អន្តរជាតិ
អូស្ត្រាលីថា ចិនត្រូវតែចូលរួមប្រឆាំងនឹងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន តែចិនថា ជារឿងស្មុគស្មាញ
07, Mar 2022 , 6:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី៧ ខែមីនាបានទទូចឱ្យទីក្រុងប៉េកាំងត្រូវតែ​ធ្វើតាម​សេចក្តីប្រកាសរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាពពិភពលោក និងចូលរួមកិច្ចខិតខំដើម្បី​បញ្ឈប់​ការ​ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកក៏ព្រមានថា ពិភពលោកកំពុងប្រឈនឹង​ស្ថានភាព​គ្រោះថ្នាក់ដោយសាររបបផ្ដាច់ការ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិន ចាត់ទុកបញ្ហានេះជារឿងស្មុគស្មាញ​។

 
ខណៈដែលលោកខាងលិច ព្រមទាំងបណ្ដាប្រទេសអាស៊ីបានដាក់ទណ្ឌកម្មស្ទើរគ្រប់ច្រកលើរុស្ស៊ី ចិនឯណោះបានបដិសេធមិនហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា ការលុកលុយនោះ​ឡើយ ហើយព្រមទាំងបានស្នើឱ្យប្រទេសលោកខាងលិចគោរពកង្វល់សុវត្ថិភាពរបស់រុស្ស៊ីផងដែរ។ អូស្ត្រាលី ដែលមិនត្រូវគ្នាជាមួយចិន ចង់ឃើញចិនបង្កើនសកម្មភាពរបស់ខ្លួន។
 
អំឡុងការថ្លែងសុន្ទរកថាទៅកាន់ស្ថាប័ន Lowy Institute នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន លើក​ឡើងថា ចិនបានអះអាងជាយូរមកហើយពីតួនាទីជាមហាអំណាចមួយក្នុងពិភពលោក និងជាអ្នក​រួម​ចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក។ លោក បន្តថា គ្មាន​ប្រទេស​ណា​មួយ​នឹង​មាន​ឥទ្ធិពល​ដូចចិនក្នុងការ​បញ្ចប់​សង្គ្រាម​ដ៏​អាក្រក់​នៅ​អ៊ុយក្រែន​ឡើយ​។ 
  

 រដ្ឋមន្រ្តីការបរទេសការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមីនា។ រូបថត Xinhua

មេដឹកនាំរូបនេះក៏បានបន្តថា លោកស្រងាកចិត្តជាខ្លាំង​នៅពេលដែលចិនមិនបានថ្កោល ទោសរុស្ស៊ី​ហើយបែរជាស្ងាត់ឈឹងទៅវិញ។ សម្រាប់លោក ម៉ូរីសុន ការនៅស្ងៀមស្ងាត់បែបនេះបង្ហាញពីភាពជិតស្និទ្ធយ៉ាងខ្លាំងរវាងរស្ស៊ីនិងចិនដែលនឹងផ្ដល់ផលវិបាករយៈពេលវែង។ នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​រិះគន់​ការលុកលុយរបស់រុស្ស៊ីថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង និងជាឧទាហរ​ណ៍​ចុងក្រោយ​បង្អស់​នៃរបបផ្តាច់ការដែលស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នតាមរយៈការគំរាម និង​អំពើហិង្សា និងជា​ស្ថានភាពគ្រោះថ្នាក់សម្រាប់ពិភពលោក។
 
ទាក់ទងនឹងស្ថានការណ៍នៅអ៊ុយក្រែន​ លោក ម៉ូរីសុន ក៏បានព្យាករណ៍ថាការតស៊ូប្រឆាំងនឹង​កម្លាំង​រុស្ស៊ី​នឹងនៅតែកើនឡើងបន្ថែមទៀត ​ហើយអ្វីដែលប្រធានាធីបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន​ចង់បាន​នឹង​មិន​បាន​សម្រេចនោះឡើយ។ លោកក៏ បានរិះគន់ថា​លោក ពូទីន ប៉ាន់ស្មានខុស​ចំពោះ​សមត្ថភាព​នៃ​ស្ថាប័ន​អន្តរជាតិដែលនឹងអាចកាត់ទោសសង្រ្គាមខុសច្បាប់នេះ។
 
អំឡុងសន្និសីទព័ត៌មានប្រចាំឆ្នាំក្រៅកិច្ចប្រជុំសភារបស់ចិនវិញ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បញ្ជាក់​ថា ការដោះស្រាយបញ្ហានៅអ៊ុយក្រែនដែលស្មុគ្រស្មាញ ទាមទារភាពស្ងប់ស្ងាត់ សមហេតុផល និង​ការ​ចរចាដោយសន្តិភាព ហើយចិននឹងគាំទ្រការចរចារវាងភាគីពាក់ព័ន្ធ។ ប៉ុន្តែប្រមុខ​ការ​ទូត​រូបនេះ សង្កត់​ធ្ងន់ថា ទំនាក់ទំនងជិតស្និទ្ធរវាងចិននិងរុស្ស៊ី​នឹង​នៅ​តែ​បន្ត ​ព្រោះមិនត្រឹមតែផ្ដល់ផល​ប្រយោជន៍​ដល់​ប្រជាជនប្រទេសទាំងពីរ​ឡើយ តែក៏សម្រាប់ប្រជាជនពិភពលោកដែរ ហើយ​ចិ​ននឹងមិនឱ្យមាន​ការ​ជ្រៀតជ្រែកពីភាគីទីបីឡើយ៕
 

Tag:
 អូស្ត្រាលី
  ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com