អន្តរជាតិ
លោកស្រី Ngozi Okonjo-Iweala ជាអគ្គនាយកស្រីដំបូងរបស់អង្គការពាណិជ្ជ​កម្មពិភពលោក
08, Mar 2022 , 10:06 am        
រូបភាព
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala។ រូបថត Xinhua
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala។ រូបថត Xinhua
លោកស្រី Ngozi Okonjo-Iweala ជាអគ្គនាយិកាទី៧ របស់អង្គការពាណិជ្ជកម្មពិភព​លោក (WTO) ។ លោកស្រី គឺជាស្ត្រីទី១ និងជាជនជាតិស្បែកខ្មៅដំបូងដែលបាន​កាន់តំណែងជា​អគ្គនាយក​អង្គការ​អន្តរជាតិដ៏ធំមួយនេះ។​


លោកស្រី Ngozi Okonjo-Iweala បានឡើងកាន់តំណែងជាអគ្គនាយិកាអង្គការពាណិជ្ជកម្ម​ពិភពលោកនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២១។ លោកស្រីដើមកំណើតនីហ្សេរីយ៉ាក្លាយជាស្ត្រី​ទី១ ហើយ​ថែមទាំង​ជាជនជាតិស្បែកខ្មៅដំបូងដែលបានកាន់តំណែង​នេះ។ ប្រធានាធិបតីអាម៉េរិក ចូ ប៉ៃឌិន គាំទ្រលោក​ស្រី​យ៉ាងពេញទំហឹង។
 
លោកស្រី ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុសកល ជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនាញក្នុង​វិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ចអន្តរជាតិដែលមានបទពិសោធជាង៣០ឆ្នាំ ជាមួយការងារនៅ​តំបន់​អាស៊ី អាហ្វ្រិក អឺរ៉ុប អាម៉េរិកឡាទីន និងអាម៉េរិកខាងជើង។ លោកស្រីធ្លាប់ធ្វើជា​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​របស់នីហ្សេរីយ៉ា និង​ជា​អ្នកឯកទេសផ្នែកអភិវឌ្ឍសេដ្ឋកិច្ចនៅធនាគារ​ពិភពលោកទៀតផង។ 
 
មុនកាន់តំណែជាអគ្គនាយិកាអង្គការពាណិជ្ជ​កម្មពិភពលោក និងការងារទាក់ទង​វិស័យ​សេដ្ឋកិច្ច លោកស្រី Okonjo-Iweala ធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលរបស់​ក្រុមសម្ព័ន្ធ​វ៉ាក់សាំង GAVI នៅឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។ លោកស្រីត្រូវ​បានតែងតាំង​ជាប្រេសិត​ពិសេសរបស់សហភាពអាហ្រ្វិក (AU) ដើម្បីកៀរគរជំនួយ​ផ្នែកហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើ​តាម​ការចុះ​ផ្សាយលើទំព័រផ្លូវ​ការរបស់អង្គការពាណិជ្ជកម្មពិភពលោក។
 
មិនតែប៉ុណ្ណោះ លោកស្រី Ngozi Okonjo-Iweala គឺជាអ្នកចរចាដែលមានជំនាញ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុងការចុះកិច្ចព្រមព្រៀងជាច្រើន។ លោកស្រីត្រូវបានទទួលស្គាល់​ថាជា​មនុស្ស​ប៉ិន​ប្រសប់​ស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាព និងជាអ្នកសម្រប​សម្រួលដ៏ស្មោះត្រង់ រួសរាយ និង​មាន​ភាពជឿជាក់ ធ្វើឱ្យលោកស្រីទទួលបានទំនុកចិត្ត​ពីបណ្តារដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដទៃ​ទៀត​ជា​ច្រើន៕
 
 
 
 

Tag:
 ស្រ្តី
  WTO
  Ngozi Okonjo-Iweala
© រក្សាសិទ្ធិដោយ thmeythmey.com