អន្តរជាតិ
ថៃ លើកទឹកចិត្តប្រជាជនមានកូនច្រើន ខណៈអត្រាបង្កកំណើតធ្លាក់ចុះ
08, Mar 2022 , 9:29 am        
រូបភាព
កុមារថៃ វាស់កម្ដៅមុនចូលរៀន។ រូបថត Xinhua
កុមារថៃ វាស់កម្ដៅមុនចូលរៀន។ រូបថត Xinhua
ដោយ:
ខណៈដែលអត្រាបង្កកំណើតធ្លាក់ចុះ ថៃកំពុងព្យាយាមលើកទឹកចិត្តប្រជាជនខ្លួនឱ្យមានកូនច្រើនតាមរយៈការបង្កើតមជ្ឈមណ្ឌលសម្រាប់សម្រាលកូន និងថែទាំកុមារ ព្រមទាំងប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ជ្រាបគោលនយោបាយទៅលើការសម្រេចចិត្តរបស់គ្រួសារថៃទៀតផង។

 
ថៃ បានចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តឱ្យប្រជាជនខ្លួនមានកូនច្រើន ខណៈអត្រាកំណើតបានធ្លាក់ចុះជិត១ភាគ៣​តាំងពីឆ្នាំ២០១៣ មក។ កាលពីឆ្នាំ២០២១ អត្រាកំណើតមានចំនួនតិចជាងអត្រាមរភាពស្លាប់ទៅទៀត ពោលគឺចំនួនអ្នកកើត៥៤៤ពាន់នាក់ធៀបទៅនឹងចំនួនអ្នកស្លាប់៥៦៣ពាន់នាក់។ 
 
«ទិន្នន័យនេះសបញ្ជាក់ពីវិបត្តិចំនួនប្រជាជន…ដែលផ្នត់គំនិតទាក់ទងនឹងការមានកូនបានផ្លាស់ប្តូរ»។ លោក Teera Sindecharak អ្នកជំនាញផ្នែកប្រជាសាស្រ្តនៅសាកលវិទ្យាល័យ Thammasat លើកឡើងបែបនេះនៅថ្ងៃទី៧ ខែមីនា។ 
 
ទាក់ទងរឿងនេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់លោក Suwannachai Wattanayingcharoenchai ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលថៃកំពុងព្យាយាមពន្យឺតអត្រាថយចុះរបស់អត្រាកំណើត និងកែប្រែនិន្នាការនេះដោយប្រាប់ប្រជាជនដែលត្រៀមខ្លួនរួចស្រេចឱ្យមានកូនបានលឿនជាងនេះ។ លោកអះអាងថា រដ្ឋាភិបាលថៃបានទទួលស្គាល់ពីភាពចាំបាច់ក្នុងការលូកដៃក្នុងរឿងនេះ  ហើយបញ្ចេញគោលនយោបាយដើម្បីឱ្យទារកទើបនឹងកើតទទួលបានការផ្គត់ផ្គង់ពេញលេញពីរដ្ឋ។ 
 
បើតាមសម្តីមន្រ្តីថៃ ផែនការនេះរួមមានការបើកមជ្ឈមណ្ឌលសម្រាប់សម្រាលកូនដែលបច្ចុប្បន្នមានចំនួនកំណត់នៅទីក្រុងបាងកក និងទីក្រុងធំៗផ្សេងទៀតនៅក្នុង៧៦ខេត្ត មជ្ឈមណ្ឌលថែទាំកុមារ ហើយព្រមទាំងប្រើប្រាស់អ្នកដែលមានឥទ្ធិពលលើបណ្តាញសង្គមឱ្យផ្សព្វផ្សាយសារទាំងនេះផងដែរ។
 
ជុំវិញបញ្ហានេះ បើតាមអ្នកជំនាញ វាពិបាកផ្លាស់ប្តូរស្ថានភាព ស្របពេលលក្ខខណ្ឌសង្គមបានផ្លាស់ប្តូរ ហើយផ្នត់គំនិត​ចំពោះការមានកូនបានប្រែប្រួលដោយសារការបារម្ភជុំវិញការកើនឡើងបំណុល និងថ្លៃរស់នៅ។ 
 
គួរបញ្ជាក់ថា ថៃជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍ដែលពឹងផ្អែកលើកម្លាំងពលកម្មថោក​ ហើយថៃក៏មិនមែនជាប្រទេសតែឯងក្នុងតំបន់ដែលប្រឈមនឹងអត្រាកំណើតនេះដែរ។ ម្យ៉ាងវិញទៀត ជាមួយអត្រាកំណើតតិចបែបនេះ ថៃត្រូវបង្ខំពឹងផ្អែកលើកម្មករចំណាកស្រុកដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ប្រទេស៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com