នានេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតនៅអ៊ុយក្រែនផងដែរ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com