អន្តរជាតិ
រុស្ស៊ី សម្រេចបើកច្រកជំនួយមនុស្សធម៌នៅទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន
07, Mar 2022 , 10:29 pm        
រូបភាព
ការខូតខាតនៃសំណង់អាគារនៅក្នុងទីក្រុងកៀវ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។ រូបភាព៖ AFP
ការខូតខាតនៃសំណង់អាគារនៅក្នុងទីក្រុងកៀវ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។ រូបភាព៖ AFP
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៧ ខែមីនា បានលើកឡើងថា យោធារុស្ស៊ី ត្រូវផ្អាកការបាញ់ប្រហារ និងបើកច្រកមនុស្សធម៌ទៅទីក្រុងសំខាន់ៗមួយចំនួនរបស់អ៊ុយក្រែន ចាប់ពីម៉ោង ១០ព្រឹក ក្នុងថ្ងៃទី៧ ខែមីនា (ម៉ោងនៅរុស្ស៊ី)។ ការបើកច្រកសម្រាប់ជំនួយមនុស្សធម៌នេះ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់មេដឹកនាំបណ្តាប្រទេសជាច្រើន។

 
ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឱ្យមានផលវិបាកជាច្រើននៅអ៊ុយក្រែន។ ប្រជាជននៅក្នុងក្រុង Mariupol ប្រមាណ ២០ម៉ឺននាក់ ត្រូវជាប់នៅក្នុងក្រុង និងមិនអាចជម្លៀសបានឡើយ ដោយសារការវាយប្រហាររបស់យោធារុស្ស៊ី។ ស្របគ្នានេះ ប្រជាជននៅក្រុងកៀវ, ក្រុង Kharkiv និងតំបន់ផ្សេងទៀត កំពុងត្រូវការជំនួយយ៉ាងខ្លាំង។ 
 
បន្ទាប់ពីមានការអំពាវនាវរបស់ប្រធានាធិបតីបារាំង តួកគី និងបណ្តាប្រទេសផ្សេងទៀត រុស្ស៊ី បានសម្រេចបើកច្រកជំនួយមនុស្សធម៌ទៅអ៊ុយក្រែន ចាប់ពីម៉ោង ១០ព្រឹក (ម៉ោងនៅរុស្ស៊ី) និងផ្អាកការឈប់បាញ់។ 
 
«កម្លាំងរុស្ស៊ី ក្រោមគោលដៅមនុស្សធម៌ ប្រកាសផ្អាកការវាយប្រហារពីម៉ោង ១០ព្រឹក និងបើកច្រកជំនួយមនុស្សធម៌»។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៧ ខែមីនា ដោយបន្ថែមថា ការប៉ុនប៉ុងរបស់កម្លាំងអ៊ុយក្រែនដើម្បីប្រើល្បិចលើរុស្ស៊ី និងពិភពលោក គឺគ្មានប្រយោជន៍ឡើយក្នុងពេលនេះ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA ច្រកជំនួយមនុស្សធម៌នៅក្រុងកៀវ នឹងបើកទៅបេឡារុស ខណៈច្រកមនុស្សធម៌សម្រាប់ក្រុង Kharkiv នឹងបើកទៅរុស្ស៊ី។ ស្របគ្នានេះ ច្រកមនុស្សធម៌ក្រុង Mariupol និងSumy នឹងបើកទៅក្រុងផ្សេងទៀតរបស់អ៊ុយក្រែន និងទៅរុស្ស៊ី។ ចំណែកប្រជាជនដែលចង់ចាកចេញពីក្រុងកៀវ​ នឹងត្រូវជិះយន្តហោះត្រូវរុស្ស៊ីផងដែរ។ បើតាមក្រសួងការពារជាតិរុស្ស៊ី ដំណើរការនៃការជម្លៀស ត្រូវប្រើប្រាស់យន្តហោះដូ្រន ដើម្បីឃ្លាំមើលសុវត្ថិភាព។ 
 
បន្ទាប់ពីប្រតិបត្តិការយោធាពិសេស រុស្ស៊ីបានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើន ដោយប្រជាជនប្រមាណជាង ២ពាន់នាក់ បានទទួលមរណភាព និងប្រជាជនរាប់ម៉ឺននាក់ បានចាកចេញពីប្រទេស ដើម្បីរកកន្លែងសុវត្ថិភាព។ 
 
មិនតែប៉ុណ្ណោះ តម្លៃប្រេង បានហក់ឡើងយ៉ាងខ្ពស់ ដោយមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០០៨។ តម្លៃប្រេង នៅព្រឹកថ្ងៃទី៧ ខែមីនា បានហក់ឡើងដល់ ១៣៩,១៣ ដុល្លារ ក្នុងមួយបារ៉ែល សម្រាប់ទីផ្សារប្រេង Brent និង ១៣០,៥០ដុល្លារ ក្នុងមួយបារ៉ែល សម្រាប់ទីផ្សារ US West Texas Intermediate។ តម្លៃប្រេងនៅក្នុងឆ្នាំ២០០៨ មាន ១៤៧,៥០ដុល្លារ សម្រាប់ទីផ្សារ Brent និង១៤២,២៧ សម្រាប់ទីផ្សារUS West Texas Intermediate៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com